ខេត្តកណ្តាល ៖ យុវជនខ្មែរអ៊ិស្លាមម្នាក់ ព្រោះតែសុំលុយម្តាយ២០ដុល្លារ យកទៅទិញថ្នាំញៀនមិនបានក៏រៀបផែនការយកសាំងបម្រុងដុតផ្ទះចោល ប៉ុន្តែគប់ដបសាំងហួសទៅឆេះផ្ទះអ្នកជិតខាងហើយត្រូវអ្នកភូមិជួយពន្លត់ទាន់ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើងនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីម៉ោង៨យប់ថ្ងៃទី២០ កុម្ភៈ ។
លោកកេត វ៉ាន់ថា នាយផ្នែកនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ បានឱ្យដឹងថា យុវជនចិត្តខ្មៅនេះ ឈ្មោះស្មាន យូសុះ អាយុ២០ឆ្នាំ មានលំនៅភូមិ-សង្កាត់ខាងលើ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ទើបតែចេញពីមណ្ឌលកែប្រែថ្មីៗនេះ ។ ចំណែកដើមបណ្តឹងជាម្ចាស់ផ្ទះដែលរងការឆេះឈ្មោះម៉ាន ភា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។ លោកកេត វ៉ាន់ថា បានឱ្យដឹងទៀតថា មុនពេលកើតហេតុឈ្មោះយូសុះ មានសភាពស្រវឹងស្រាមកដល់ផ្ទះបានសុំលុយម្តាយចំនួន២០ដុល្លារ តែម្តាយប្រាប់ថា គ្មានលុយ និងជេរស្តីបន្ទោសរឿងដើរលេង និងស៊ីផឹក។ គ្រានោះឈ្មោះយូសុះ បានដើរចេញពីផ្ទះទៅបាត់ មួយសន្ទុះ ស្រាប់តែគេឃើញជននេះកាន់សាំងដាក់ក្នុងដបទឹកបរិសុទ្ធដើរត្រឡប់មកវិញ ពេលដល់ផ្ទះក៏យកដែកកេះដុតដបសាំងនោះ ហើយគប់ឡើងទៅលើសំដៅផ្ទះរបស់ខ្លួន ប៉ុន្តែបែរជារំលងទៅប៉ះផ្ទះរបស់ឈ្មោះម៉ាន ភា បណ្តាលឱ្យឆេះតាកខាងមុខឡើងសន្ធោ ហើយភ្លាមៗនោះត្រូវបានអ្នកជិតខាងផ្អើលឆោឡោនាំគ្នាជួយពន្លត់ទាន់ពេលវេលា ។
ជនបង្កត្រូវបានក្រុមអ្នកភូមិនាំគ្នាដេញចាប់ ហើយប្រគល់ឱ្យនគរបាលចាត់ការតាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ៕
ចែករំលែកព័តមាននេះ