ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រ​កាត់ដេរ​នៅខេត្តកំពង់ចាម​ឈានដល់​បាតុកម្ម​ហិង្សា​ និង​ក្រោយ​មក​មាន​ដំណោះស្រាយ​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ សំណង់អគាររដ្ឋបាល​ជា​ច្រើនរបស់រោងចក្រមេនហាតធេន  ដែលមាន​ទី​តាំងស្ថិតនៅភូមិអំពិលលើ  ឃុំអំពិល ស្រុក​កំពង់​សៀម វិះនឹងក្លាយទៅជាចំណីភ្លើង​ទៅហើយតែ​សំណាងល្អត្រូវបានរថយន្តពន្លត់អគ្គិភ័យ របស់​ស្នងការដ្ឋាននគរបាលខេត្តចំនួន៣​គ្រឿង​ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា​ ។​ ហេតុការណ៍នេះកើតឡើង នៅព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ  ​ដោយសារតែកម្មករផ្ទុះ​កំហឹង​ពីកូដ​កម្ម​ក្លាយ​ទៅជាបាតុកម្មបែបហិង្សា​ដោយ​យក​ដប​សាំង​គប់​ចូល​ក្នុងបរិវេណរោងចក្រ​ និង​យក​ដុំថ្ម​គប់​បំបែកកញ្ចក់ទ្វារបង្អួចនៅច្រកយាម​ខាង​មុខ​ ​វាយសម្ភារ​​ខូចខាតអស់មួយចំនួន ។ ​មិន​​តែ​ប៉ុណ្ណោះ​ក្រុម​បាតុករ​បាន​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​៧ ​មុខរោងចក្រ ធ្វើឲ្យកកស្ទះចរាចរណ៍​ប្រហែល​កន្លះ​ម៉ោង​ ព្រោះតែខឹង​ថៅកែមិនព្រម​ដោះ​ស្រាយ​​នូវលក្ខខណ្ឌទាំង​១២​ចំណុចដែល​ពួក​​គេ​បានទាមទារកន្លងមក​ ។ នេះ​ជា​អំ​ពើ​ហិង្សា​​​ដែល​ផ្ទុះ​ចេញ​ពី​​បាតុ​កម្ម​នៅ​រោង​ចក្រ​កាត់​ដេរ​ នៅ​ខេត្ត​កំពង់​ចាម​ ។

លោកវរសេនីយ៍ត្រី  ប៉ាក​ ជាតិ អធិការនគរ​បាល​ស្រុកកំពង់សៀម​ មានប្រសាសន៍​ថា​​ រូប​លោកបានដឹកនាំកំលាំងក្រោមឪវាទតាមបញ្ជា​របស់លោក​ឧត្តមសេនីយ៍ត្រី ឆាយ​ គឹមសុន ស្នង​ការនគរបាលខេត្ត​ដោយបានចុះមកការពារ​នៅ​មុខ​រោងចក្រមេនហាតធេនកាត់ដេរសម្លៀក​បំពាក់ ​តាំងតែពីព្រឹកថ្ងៃទី២០ កុម្ភៈ បន្តរហូត​មក​ដល់ថ្ងៃទី​២៣​ កុម្ភៈ ចំពេលដែលកូដកម្ម​កម្មករបាន​​ផ្ទុះជា​បាតុ​កម្ម​​ហិង្សា ។

លោកវរសេនីយ៍ត្រី​ ប៉ាក​ ជាតិ អធិការនគរ​បាល​ស្រុកកំពង់សៀម ​ប្រាប់បន្តថា​ កម្មករដែល​បានចូលរួមធ្វើកូដកម្មនៅថ្ងៃទី៤នេះ មានគ្នា​ប្រមាណពី​១.២០០ទៅ​១.៣០០នាក់ ក្រោយ​ពី​​មិន​មានដំណោះស្រាយនោះ ក្រុម​កម្មករបាន​យក​កង់រថយន្តមកដុតនៅលើផ្លូវ​ថ្នល់​មុខ​រោង​ចក្រ ។ បន្ទាប់មកបាននាំគ្នាដើរទៅដាក់កម្លាំង​ពង្រាយបិទផ្លូវជាតិលេខ៧  ដោយបានយកដុំថ្ម​តូចធំប្រមៀលដាក់កណ្តាលថ្នល់​ដើម្បីកុំឲ្យ​ការ​​ធ្វើ​ដំណើរតាមកង់-ម៉ូតូ និងរថយន្តតូច-ធំបើក​ឆ្លង​កាត់ទៅវិញទៅមក ជាហេតុបណ្តាលឲ្យកកស្ទះ​ចរាចរណ៍ប្រហែល​កន្លះម៉ោង ​ហើយ​ត្រូវ​បាន​កម្ម​ករ កម្មការិនី នាំគ្នាមកខាងមុខរោងចក្រវិញ​ ។

