ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​យោ​ធា​​ផ្តន្ទា​ទោស​​ឈឿន ចាន់​ថន ​ជាប់​​គុក​​​​26ឆ្នាំ​ និង​សង​ប្រាក់​ជាង​​​3លាន​ដុល្លារ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ តុលាការយោធា​នៅ​ព្រឹក​​ថ្ងៃ​ទី​២៤​ កុម្ភៈ​ ឆ្នាំ​២០១២​នេះ​ បាន​បើក​សវនាការ​កាត់ក្ដី​លើ​​សំណុំ​រឿង​ព្រហ្មទណ្ឌលោក​ឈឿ​ន ចាន់​ថន​អតីត​មេ​អង្គរក្ស​សម្តេច​ប្រធាន​ព្រឹ​ទ្ធ​សភា ដែល​មាន​លោក​ប៉ោក ប៉ន ​ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះ លោក​ស សា​រ៉េ​ត​ លោក​ផូ​រ ភិ​រម្យ​ ជា​សមាជិក​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោក​ម៉ក់​ សីហា​ តំណាងអយ្យការ​ និង​​​​​លោក​សេង ស៊ា​ន​ ក្រឡាបញ្ជី​កត់ត្រា​ ។

អង្គ​​​សវ​នាការ​​បាន​ប្រកាស​​សាល​ក្រម​​ផ្ដន្ទា​ទោស​ដាក់​ព​ន្ធនាគា​រចំនួន​២៦​ឆ្នាំ​និង​បង្គា​ប់​ឱ្យ​សង​ប្រាក់​ចំនួន​២​លានដុល្លា​រអា​មេ​រិ​ក​ដល់​លោក​ឧត្ដម​សេនីយ៍​យឹ​ម លាង​ ជា​​ដើមបណ្ដឹង​ និង​សង​ប្រាក់​៧៤៩.០៣៦ដុល្លា​រ ​ដល់​ដើម​បណ្ដឹងរដ្ឋប្ប​វេ​ណី​​​​ និង​បង្កា​ប់​ឱ្យ​សង​ប្រាក់​៨៩​៧.៧៥០ដុ​ល្លា​រ​​​​​អា​មេ​រិ​ក​ទៅ​ឱ្យ​លោក​ង៉ែត សា​រិ​ន​ ជាដើម​បណ្ដឹងរដ្ឋប្បវេណី​​តំណាង​ក្រសួងការ​ពារជាតិ​ និង​​បង់ប្រាក់​ពិ​ន័​យ១០​លានរៀល​ចូ​លជា​ថវិកា​រដ្ឋ ។

សាល​ក្រម​បាន​បញ្ជាក់​​ច្បាស់​ថា ​ក្នុង​ករណី​គ្មាន​ប្រាក់​សង​ទេនៅ​ពេល​សាល​ក្រម​ចូល​ជា​ស្ថាពរ​ហើយ​ តុលាកា​រស​ម្រេច​ដកហូត​ដី​ចំនួន​២​កន្លែង​ពី​លោក​ឈឿ​ន ចាន់​ថន​ ប្រគល់​ឱ្យ​ក្រសួងការពារជាតិ​វិញ​គឺ​ដី​អតីត​ឃាំ្ល​ប្រេងនៅ​កន្ទក់ ក្នុងស្រុក​អង្គស្នួល ខេត្ដកណ្ដាល​ និង​ដី​អតីត​​ទី​លាន​បាញ់​ស៊ី​ប​នៅ​កំ​បូល​ ។​ បន្ថែម​លើ​នេះ​តុលាការ​​បាន​ស​ម្រេច​រឹបអូស​ដី​បន្ទាយ​អង្គ​រក្ស​​នៅ​ក្រោយ​វ​ត្ដបទុម​វតី​ខណ្ឌដូនពេញ​ ប្រគល់​ទៅ​ឱ្យ​អង្គភាព​អង្គរក្ស​សម្ដេច​ជា ស៊ី​ម គ្រប់គ្រង​ជា​ទ្រព្យសម្បត្ដិ​រដ្ឋ​វិញ​ ។

ការ​ផ្ដន្ទាទោស​នេះ​ គឺ​​ផ្អែក​ទៅ​លើ​​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចោទប្រកាន់​លោក​ឈឿ​ន ចាន់​ថន​ ចំនួន​៥​ កាល​​ពី​ដែលតុលាការយោធា​លើកយក​មក​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​​២៤​ កុម្ភៈ ​​គឺ​១​-បទ​រំលោភ​សេច​គ្តី​​ទំនុកចិត្ដ​ ២-​បំ​ផ្លិចបំផ្លាញ​សម្ភារ​បម្រើ​ការ​ប្រ​យុ​ទ្ធ ៣-​ចែកចាយ​អាវុធ​ខុសច្បាប់​ ៤-​ខ្វះ​ស្មារតី​ទទួលខុសត្រូវ​​គ្រប់គ្រង​អា​វុធ​​ក្នុង​អង្គភាព​ និង​៥-​បំ​ផ្លិត​បំផ្លាញ​ដោយ​ចេតនា​និង គៃបំបាត់​ដោយ​ទុ​ច្ចរិត​ ។

កា​ប្រកាស​សាលក្រម​នេះ ​គេ​ពុំ​ឃើញ​មេធាវី​ដើមបណ្ដឹង​ចូលរួម​នោះទេ ដោយ​ឃើញ​តែ​មេធាវី​ចុងចោទ​ចូលរួម​ស្ដាប់ ហើយ​ក្រោយ​ពី​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​កូនក្ដី​ហើយ​​នោះ លោក​​មេធាវី​ចុងចោទ​បាន​និយាយ​ប្រាប់​អ្នក​កាសែត​​ថា​ ការ​ផ្ដន្ទាទោស​លោក​ឈឿ​ន ចាន់​ថន​នេះ​ គឺ​អយុត្ដិធម៌​ណាស់​ ។​ ចំណែកឯ​លោក​ឈឿ​ន ចាន់​ថន​ វិញ​បានឆ្លើយ​ប្រាប់​អ្នកកាសែត​ថា​លោក​​នឹង​ប្ដឹង​ទៅ​សាលា​ឧ​ទ្ធរណ៍ប​ន្ដ​ទៀត​ ។

គួរ​បញ្ជាក់​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦​ កុ​ម្ភៈ​ ឆ្នាំ​២០១២​ បាន​ផ្ដន្ទា​ទោស​​លោក​ឈឿ​ន ចាន់​ថន​ ដាក់​ព​ន្ធនាគា​រ​ចំនួន​​១៦​ឆ្នាំ​និង​បង់ប្រាក់​ចំនួន​៥​លាន់​រៀល ៕