រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដែលកោះសន្តិភាពទទួលបានកាលពីថ្ងៃទី២៣ កុម្ភៈ ២០១២ ឲ្យដឹងថា នៅថ្ងៃចន្ទ ទី២៧ កុម្ភៈ ២០១២ វេលាម៉ោង១០ព្រឹកនៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងទីក្រុងភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល នឹងបើកយុទ្ធនាការសាធារណៈ ថ្នាក់ជាតិមួយ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីគ្រោះថ្នាក់នៃឱសថខូចគុណភាព និងឱសថក្លែងក្លាយ។
លោក Jeff Daigle ភារធារីស្ថានទូតសហរដ្ឋអាមេរិក និងលោកជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងបង្ហាញផ្ទាំងរូបភាពដែលត្រូវបានរៀបចំជាពិសេសបង្ហាញពីពាក្យស្លោកឈ្នះពីការប្រលងទូទាំងប្រទេសមួយ ដែលបានទាក់ទាញការចូលរួមរបស់មនុស្សជាង ២.០០០នាក់ បង្ការទប់ស្កាត់ការប្រើប្រាស់ឱសថខូចគុណភាព និងឱសថក្លែងក្លាយ។ ផ្ទាំងរូបភាពទាំងនោះនឹងត្រូវបានដាក់តាំងនៅតាមបណ្តាឱសថស្ថាននានានៅទូទាំងប្រទេសកម្ពុជា។
ស្ថាតទូតអាមេរិកបន្តថា អ្នកសារព័ត៌មាន ដែលមានបំណងចូលរួមនៅក្នុងពិធីនេះ ត្រូវចុះឈ្មោះជាមុនជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិកត្រឹមថ្ងៃព្រហស្បតិ៍ ទី២៣ កុម្ភៈ វេលាម៉ោង៤រសៀល តាមរយៈទូរស័ព្ទលេខ០២៣-៧២៨-២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov ។ អ្នកដែលបានចុះឈ្មោះហើយត្រូវមកដល់ស្ថានទូតឱ្យបាន៣០នាទី មុនការប្រារព្ធពិធី ដើម្បីឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខ ៕
ចែករំលែកព័តមាននេះ