ខេត្តព្រៃវែង ៖ លោកស្រីណៃ នួន ជាមេភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ និយាយថា បច្ចុប្បន្នក្នុងភូមិលោកស្រីគ្រប់គ្រងមានប្រជាពលរដ្ឋចំនួន៣៣៥គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋពេញកម្លាំងប្រមាណ៧០នាក់ ក្នុងនោះស្រី២០នាក់បាននាំគ្នាធ្វើចំណាកស្រុកតាមមេខ្យល់ទៅរកការងារធ្វើនៅប្រទេសថៃ ដោយសំអាងថា បានប្រាក់ខែខ្ពស់ គឺ១២.០០០បាត ស្មើនឹង១លាន២សែនរៀល ។
លោកស្រីមេភូមិបន្តថា ហេតុដែលនាំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើនដូច្នេះ ទី១-ដោយសារធ្វើរបរកសិកម្មដូចជា ដាំពោត សណ្តែក ស្រូវ ល្ង ។ល។ ពុំសូវទទួលបានផលល្អ ហើយការប្រកបរបរនេះពួកគាត់ពឹងផ្អែកទៅលើប្រាក់កម្ចីឥណទាននានា ឬពីឯកជនយកមកធ្វើ ព្រមទាំងពឹងផ្អែកលើធម្មជាតិ ។ បើស្រែពួកគាត់នៅក្បែរប្រភពទឹកត្រពាំង បឹង ឬ ទន្លេ អាចធ្វើសល់បានហូប តែបើពួកគាត់ធ្វើស្រែពឹងលើទឹកអណ្តូងដឹងតែពីខាតមិនបានសល់ស្រូវសម្រាប់ទុកហូបទេ គឺធ្វើហើយលក់សងថ្លៃពូជ ជី ថ្នាំ និងបង់ការប្រាក់គេអស់ ហើយមានអ្នកខ្លះជំពាក់គេច្រើនពេករត់ចោលស្រុកក៏មាន ។
លោកស្រីបញ្ជាក់ថា គ្រួសារខ្លះទៅទាំងប្តី-ប្រពន្ធ ខ្លះទៅតែប្តី ខ្លះឱ្យប្អូន ឬកូនទៅ ព្រោះនៅក្នុងស្រុកពុំដឹងជាទីពឹងទៅលើអ្វី បើធ្វើស្រែអត់ទឹក បុកអណ្តូងធ្វើស្រែត្រូវចំណាយប្រាក់
ច្រើនជាងការធ្វើស្រែដោយបូមទឹកត្រពាំង បឹង ឬទន្លេ ។ ការធ្វើស្រែ១កុងដោយបូមទឹកពីប្រភពធម្មជាតិចំណាយអស់ប្រេង១កាន តែបើបូមទឹកអណ្តូងធ្វើស្រែទំហំ១០អារ(១០គុណ១០០) អស់ប្រេង២កាន គឺខុសគ្នា៥០% ។ ចំពោះការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋគិតចាប់ពីខែមករា រហូតដល់ខែកុម្ភៈ ឆ្នាំ២០១២ មានចំនួនដល់ទៅ៧០នាក់ គឺមានការកើនឡើងជាងឆ្នាំមុនចំនួន៥០នាក់ ។ ទី២-ការកើនឡើងនៃការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋក្នុងភូមិឧត្តម ច្រើនជាងភូមិដទៃ ដោយសារនៅក្នុងភូមិមានមេខ្យល់ជាអ្នកនាំទៅ ។ លោកស្រីបានធ្វើរបាយការណ៍ជូនទៅលោកមេឃុំព្រែកក្របៅរួចហើយពីស្ថានភាពនេះ ។
លោកស្រីព្រុំ ណាន ជំទប់ទី១ និងលោកស្រីទ្រី សុប៊ុន ទទួលបន្ទុកកិច្ចការនារីឃុំព្រែកក្របៅឱ្យដឹងថា ក្នុងឃុំចំនួនប្រជាពលរដ្ឋមាន១.០៦៩គ្រួសារ ស្មើនឹង៥.៥៦០នាក់ ក្នុងនោះបានធ្វើចំណាកស្រុកទាំងមានច្បាប់ ទាំងអត់ច្បាប់ចំនួនសរុប១៣០នាក់ គិតចាប់ពីឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០១២នេះ ។ ឆ្នាំ២០១១ មាន៣០នាក់តែ ដល់ឆ្នាំ២០១២ ឡើងដល់១៣០នាក់ គឺ
កើនឡើងដល់ទៅ១០០នាក់លើសឆ្នាំ២០១១ ។ អ្នកខ្លះលួចទៅស្ងាត់ៗដោយពុំបានជម្រាប ឬសុំការអនុញ្ញាតពីអាជ្ញាធរភូមិ-ឃុំឡើយ ហើយខ្លះទៀតដាក់ពាក្យសុំនៅប៉ុស្តិ៍រដ្ឋបាលឃុំ ចូលបម្រើការងារជាពលករ ពលការិនី តាមរោងចក្រ សហគ្រាស នៅប្រទេសថៃ។
លោកស្រីទាំង២នាក់បានសំណូមពរ ដល់រាជរដ្ឋាភិបាលឱ្យជួយទប់ស្កាត់អំពីបញ្ហាចំណាកស្រុក កុំឱ្យមានការកើនឡើងគួរឱ្យព្រួយបារម្ភបែបនេះ ។ ដែលបញ្ហាចំណាកស្រុកមានផលលំបាកដល់សង្គមដែរ ដូចជាអ្នកខ្លះជាស្ត្រីមេម៉ាយទៅចោលកូនតូចៗឱ្យនៅផ្ទះពិតជាប្រឈមនឹងហានិភ័យខ្ពស់ណាស់ ៕
ចែករំលែកព័តមាននេះ