ស្រវឹងស្រាបើករថយន្តបុកស្លាកសញ្ញាចរាចរ និងបុករបាំងដែកវៀចអស់មួយផ្ទាំង
ដោយ ៖ ប្រុសកោះ
ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៥៣
កោះសន្តិភាព
ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដកូរ៉ូឡា ពណ៌ក្រហម មួយគ្រឿងបានបើកបុកស្លាកសញ្ញាចរាចរនៅពីមុខរបាំងដែកបណ្ដាលឱ្យបាក់ រួចជ្រុលទៅបុករបាំងដែកវៀចអស់មួយផ្ទាំងបណ្តាលឱ្យរថយន្ដខ្ទាតប្រហែល១៥ម៉ែត្រ ទៅមុខលែងរួចនៅចំណុចទល់មុខផ្សារស៊ិនជូរី តាមបណ្ដោយវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃទី២៣ កុម្ភៈ ។
អ្នកបើកបររថយន្ដដែលមិនប្រាប់អត្ដសញ្ញាគ្រាន់តែប្រាប់ថាស្នាក់នៅវត្ដស្លែងបានឱ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្ដកូរ៉ូឡា ពណ៌ក្រហម តាមបណ្ដោយវិថីសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ដតាក់ស៊ីមួយគ្រឿងបើកកៀរ ទើបធ្វើឱ្យជ្រុលចង្កូតទៅបុកស្លាកសញ្ញាចរាចរនៅពីមុខរបាំងដែកចែកផ្លូវ និងបន្តបុករបាំងដែកខូចខាតអស់មួយផ្ទាំងបែបនេះ ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា អ្នកបើកបររថយន្ដកូរ៉ូឡាពេលចុះពីលើរថយន្ដធុំក្លិនស្រានៅជាប់នឹងខ្លួន ហើយមុនពេលកើតហេតុមិនមានរថយន្ដបើកមកទេ គឺបើកជ្រុលចង្កូតទៅបុកស្លាកសញ្ញាចរាចរហើយជ្រុលទៅបុករបាំងដែកចែកផ្លូវវៀចអស់មួយផ្ទាំង។ រីឯរថយន្តខ្ទាតទៅមុខប្រមាណ១៥ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួច ដោយសារតែបាក់រ៉ូទីល និងបែកយ៉ាន់ខ្ទាតកៅស៊ូចេញក្រៅ ។
ក្រោយពេលកើតហេតុរថយន្ដបង្កត្រូវសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