ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្តតាក់ស៊ី​ម៉ែត្រ​បុក​ម៉ូតូ​​ហើយ​ព្យា​យាម​​បើក​រត់​ត្រូវ​ម៉ូតូ ដេញ​តាម​ប្រទូស្ត​រាយ​គ្នា​ផ្អើល​ឈុល​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ដ​តាក់ស៊ី​ម៉ែត្រ​​បាន​បើក​បុក​ម៉ូតូ​ស្មាស់​នៅ​ផ្លូវ​លេខ​១៦៣ មុខ​ភោជនីយដ្ឋាន​ណាំ​ទ្រា សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន កាលពីវេលា​ម៉ោង​​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​ថ្ងៃទី​២៣ កុម្ភៈ ២០១២ ហើយ​​ព្យា​យាម​បើក​​រត់​គេច ​រហូត​ដល់​រង្វង់​មូល​វិមាន​ឯក​រាជ្យ​ខាងកើត​ត្រូវ​ម៉ូតូ​តាម​ទៅ​គោះ​ទ្វារ​ហៅ​ឱ្យ​ឈប់​រថយន្ដ​មិន​ព្រម​ឈប់​ទើប​ធ្វើ​ឱ្យ​មានការ​ប្រទូស្ត​​រាយ​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រភពព័ត៌​មាន​ឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស្មាស់​ស៊េរី​២០១២ ពណ៌​សលាយ​ខ្មៅ ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​ឈ្មោះ​សឿង ចាន់​សុទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​​អ្នក​ជិះ​ពី​ក្រោយ​​ជា​មិត្ដ​ភក្ដិ​ឈ្មោះ​សុខ រាជ អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យា​ល័យ​ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ផ្សារ​ដើម​ថ្កូវ ស្នាក់​នៅ​ផ្ទះ​លេខ​៦​A សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ ប្រភព​ពី​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា រថយន្ដ​តាក់ស៊ី​ម៉ែត្រ​​ពាក់​លេខ​រៀង​៥០ មាន​ដឹក​ភ្ញៀវ​ស្រី​ម្នាក់​នៅ​ក្នុង​រថយន្ដ​បាន​បើក​បុក​កន្ទុយ​ម៉ូតូ​របស់​គេ​ធ្វើ​ឱ្យ​បែក​ស្ដុ​ប​ ហើយ​មិន​ព្រម​ឈប់​មើល​ទេ ​បែរ​ជា​ព្យាយាម​បើក​រត់គេច រហូត​​ដល់​​រង្វង់​មូល​​វិមាន​ឯករាជ្យ​ខាងកើត រួច​ហៅ​ក្រុម​តាក់ស៊ី​ម៉ែត្រ​នោះ​មក​ព័ទ្ធ​ដេញ​បុក​ម៉ូតូ​របស់​គេ​ បណ្តាល​​ឱ្យ​ដួល ហើយ​មាន​ស្ដ្រី​ម្នាក់​បើករថយន្ដ​ឡិច​ស៊ី​ស​៤៧០ មក​ដល់​ឈប់​វាយ​ពួក​គេ​ទៀត។  ប៉ុន្តែ​​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ជួយអន្តរាគមន៍​​ទាន់​ពេល ។

ទោះបីជា​យ៉ាងណា អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា ក្រុម​តាក់ស៊ី​​ម៉ែត្រ​ធ្វើ​ទ​ង្វើ​មិន​សម​រម្យ​ទៅ​លើ​យុវជន​ទាំង​ពីរ​នេះ មើលទៅ​ទើស​ភ្នែក​ទើប​ពួក​គាត់​ជួយ​អន្ដរាគមន៍។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ប៉ុន្ដែ​​សភាព​ច្របូកច្របល់​ពេក ក៏នាំ​យក​​រថយន្ដ​តាក់ស៊ី​ម៉ែត្រ​ និង​ម៉ូតូ​ជន​រង​គ្រោះ​​យក​ទៅ​រក្សា​​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បន្ដ​ទៀត៕