ដោយមានមេក្រូស្រែកបំពងសំឡេងទាមទារ​រក​យុត្តិធម៌នូវលក្ខខណ្ឌ​ចំនួន​១២​ចំណុច​ ទោះបី​ជា​​កម្លាំងនគរបាល និងអាវុធហត្ថបានដាក់​កម្លាំង​ការពារ​នៅច្រកចូលរោងចក្រយ៉ាងណាក្តី ក៏មិន​អាចរារាំងដល់ក្រុមបាតុករបានដែរ​ ដោយបា​ន​នាំគ្នាយកដុំថ្មគប់បំបែកកញ្ចក់បង្អួច និងទ្វារនៅ​ច្រកចូលខាងមុខ​ ព្រមទាំងបានសម្រុក​រុញ​​ច្រាន​ទ្វារដែកសំណាញ់រហូត​ដល់របើករត់ប្រសេច​ប្រសាចចូលទៅគប់ និងវាយកម្ទេចកន្លែង​បន្ទប់​ដេក​របស់បុគ្គលិករោងចក្រចិន​ដែលស្នាក់​នៅ ។

ស្របពេលនោះ ស្រាប់តែ​មានកម្មករ​បាន​លួចគប់ដបសាំងចូល​ក្នុងបរិវេណរោងចក្រ នៅ​ផ្នែកខាងក្រោយជាហេតុបណ្តាលឲ្យឆេះស្មៅ រាលដាលកាន់តែខ្លាំងឡើងៗ​ ស្ទើរតែដល់​កន្លែង​ស្តុកប្រេង តែសំណាងល្អត្រូវបានរថយន្តពន្លត់​អគ្គិ​ភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន​៣គ្រឿង​ ចេញមកអន្តរាគមន៍បាញ់ទឹក​ពន្លត់​ទប់​ស្កាត់​ទាន់ពេលវេលា​ បើពុំនោះទេសំណង់​អគារ​រដ្ឋ​បាលជា​ច្រើននឹងក្លាយទៅជាចំណីភ្លើងជាក់​ជា​មិន​ខាន​ឡើយ ។

លោក​ចន ធាង ប្រធានសហជីពសេរីកម្មករ ប្រចាំរោងចក្រមេនហាតធេនប្រាប់ថា​ ស្រប​ពេល​ដែលរូបលោកបានដឹកនាំកម្មករ កម្មការិនី ធ្វើ​កូដ​កម្ម នៅព្រឹកថ្ងៃទី២៣ កុម្ភៈ ដែលជាថ្ងៃ​ទី​៤ រូបលោកបានចូលទៅដោះស្រាយនៅក្នុង​រោង​ចក្រ ដោយមានតំណាងក្រសួងការងារ ​អគ្គ​នា​យក​រងរោងចក្រ​ឈ្មោះ ចន  លីម និងមន្ត្រីរដ្ឋ​បាល២នាក់  ។ ការទាមទារនូវចំណុចទាំង១២​នោះ ត្រូវបានភាគីខាងម្ចាស់រោងចក្រលើកហេតុ​ផលថា បើក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញសេចក្តី​ប្រកាសមួយថ្មីមកនោះនឹងអនុវត្ត​ តែរឿងចាស់​ត្រូវទុកមួយឡែកសិន ។​ ដោយសារតែមិន​ឃើញ​មាន​ដំណោះស្រាយប្រកបដោយផ្លែផ្កានោះ​ទើប​កម្មករ កម្មការិនី  បាននាំគ្នាបញ្ចេញកំហឹង​ ។ ក្រោយពីមានហេតុការណ៍នេះគេ​ឃើញ​ លោក​ជា មុនី​ ប្រធានសហ​ជីព​មកដោះស្រាយជា​មួយ​នឹងថៅកែរោង​ចក្រ នៅរសៀលថ្ងៃ​​ទី​២៣​កុម្ភៈ ។

