ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​មេ​បញ្ជា​ការ​​កង​អង្គ​រក្ស​​សម្តេច​​ជា​ ស៊ីម ត្រូវតុលា​ការ​​យោធា​​ផ្តន្ទា​ទោស​២៦​ឆ្នាំ ​សរុប​ទាំង​អស់​៣៦​ឆ្នាំ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ចៅក្រម​លោក​ប៉ោក ​ប៉ន ​ប្រធាន​ក្រុម​ជំនុំ​ជម្រះ​លើ​រឿង​ក្តី​​លោក​ឈឿន ​ចាន់ថន ​បាន​ប្រកាស​សាល​ក្រម​​​កាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១២ នៅ​សាល​សវនា​ការ​នៃ​តុលា​ការ​យោធា​​ថា អតីត​​ឧត្តម​សេនីយ៍​ឯក ​ឈឿន ចាន់ថន ​មេ​បញ្ជា​ការ​​កង​អង្គ​រក្ស​​សម្តេច​ប្រធាន​ព្រឹទ្ធ​សភា​​ ជា ស៊ីម ​ត្រូវបាន​ផ្តន្ទា​ទោស​​​ឱ្យ​​ជាប់ពន្ធនាគារ​​២៦​ឆ្នាំ ​សង​ប្រាក់​ទៅ​លោក​ឧត្តម​សេនីយ៍​ យឹម ​លាង ដើម​បណ្តឹង​​តំណាង​សម្តេច​ជា ស៊ីម ​២​លាន​​ដុល្លារ​ និង​សង​ប្រាក់​​ទៅ​លោក​មាស ​គឹម​ហេង ៧៤​ម៉ឺន​ដុល្លារ ។

គួររំលឹក​ថា តុលា​ការ​យោធា​ដែល​​មាន​ទី​តាំង​​​ភូមិ​ដំណាក់​ សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​នៅ​ព្រឹក​ថ្ងៃទី​១៥ កុម្ភៈ ​២០១២ ​បាន​បើក​​សវនា​ការ​ជម្រះក្តី​​លោក​ឈឿន ចាន់​ថន ​អតីត​មេ​បញ្ជា​​ការ​កង​​អង្គ​រក្សសម្តេចជា ស៊ីម ​​ប្រធាន​ព្រឹទ្ធ​សភា​ដែល​មាន​​លោក​ប៉ោក ប៉ន ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ​ ​លោក​ ស សារ៉េត ​លោក​ផូរ ភិរម្យ ​ជា​សមា​​ជិក​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​, លោក​ម៉ក់ សីហា តំណាង​អយ្យ​ការ និង​​ក្រឡា​បញ្ជី​កត់​ត្រា គឺ​លោក​​សេង ស៊ាន ។

សវនា​ការ​ជំនុំ​ជម្រះ​​អតីត​​ឧត្តម​សេនីយ៍​ឯក ឈឿន ចាន់ថន ​បាន​ចាប់​ផ្តើម​​តាំងពីព្រឹក​​រហូត​ក​ដល់​រសៀល​​ប្រកប​ដោយ​ភាព​ក្តៅគគុក​ស​ក្នុង​ការ​​សួរ​ដេញ​ដោល​​ទៅ​វិញទៅ​មក រវាង​មេធាវី​​ដើម​ចោទ​​ និង​ចុង​​ចោទ និង​តំណាង​អយ្យ​ការ​​ រួមទាំង​​ប្រធាន​ក្រុម​ប្រឹក្សា​​​ជំនុំជម្រះ​​ផង ​ហើយ​បាន​បញ្ចប់​​ទៅ​នៅ​វេលា​​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល ​ប៉ុន្តែ​​មិន​ទាន់​ដឹង​លទ្ធ​ផល​​យ៉ាងណា​នៅឡើយ​ទេ ព្រោះ​​លោក​ប៉ោក ប៉ន ប្រធាន​ក្រុម​ជំនុំ​ជម្រះ​​បាន​​លើក​ពេល​​ប្រកាស​​សាល​ក្រម​នេះ​ទៅ​ប្រកាស​នៅ​ថ្ងៃទី​២៤ កុម្ភៈ ២០១២ ​វេលា​ម៉ោង​​៨​និង​៣០​នាទី​ព្រឹកវិញ ឥឡូវ​​ដល់​ពេល​ប្រកាស​តាម​កំណត់​ហើយ​ ។

