ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីភោជនីយដ្ឋានជិះ​ម៉ូតូ​​បុក​បង្គោល​ភ្លើង​​នៅចិញ្ចើម​ផ្លូវ​រង​របួស​ធ្ងន់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​នៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​រង​របួសធ្ងន់ និង​ម៉ូតូ​ខូច​ខ្ទេច​ផ្នែក​ខាង​មុខ ​កាល​ពី​វេលា​ម៉ោង​​១២​និង​៥​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២៤ កុម្ភៈ ​២០១២ នៅ​លើ​កំណាត់​ផ្លូវ​​លេខ​៣៦៩ ហួស​ស្ពាន​​ព្រះ​ពន្លា​ប្រមាណ​១​គីឡូម៉ែត្រ ក្នុង​ក្រុម​ទី​២ ភូមិ​ជ្រោយ​បា​សាក់​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​មាន​ឈ្មោះ​ឧត្ដម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ងូវ សង្កាត់​និរោធ ខណ្ឌមាន​ជ័យ ត្រូវ​មិត្ដ​ភក្ដិ​​ដែល​ជិះពីក្រោយ​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ចេញពី​ជួបជុំ​មិត្ដភក្ដិ​​​នៅ​ភោជនីយ​ដ្ឋា​ន​មួយ​កន្លែង ហើយ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​​សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​បើក​តាម​ផ្លូវ​លេខ​៣៦៩ ពី​ជើង​ទៅ​ត្បូង ។ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ឃើញ​​មាន​ម៉ូតូ​មួយ​គ្រឿង​បើក​ពី​ខាង​មុខ​​ ហើយ​មិនដឹង​ជា​យ៉ាង​ម៉េច​ ស្រាប់តែ​ម៉ូតូ​ជន​រង​គ្រោះ​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​​ភ្លើង​នៅ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​បោកក្បាល​រង​របួសធ្ងន់​តែម្តង ។ ជន​រង​គ្រោះត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​​បង្អែក​មាន​ជ័យ ។

ក្រោយពេល​កើតហេតុ​ម៉ូតូជន​រង​គ្រោះ​ត្រូវ​បងប្អូន​យក​ទៅ​រក្សា​ទុកដោយ​ខ្លួន​ឯង ។ ​ទោះ​​បីជា​បែប​ណា ការ​បុក​នោះ​មិន​បាន​ធ្វើ​​ឱ្យ​ខូចខាត​បង្គោល​ភ្លើង​ទេ ៕