ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តមួយគ្រឿងបើកវ៉ារថយន្តមួយគ្រឿងទៀត ហើយជ្រុលទៅបុកម៉ូតូដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២២ កុម្ភៈ ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៨-៥៩ ក្នុងភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច ។
មន្ត្រីនគរបាលចរាចរបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសេង ប៊ុនឌឿន អាយុ២៧ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជាអ្នកបើកម៉ូតូ ។ ឯអ្នករបួសធ្ងន់ជិះពីក្រោយឈ្មោះភិន ចន្ថា អាយុ២៧ឆ្នាំ អ្នកទាំង២រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក KIA ពណ៌ស បើកបរពីផ្សារកំពង់ស្ពឺ ទៅត្រពាំងក្រឡឹង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបើកវ៉ារថយន្តមួយគ្រឿ់ងទៀត ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង ។
ក្រោយកើតហេតុអ្នកបើកបរបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោល ។ រីឯរថយន្តបង្កត្រូវបាននគរបាលស្រុកភ្នំស្រួច នាំយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