រាជធានីភ្នំពេញ ៖ នាងក្រមុំកម្មករកាប់ចិញ្ច្រាំដំឡូងមីម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលិសចោមចៅ និងបានយំស្រែកយ៉ាងខ្លាំងប្តឹងសុំឱ្យប៉ូលិសជួយអន្តរាគមន៍ចាប់ខ្លួនជនស្ទាវអន្ធពាលម្នាក់ដែលបានធ្វើសកម្មភាពចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេច ក្នុងខណៈពេលដែលរូបនាងដើរចេញពីកន្លែងស្តុកដំឡូងមីនោះទៅផ្ទះជួលតែម្នាក់ឯង នាពេលព្រលប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១២ នៅក្នុងខ្ទមមួយ ស្ថិតនៅតាមផ្លូវលំភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នាងក្រមុំរងគ្រោះអាយុ២៣ឆ្នាំ មានស្រុកកំណើតឯខេត្តកំពត ចំណែកឯជនពាលមានគ្នាពីរនាក់ ប៉ុន្តែរំលោភនាងបានសម្រេចតែម្នាក់ប៉ុណ្ណោះ ឯម្នាក់ទៀតបម្រុងចាប់រំលោភនាងដែរ ប៉ុន្តែពេលនោះនាងបានលើកដៃសំពះអង្វរ ទើបជននោះលើកលែងមិនចាប់រំលោភនាង ។ នាងមិនបានស្គាល់អត្តសញ្ញាណជននោះទេ គ្រាន់តែដឹងថា ជនទាំងនោះជាអ្នកធ្វើការជាមួយនាងដែរ ប៉ុន្តែនាងទើបធ្វើបានរយៈពេល៨ថ្ងៃប៉ុណ្ណោះ ។
នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុនាងបានធ្វើដំណើរចេញពីផ្ទះជួលនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ឆ្ពោះទៅកាន់ឃ្លាំងស្តុកដំឡូងមីដែលជាកន្លែងនាងធ្វើការ ដើម្បីរកបើកលុយ ព្រោះនាងបានសម្រេចចិត្តឈប់ធ្វើការនៅទីនោះហើយ ។ លុះក្រោយពេលបើកលុយរួច នាងបានដើរចេញមកក្រៅឃ្លាំងនោះបន្តិចក៏បានជួបនឹងក្រុមជនពាលខាងលើកំពុងឈរនៅក្បែរខ្ទមតូចមួយគ្មានមនុស្សនៅ ស្ថិតនៅត្រង់ចំណុចកើតហេតុខាងលើនោះ ។ នាងរងគ្រោះបានបន្តថា ខណៈនោះជនពាលម្នាក់បានស្ទុះមកចាប់នាងអូសចូលទៅក្នុងខ្ទមគំរាមមិនឱ្យស្រែក បើហ៊ានស្រែកពួកវានឹងសម្លាប់នាងចោល បន្ទាប់មកបានធ្វើសកម្មភាពចាប់រំលោភទាំងកំរោលរហូតបានសម្រេចតែម្តង ។ ក្រោយមកជននោះបានក្រោកដើរចេញទៅបាត់ ឯបក្សពួកម្នាក់ទៀតបានស្ទុះចូលមកបម្រុងចាប់នាងរំលោភទៀត ។ ពេលនោះនាងអត់មានពាក្យអ្វីតវ៉ាជាមួយពួកវាទេ នាងបានយំស្រែក និងលើកដៃសំពះអង្វររហូតជននោះទន់ចិត្តព្រមលើកលែងឱ្យរូបនាង ។
នាងក្រមុំរងគ្រោះបានបន្តថា ពេលមានរឿងបែបនេះកើតឡើង នាងតូចចិត្តលែងចង់រស់នៅក្នុងលោកនេះតទៅទៀត ក៏សម្រេចចិត្តដើរទៅមាត់ស្រះទឹកដ៏ជ្រៅមួយដែលមានទីតាំងស្ថិតនៅខាងក្រោយរោងចក្រកាត់ដេរបឺរី រួចលោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ចប់ភាពសៅហ្មងក្នុងជីវិត ។ ប៉ុន្តែការសម្លាប់ខ្លួននោះមិនបានសម្រេចនោះឡើយ ដោយសារតែបក្សពួកជនពាលម្នាក់ដែលមិនរំលោភនាងនោះលោតចុះទៅជួយស្រង់នាងឡើងគោកវិញ ហើយនាំនាងចេញពីស្រះទឹកនោះ រួចក៏គេចខ្លួនបាត់ស្រមោល ។ ឯរូបនាងក៏បានត្រឡប់ទៅផ្ទះជួលវិញ រហូតដល់វេលាព្រឹកថ្ងៃទី២១ កុម្ភៈ ទើបទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីប៉ូលិសប៉ុស្តិ៍ចោមចៅ ។ នារីរងគ្រោះរូបនេះបានបន្តថា នាងអត់ស្គាល់ក្រុមជនពាលនោះឡើយ ព្រោះនាងទើបទៅធ្វើការនៅឃ្លាំងស្តុកដំឡូងមីនោះបានរយៈពេល៨ថ្ងៃប៉ុណ្ណោះ នាងស្គាល់តែមុខអត់ស្គាល់ឈ្មោះពួកគេនោះទេ ហើយក៏មិនដឹងថា ជនទាំងនោះនៅទីណាដែរ គ្រាន់តែដឹងថា ពួកនោះជាកម្មករនៅឃ្លាំងដំឡូងមីនោះដែរ។
ក្រោយពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ប៉ូលិសប៉ុស្តិ៍ចោមចៅបានចេញទៅរកក្រុមជនពាលទាំងនោះដើម្បីឃាត់ខ្លួនដែរ ប៉ុន្តែសូម្បីស្រមោលក៏មិនឃើញផង ពុំដឹងថា ជននោះគេចខ្លួនទៅដល់ទីណាហើយទេ ៕
ចែករំលែកព័តមាននេះ