រាជធានីភ្នំពេញ ៖ អគារធនាគារឯកជនមួយដែលកំពុងសាងសង់នៅម្តុំផ្សារអូឡាំពិកជាន់ទី៩ ខ្ពស់ត្រដឹម ត្រូវអគ្គិភ័យឆាបឆេះហុយផ្សែងទ្រលោមបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ កុម្ភៈ ២០១២ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។ មនុស្សម្នាភ្ញាក់ផ្អើលមិនទាន់បានប៉ុន្មានផង ផ្សែងដែលហុយទ្រលោមនោះក៏បាត់ទៅវិញ ដោយសារបុគ្គលិក និងកងសន្តិសុខរបស់ធនាគារនាំគ្នាយកបំពង់ឧស្ម័នពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ទាន់ពេលវេលា ហើយពេលនេះបានរលត់ទាំងស្រុងហើយ ខណៈរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច១គ្រឿងបានទៅដល់កន្លែងកើតហេតុដែរ តែត្រូវខកចិត្តទៅវិញ ព្រោះមិនមានភ្លើងសម្រាប់បាញ់ទឹកពន្លត់…ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ និងម្ចាស់អគារមានទំនុកចិត្ត ពេលឃើញរថយន្តពន្លត់អក្គិភ័យមកដល់ ។
មិនទាន់មានរបាយការណ៍បញ្ជាក់ពីតម្លៃនៃការខូចខាតនៅឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏វាតិចតួចដែរទេ ព្រោះឆេះតិចតួច និងពន្លត់ទាន់ពេលវេលា ហើយថា មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