ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន​ជនដៃ​ដល់​ម្នាក់​ជា​កូន​​មេ​ភូមិ​បាញ់​ប្រហារ​នៅ​ម្តុំ​ផ្សារ​៧មករា និង​បក្ស​ពួក​​២​នាក់​ ក្រោយ​២​ម៉ោង​​នៃ​ការ​បង្ហូរ​ឈាម​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​ដៃ​ដល់​បាញ់​ប្រហារ​​ទៅលើ​យុវជ​ន​ម្នាក់​ បណ្តាល​​ឱ្យ​ដេក​ដួល​នៅ​ខាង​ត្បូង​ក្បែរ​ផ្សារ​៧​មករា ​ប្រហែល​២​ម៉ោង​មុន​នេះ ​​និង​​បក្ស​ពួក​​២​នាក់​ទៀត ត្រូវ​បាន​​ប៉ូលិស​​​ចាប់​ខ្លួន​ បន្ទាប់​ពី​កើត​ជម្លោះ​​បង្ហូរ​ឈាម​បើក​ម៉ូតូ​​ដេញ​កាប់​ចាក់​ និង​បាញ់​​គ្នា​ផ្អើល​​ម្តុំ​ផ្សារ​៧មករា ​ដែល​​មើ​ល​ទៅ​គួរ​ឱ្យ​​រន្ធត់​​នោះ​ ។

មុន​ដំបូង​​ប៉ូលិស​​រក​ឃើញ​សាក្សី​​២​នាក់ ជា​ក្រុម​យុវជន​​ផ្សេង​ទៀត​ មិន​ស្ថិត​នៅ​ក្នុង​ក្រុម​ជន​​ដៃ​​ដល់​នោះ​ទេ ​ប៉ុន្តែ​ពួកគេ​​ស្គាល់​​ក្រុម​ជន​ដៃ​ដល់​ត្រូវ​បាន​​នាំ​យក​​មក​​សាក​សួរ​នៅ​អធិ​ការ​​ដ្ឋាន​ខណ្ឌ​ទួល​គោក ហើយ​បន្ទាប់​​ពី​​សាក​សួរ​​បាន​បន្តិច​ ​ប៉ូលិស​​បាន​​នាំ​ចេញ​​ទៅ​ក្រៅ​​​វិញ ដើម្បី​ឱ្យ​ទៅ​បង្ហាញ​មុខ​ និង​ទីកន្លែង​​ជនដៃ​ដល់​ពិតប្រាកដ ។ ទីបំផុត​​​សាក្សី​​២​នាក់​នេះ ​បំភ្លឺ​រឿង​រ៉ាវ​​ក្រុម​ជន​ដៃ​ដល់​បាន​​ច្បាស់​លាស់​ និង​នាំ​ប៉ូលិស​​ទៅ​ដល់​កន្លែង​​ដែល​ជន​ដៃ​ដល់​លាក់​ខ្លួន ​រួច​ហើយចាប់​បាន​​ជន​ដៃ​ដល់​ពិតប្រាកដ​​ម្នាក់​​កាល​ពីវេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃដដែល​​នៅភូមិ​ទួល​គោក ​សង្កាត់​​​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ​ហើយ​ប៉ុន្មាន​នាទី​​ក្រោយ​​​មក​ទៀត សមត្ថ​កិច្ច​ឈាន​ទៅ​​ចាប់​បាន​​បក្ស​ពួក​​២​នាក់​ទៀត ពោល​គឺ​​​ជន​ដៃ​ដល់​ម្នាក់​ និង​បក្ស​ពួក​២​នាក់​ សរុប​ទាំងា​អស់​៣​នាក់ និង​នៅ​សល់​​បក្សពួក​ជា​​ច្រើន​​នាក់​ទៀត​ប៉ូលិស​​កំពុង​​តាម​ប្រមាញ់ ។