សំណុំរឿង​​​របស់​អតីត​ផ្កាយ​​៣ ឈឿន ចាន់​ថន ​ត្រូវ​តុលាការ​​យោធា​​លើក​​យក​​មក​​បើក​សវនា​​ការ​ជម្រះ​​នា​ពេល​​នេះ​ គឺពាក់​ព័ន្ធ​លក់​ទ្រព្យ​សម្បត្តិ​រដ្ឋ ដូច​ជា​លក់​រថយន្ត​ដំរី​ទឹក​ចំន​ួន​៤​គ្រឿង រថយន្ត T100 មួយ​គ្រឿង ​ស៊ី​ដាច់​លុយ​ជាង​៧០​មឺុន​ដុល្លា​រ​រប​ស់​រដ្ឋ មិន​យក​ទៅ​សាង​សង់​បន្ទាយ​អង្គ​រក្ស​​នៅ​សង្កាត់​ព្រែក​ឯង​ និង​​ដី​សារមន្ទីរ​​ប្រវត្តិ​សាស្ត្រ​នៅ​ខេត្តព្រៃ​វែង រួម​ទាំង​​ករណី​ចែកចាយ​​អាវុធ​ខុស​ច្បាប់ ។ សរុប​សេចក្តី​​មក​តុលា​ការ​យោធា​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​​លោក​ឈឿន ​ចាន់ថន ចំនួន​៥​ករណី គឺ​១-​រំលោភ​​ទំនុក​ចិត្ត ២-បំផ្លិច​បំផ្លាញ​​សម្ភារ​​បម្រើ​ការ​​ប្រយុទ្ធ ៣-​ចែកចាយ​​អាវុធ​ខុស​ច្បាប់ ៤-ខ្វះ​ស្មារតី​ទទួល​ខុសត្រូវ​លើ​អាវុធ​​គ្រប់​គ្រង​ក្នុង​អង្គ​ភាព និង​៥-បំផ្លិច​​បំផ្លាញ​​ដោយ​ចេតនា​​គៃបំបាត់​​ដោយ​ទុច្ចរិត ។

សូម​បញ្ជាក់​​ផង​ដែរថា អតីត​ឧត្តម​សេនីយ៍​​ឯក ​ឈឿន ចាន់ថន ​មេ​បញ្ជា​ការ​​កង​អង្គ​រក្ស​សម្តេចជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា​​ដែល​អាប់​យស​​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ប្រកាស​សាល​ក្រម​​នៅព្រឹក​ថ្ងៃទី​១៦ កុម្ភៈ ​២០១២ កន្លង​ទៅ​នេះ ​បន្ទាប់​ពី​មជ្ឈ​ដ្ឋាន​​ទូទៅ​រង​់​ចាំ​​ស្តាប់​ការ​សម្រេច​​​ទោស​កំហុស​របស់​គាត់​​​ប្រហែល​៦​ខែ​​មក​ហើយ គឺកំណត់​​ឱ្យជាប់ពន្ធនាគារ​​១០ឆ្នាំ ​និង​តម្រូវ​ឱ្យ​​បង់​ប្រាក់​៥​លាន​រៀល បូក​នឹង​ការ​ផ្ត​ន្ទ​ា​ទោស​​របស់​តុលា​ការ​​យោធា គឺ​លោក​ឈឿន ​ចាន់ថន ​ត្រូវជាប់ពន្ធនាគារ​៣៦ឆ្នាំ ៕