រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងវត្ដសារាវន្ដដោយលេបត្របាក់អស់ទាំងស្រុងនូវកុដិព្រះសង្ឃចំនួន៤ ក្នុងនោះឈើលើថ្មក្រោមចំនួន៣កុដិ និងកុដិធ្វើពីថ្ម១ ព្រមទាំងឆ្លងរាលដាលទៅឆេះតូបយាយជីអស់២តូបទៀត ។ អគ្គិភ័យឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កុម្ភៈ ២០១២ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា អគ្គិភ័យនេះផ្ដើមចេញមុនគេពីកុដិលេខ២៦ ធ្វើពីឈើលើថ្មក្រោមមានព្រះសង្ឃគង់នៅក្នុងកុដិចំនួន៨អង្គ រួចបានបន្ដឆ្លងរាលដាលទៅកុដិលេខ១៦ ធ្វើពីឈើលើថ្មក្រោមមានព្រះសង្ឃ២អង្គ ហើយរាលដាលបន្ដទៅកុដិលេខ១១ ធ្វើពីឈើលើថ្មក្រោមមានព្រះសង្ឃ៦អង្គ និងកុដិលេខ៩ធ្វើពីថ្ម មានព្រះសង្ឃ២អង្គ និងបន្ដរាលដាលទៅឆេះតូបយាយជីអស់២តូបទៀត ។
ព្រះសង្ឃព្រះនាម ហួត សំណាង ជន្មាយុ២៧វស្សា គង់នៅកុដិលេខ២៦ បានឱ្យដឹងថា នៅក្នុងកុដិ៤នេះមានព្រះសង្ឃគង់នៅទាំងអស់១៨អង្គ ។ ដោយឡែកនៅថ្ងៃកើតហេតុ កុដិលេខ២៦ មានព្រះសង្ឃគង់នៅតែ៤អង្គទេ ដោយព្រះសង្ឃ៤អង្គទៀតបាននិមន្ដទៅបញ្ចុះសីមានៅវត្តសៀមរាបកន្ទួត ។ មុនពេលកើតហេតុព្រះអង្គកំពុងតែសឹងនៅក្នុងកុដិ ស្រាប់តែឮសំឡេងស្រែកថា ភ្លើងឆេះក៏ស្ទុះរត់ចេញទៅក្រៅឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅអស់ទៅហើយ។ ប្រភពបន្ដទៀតថា ព្រះសង្ឃទាំង១៤អង្គដែលចេញមកក្រៅតូបសុទ្ធតែមិនបានយករបស់របរអ្វីចេញមកទេ គឺមានតែសំពត់ងូតជាប់នឹងខ្លួនតែប៉ុណ្ណោះ ។ ចំណែករបស់របរនៅក្នុងកុដិត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ សូម្បីតែស្បង់ជីវរក៏អត់មានស្លៀកដែរ ។
ទាក់ទិននឹងការឆេះនេះមិនទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីបានជាមានអគ្គិភ័យឆាបឆេះបែបនេះនៅឡើយទេ ។ អាជ្ញាធរមូលដ្ឋានកំពុងបន្ដស្រាវជ្រាវបន្ថែមទៀត ហើយការឆាបឆេះនេះបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់១០គ្រឿងស្មើនឹង១០ឡាន ទើបរលត់អស់ជាស្ថាពរ។
គួបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៤ កុម្ភៈ ២០១២ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះអស់៨ខ្នងនៅផ្លូវលេខ៧៥ ស្ថិតក្នុងភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ បុ៉ន្តែមិនមានមនុស្សស្លាប់ ឬរងរបួសនោះទេ ៕








ចែករំលែកព័តមាននេះ