រាជធានីភ្នំពេញ ៖ អ្នកបើករ៉ឺម៉កម៉ូតូបញ្ច្រាសផ្លូវ ហើយឆ្លងផ្លូវនៅខាងមុខត្រូវម៉ូតូសង់កូរ៉េបើកមកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូចំជើងឆ្វេងរបស់គាត់រងរបួសដាច់ហូរឈាម ហើយត្រូវគេទាមទារឱ្យសងការខូចខាត១៥ដុល្លារអាមេរិកទៀត។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៣ កុម្ភៈ តាមបណ្តោយវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
អ្នកបើករ៉ឺម៉កម៉ូតូឈ្មោះញឹម វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឱ្យដឹងថា មូលហេតុដែលគាត់បើកផ្លូវបញ្ច្រាសនេះដោយសារតែប្រញាប់ទៅមើលកូនឈឺនៅមន្ទីរពេទ្យ។ ទោះបីជាម៉ូតូសង់កូរ៉េជិះមកបុកគាត់ឱ្យរងរបួសក៏ដោយគាត់នៅតែសុំទោសដោយសារថា គាត់ជាអ្នកខុសបើកផ្លូវបញ្ច្រាស ។ ចំណែកអ្នកបើកម៉ូតូសង់កូរ៉េ ពណ៌ក្រហម តាមបណ្តោយវិថីម៉ៅសេទុង ពីលិចទៅកើតជិះឌុបនារីម្នាក់មកពីទិញបន្លែនៅផ្សារដើមគបានឱ្យដឹងថា រ៉ឺម៉កម៉ូតូបើកពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយបើកសសៀរនិងរបាំងពុះចែកផ្លូវទៀត ទើបគាត់ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកតែម្ដង ។
ក្រោយពេលបុកគ្នាអ្នកបើកម៉ូតូសង់កូរ៉េបានទាមទារទៅម្ចាស់រ៉ឺម៉កម៉ូតូចំនួន១៥ដុល្លារ ប៉ុន្ដែម្ចាស់រ៉ឺម៉កអត់មានលុយទេ ព្រោះយកទៅព្យាបាលកូនអស់ហើយ ។ ទោះបីជាប្រាប់ថា អត់មានលុយក៏ម្ចាស់ម៉ូតូសង់កូរ៉េមិនព្រមដែរ នៅតែទទូចឱ្យសងដោយសារម៉ូតូនេះជារបស់ថៅកែគាត់គ្មានលុយជួសជុលសងទេ ទើបម្ចាស់រ៉ឺម៉កម៉ូតូសុខចិត្ដសងប្រាក់ចំនួន១៥ដុល្លារ ប៉ុន្ដែរង់ចាំថ្ងៃស្អែកទើបសងសុំជំពាក់សិន៕


ចែករំលែកព័តមាននេះ