ជនដៃ​ដល់​ឈ្មោះ​​ប្រាក់ សុភា​វិនិត អាយុ​ប្រមាណ​២០​ឆ្នាំ ​ជា​​កូន​ប្រុស​​របស់​លោក​​​មេភូមិ​​ទួល​គោក ត្រូវ​ចាប់​ខ្លួន​ក្នុង​ផ្ទះតែម្តង ​ចំណែក​២​នាក់​ទៀត​មិន​ស្គាល់​​ឈ្មោះ​នៅឡើយទេ ប៉ុន្តែ​​​ប៉ូលិស​កំពុង​​សាក​សួរ​ពួកគេ​​អំពី​មូល​ហេតុ​​ផ្សេង​ៗ​នៃការ​បាញ់​ប្រហារ​នេះ ។ កាំភ្លើង​​ដែល​ជន​ដៃ ដល់​​ប្រើ​ប្រាស់​ខុស​ច្បាប់​​ម៉ាក​ប្រាហា ត្រូវ​​បាន​ប៉ូលិស​​ដក​ហូត…។

គួរ​រំលឹក​ថា ក្មេង​ទំនើង​២ក្រុម​បានដេញ​​​កាប់​ចាក់ ​និង​បាញ់​​គ្នា បណ្តាល​​​​ឱ្យរង​របួស​​ដេក​ដួល​ម្នាក់​​​តាមផ្លូវ​​មហា​សេនា​ប្រមុខ​គឹម អ៊ីលស៊ុង ​​បង្ក​ឱ្យមានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​កាលពីវេលា​ម៉ោង​​​​៣​រសៀលថ្ងៃទី​​​​២៣ កុម្ភៈ ​២០១២ ​នៅ​ខាង​ត្បូង​​​ក្បែរ​​ផ្សារ​​​​៧​មករា ​ស្ថិតក្នុង​សង្កាត់​បឹង​កក់​​​​២ ខណ្ឌទួលគោក ។ តាម​សាក្សី​​​នៅ​កន្លែង​កើត​ហេតុ​​ ​បាន​ឱ្យដឹង​ថា ​ក្រុម​ជនដៃ​ដល់​មាន​​​គ្នា​ប្រមាណ​​១០នាក់ ដេញ​​កាប់​ចាក់ទៅ​លើ​ក្រុម​​​បដិបក្ស​ដែលមានគ្នា​​២នាក់ ​​លុះ​មក​ដល់​​​​ខាង​ត្បូង​ក្បែរ​ផ្សារ​​​​៧​មករា ​លើ​កំណាត់​ផ្ឡូវ​មហា​សេនា​ប្រមុខ​គឹម អ៊ី​លស៊ុង ស្រាប់តែ​​ជន​ដៃ​ដល់​​​ម្នាក​់​បាន​​​ស្ទាក់​ពីមុខ​​រួច​ហើយ​​​ដក​កាំភ្លើង​​​​​ខ្លី​បាញ់​​១គ្រាប់ត្រូវ​ចំក្រោម​ដោះ​​​​ខាង​ឆ្វេង​​​ធ្លាយ​ទៅ​​ក្លៀក​​ខាង​ឆ្វេង​​​រងរបួស​ធ្ងន់ធ្ងរ​។ ​យុវជន​រង​គ្រោះឈ្មោះ​​​ហេង សុជាតិ​​ អាយុ​​​២០ឆ្នាំ ​​មុខ​របរ​ជាង​​ម៉ាស៊ីនត្រជាក់ ​​ត្រូវ​បាន​​​គេ​បញ្ជូនទៅ​​សង្គ្រោះ​​​​នៅគ្លីនិក​​​ឯកជន និង​​បន្ទាប់​មក​​​បញ្ជូន​​​បន្ត​ទៅ​​​មន្ទីរពេទ្យ​​កាល់ម៉ែត​… គេ​មិនទាន់ដឹង​ថា ​នេះជា​​​ជម្លោះ​រឿង​​អ្វីនោះទេ​។​ ព័ត៌មាន​លម្អិត​នឹង​ផ្សាយជូននៅពេលក្រោយ ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព និង​នៅ​តាម​វិទ្យុ​សំឡេង​កោះ​សន្តិភាព​ 87.75 ភ្នំពេញ, 87.5 បាត់ដំបង ៕