លោក​នាង​ សាវ៉ាត​ ប្រធានសមាគមសិទ្ធិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​កំពង់ចាម ដែលបាន​ចុះ​មកដល់រោងចក្រ​មេនហាត​ធេន មាន​ប្រសាសន៍ឲ្យដឹងថា មូលហេតុដែលឈាន រហូតដល់កម្មករកម្មការិនី ប្រើនូវអំពើហិង្សា យកដុំថ្មគប់បំបែកកញ្ចក់នោះដោយសារតែ​មិនមានដំណោះស្រាយពីសំណាក់ថៅកែរោង​ចក្រ ។

សូមបញ្ជាក់ថា​ ក្រោយពីមានហេតុ​ការណ៍​វាយកម្ទេច ​គប់បំបែកកញ្ចក់ និងវាយកម្ទេច​នូវ​សម្ភារមួយចំនួននោះកម្មករបានសម្រុកចូល​ទៅ​ក្នុងបរិវេណរោងចក្រ​​ វាយកម្ទេច​ជា​លើកទី​២​ ​តែបន្តិចមកត្រូវបាន​កម្លាំង​នគរ​បាល​ចេញមក​អន្ត​រាគមន៍ទប់ស្កាត់ ដោយនៅក្នុង​ដៃ​មាន​ប្រដាប់​​ឆក់ចុចលាន់ឮប្រុបៗ​មិនឲ្យ​កម្មករ​​វាយ​បំផ្លាញរបស់របរក្នុងរោងចក្របន្ត​កាន់តែ​មាន​ទំហំធំទៅៗនោះទេ​ ។​ ដោយគ្រាន់តែ​ឃើញ​សមត្ថ​កិច្ច ភ្លាមៗនោះ​ បាតុករបាននាំគ្នារត់​ប្រសាចចេញ​ទៅខាងក្រៅរោងចក្រវិញមិន​មាន​កម្មករកម្មការិនីណាម្នាក់ត្រូវបានចាប់ខ្លួននោះ
ទេ ។​ នៅក្នុងហេតុការណ៍នេះលោកវរសេនីយ៍​ឯក ជឹម​ សេងហុង​ ស្នងការនគរបាលខេត្ត ទទួលផែនយុត្តិធម៌​ លោកវរសេនីយ៍ឯក​ ប៊ុម ប៊ន ស្នងការរងនគរ​បាលខេត្ត ទទួលផែន​សន្តិ​សុខ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជា​​ការអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱ​វាទ​ចុះមកដាក់កម្លាំងការពារដោយ​មិន​ឱ្យ​មាន​កាន់​អាវុធនោះទេ តាមបញ្ជារបស់ថ្នាក់លើ ដើម្បី​ចៀស​វាងគ្រោះថ្នាក់ដល់កម្មករ​ កម្មការិនី កាត់​ដេរ ។

ប្រភព​ព័ត៌​មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា ក្រោយ​ពី​បានជួប​ប្រជុំ​ជា​មួយ​ថៅ​កែ​រោង​ចក្រ​ទាំង​១២​ចំណុច​នេះរួច​មក ​លោក​ជា​ មុនី ប្រធាន​សហជីព​សេរី​កម្ម​ករ​កម្ពុជា បាន​ចេញ​​មក​ប្រកាស​នៅ​ចំពោះ​មុខ​កម្ម​ករ​ទាំង​អស់​ថា ថៅ​កែ​រោង​ចក្រ​បាន​ឯក​ភាព​ទាំង​ស្រុង​លើ​ចំណុច​ទី​៧-៨-៩-១១​និង​១២ ។ ចំណែក​ចំណុច​ទី ៥-៦-១០ ទុក​លទ្ធ​ភាព​ពិភាក្សា​បន្ត​ ហើយ​នឹង​ប្រកាស​ឱ្យ​ដឹង​​នៅ​សប្តាហ៍​ក្រោយ​ ។ ចំណែក​ចំណុច​ទី​ ១-២-៣-៤​បាន​ឯក​ភាព​ជួយ​៥០% ។

ក្រោយ​ពេល​បាន​ទទួល​ដំណោះ​ស្រាយ​នេះ រួច​មក​បាតុករ​ក៏​បាន​រំ​សាយ​ទៅវិញ​ នៅ​រសៀល​ថ្ងៃទី​២៣ កុម្ភៈ ព្រម​ទាំង​សន្យា​ថា នឹង​ចូល​ធ្វើ​ការ​ជា​ធម្ម​តា​វិញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧ កុម្ភៈ ៕