ខេត្តកំពង់ចាម ៖ ទីបំផុតទៅក្រុមកម្មករកាត់ដេររោងចក្រមេនហាតធេន ជាង១.០០០នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអម្ពិល ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននាំគា្នចាប់ផ្តើមប្រើអំពើហិង្សាដោយយកដុំថ្មធំៗ និងគល់ឈើបិទផ្លូវជាតិលេខ៧ទាំងស្រុងហើយ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ កុម្ភៈនេះ បន្ទាប់ពីការចរចារគ្នាជាង១ម៉ោង រវាងតំណាងកម្មករនិងរោងចក្រ នៅតែពុំឯកភាពគ្នានោះហើយបន្តិចក្រោយមក មានការគប់ទៅលើអគាររោងចក្រ បណ្តាលឱ្យបែកកញ្ចក់ និងមានភ្លើងឆេះគុម្ពោតព្រៃស្មៅក្នុងបរិវេណក្បែរអគារបង្កឱ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា ចាប់តំាងពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៣ កម្ភៈនេះ ក្រុមកម្មករកាត់ដេររោងចក្រមេនហាតធេនជាង១.០០០នាក់ បានជួបជុំគ្នាបន្តធ្វើកូដកម្មដោយដុតកង់ឡាននៅលើផ្លូវ ជាតិមុខរោងចក្រប្រយោជន៍ដើម្បីទាមទារឱ្យមានដំណោះស្រាយលក្ខខណ្ឌការងារ១២ចំណុច ។
បន្ទាប់ពីមានការដុតកង់ឡានតំណាងរោងចក្រ បានចាត់អោយតំណាងកម្មករចូលទៅក្នុងរោងចក្រ ដើម្បីធ្វើការដោះស្រាយ ប៉ុន្តែការចរចាជាង១ម៉ោង គឺពុំទទួលបានលទ្ឋផលអ្វីទាំងអស់ទើបកម្មករសម្រេចនំាគ្នាបិទផ្លូវជាតិលេខ៧ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ២០១២ កម្មករ-កម្មការិនីប្រមាណ១.២០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រកាត់ដេរសម្លៀកបំពាក់មេនហាតធេន ស្ថិតនៅភូមិអម្ពិលលើ ឃុំអម្ពិល ស្រុកកំពង់សៀម ធ្វើកូដកម្មដើម្បីទាមទារសិទ្ធិស្របច្បាប់ចំនួន១២ចំណុច ក្នុងនោះសុំឲ្យកម្មករដែលបម្រើការងារចាប់ពី២ឆ្នាំឡើង ទៅជាកម្មករពេញសិទ្ធិលែងជាកម្មករបណ្តែត ។ ម៉្យាងទៀតអ្នកដែលត្រូវបញ្ចប់កិច្ចសន្យា សូមឲ្យបានទទួលប្រាក់ឧបត្ថម្ភចំនួន១៥ភាគរយតាមច្បាប់ការងារ…។
តាមលោកចន ធាង ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅរោងចក្រមេនហាតធេន បានប្រាប់ឲ្យដឹងថា ដោយសារតែថៅកែក្រុមហ៊ុន មិនព្រមគោរពច្បាប់ការងារ ទើបកម្មករ-កម្មការិនីដែលមានគ្នាជាង១.២០០នាក់ ប្រមូលផ្តុំគ្នាយ៉ាងកកកុញនៅមុខរោងចក្រ ក្នុងគោលបំណងទាមទារឲ្យក្រុមហ៊ុនយកច្បាប់ការងារមកអនុវត្តដែលការទាមទាររួមមាន១២ចំណុច ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព 87.75 ភ្នំពេញ, 87.5 បាត់ដំបង ៕



ចែករំលែកព័តមាននេះ