ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃ​សម្បទាន​គ្មាន​ការ​ដាំ​ដុះ ៖ កាប់​រំលំ​ឈើ​ហុប​មូល​រាប់​ពាន់​ដើម​កំពុង​ក្លាយ​ជា​ចំណី​ភ្លើង​គួរឱ្យ​សោកស្តាយ

14 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖​ ​​ក្រុមហ៊ុនដីសម្បទាន​សេដ្ឋកិច្ចដំឡូងមីចំកាត់​របស់លោកកែវ វុទ្ធី នៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ត្រូវ​ប្រជា​ពលរដ្ឋនៅតំបន់នោះនិយាយថា ​កំពុងតែ​ដុត​ភ្លើងឱ្យឆេះឈើហុបមូលរាប់ពាន់​កំណាត់​ចោល​ទៀតហើយ បន្ទាប់ពីក្រុមហ៊ុននេះបាន​ដុត​ឈូសឆាយដីព្រៃរាប់ពាន់ហិកតា គ្មានការដាំដុះ កាលពីឆ្នាំ២០១១ កន្លងទៅ ។

ប្រជាពលរដ្ឋនៅតំបន់នោះសម្តែង​ការ​សោក​ស្តាយ ចំពោះព្រៃឈើនៅតំបន់នោះថា ជា​ចម្ការ​​ឈើនាងនួន ដុះតម្រៀបគ្នាដូចដើម​ទៀន មិនគួរ​​​​​​​​ក្រុមហ៊ុននេះ ឈូសឆាយគ្មាន​ស្តាយ​​ស្រ​ណោះ​ទុកឱ្យឆេះបែបនេះឡើយ ។

ប្រជាពលរដ្ឋបន្តថា សមត្ថកិច្ចមាន​ការរើស​អើង​គួរឱ្យស្អប់ណាស់ត្រង់​ប្រជាជន​អារឈើ​ធ្វើផ្ទះរស់នៅមិនបាន​ទេ រករឿងរហូតរុះផ្ទះ​ចោល​​​វិញ ។ ដល់ពេលក្រុមហ៊ុន​នេះ​ឈូសដើម​ឈើ​ដុត​សន្ធោសន្ធៅឆេះចោល​រាប់​ពាន់ហិកតា​ គ្មាន​សមត្ថកិច្ចណាអើពើទប់ស្កាត់ បណ្តោយ​ឱ្យ​ក្រុមហ៊ុននេះបន្តការកាត់ឈើធំៗមកអារច្រៀក ចំ​ណែក​ដើមតូចៗទុកឱ្យភ្លើងឆេះចោល​ដដែល ។
គេដឹងថា ក្រុមហ៊ុននេះបានទទួលអាជ្ញា​ប័ណ្ណ​ជាង១០ឆ្នាំហើយ លើផ្ទៃដី​៧.០០០ហិកតា មិនឃើញអភិវឌ្ឍអ្វីជាដុំកំភួនទេ ឃើញដាំដើម​មៃ​សាក់នៅមាត់ផ្លូវលម្អឱ្យគេមើលបាន​ប្រហែល​ជាង១ហិកតាប៉ុណ្ណោះ ។

ពាក់ព័ន្ធដល់ករណីមិនប្រក្រតីនេះ ចំពោះ​ក្រុមហ៊ុនគេឃើញមានមន្រ្តីពាក់ព័ន្ធ​ច្រើន​ស្ថាប័ន មកសួរសុខទុក្ខជាហូរហែ ប៉ុន្តែគ្រាន់​តែមក​ជួបក្រុមហ៊ុន ហើយ​ត្រឡប់ទៅវិញរៀងៗខ្លួន​អត់ឈើក្បាលទេប្រកប​ដោយ​ទឹក​មុខសប្បាយ​រីករាយ​ ។ គេមិន​ដឹងជាធ្វើរបាយ​ការណ៍ជូ​ន​ថ្នាក់លើយ៉ាង​ដូចម្តេចទេ បានជាគ្មាន​វិធាន​កា​រ​អ្វីសោះ ។

មន្រ្តីជំនាញរដ្ឋបាលព្រៃឈើម្នាក់បានឱ្យ​ដឹង​ថា ឈើហុបមូលដែលកំពុងតែឆេះចោលនោះ ក៏ព្រោះតែភ្លើងឆេះព្រៃក្នុងរដូវនេះរាលដាល ដល់​ឈើទាំងនោះ ធ្វើឱ្យក្រុមហ៊ុនទប់ស្កាត់មិន​បាន ប្រមូលមិនទាន់ ក៏មានករណីឆេះយ៉ាង​ដូច្នោះ ។

លោកសិទ្ធ សំណាង នាយផ្នែករដ្ឋបាលព្រៃ​ឈើស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី៧ កុម្ភៈនេះថា ទោះបីជាឈើហុបរបស់ក្រុមហ៊ុន​មានការឆេះយ៉ាងណានោះ វាជារឿងរបស់​ក្រុម​ហ៊ុន ព្រោះឈើហុបដែលកាប់រំលំរួចហើយ បាន​បង់ពន្ធចូលរដ្ឋរួចទៅហើយ ។ តែចំពោះ​ក្រុមហ៊ុនធ្វើការអភិវឌ្ឍ ឬមិនអភិវឌ្ឍ គឺស្ថិតនៅ​លើ​អង្គភាពជំនាញផ្សេងជាអ្នកត្រួតពិនិត្យ ព្រោះ​ជំនាញរបស់លោកមានសមត្ថកិច្ចត្រឹម​តែ​ត្រួតពិនិត្យលើព្រៃឈើតែប៉ុណ្ណោះ ។

លោកទូច​ ធា ប្រធានមន្ទីរកសិកម្មរក្ខា​ប្រ​មាញ​់ និងនេសាទខេត្ត បានឱ្យដឹងផងដែរថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដំឡូងមីចំកាត់​របស់លោកកែវ វុទ្ធី មានផ្ទៃដីត្រឹមតែ​៦.៤០០​ហិកតាប៉ុណ្ណោះ ​បានទទួលអាជ្ញាប័ណ្ណ​តាំង​ពីឆ្នាំ២០០១ ហើយបានឱ្យក្រុមហ៊ុនដាំ​​​ដំ​ណាំកសិឧស្សាហកម្មដូចជា ដើមម៉ៃសាក់ កៅស៊ូជាដើម ។

លោកបានបន្តថាចំពោះការ​ឈូស​ឆាយ​របស់​​ក្រុមហ៊ុនគេធ្វើឡើងនារដវប្រាំង លុះពេល​រដូវ​វស្សាទើបក្រុមហ៊ុនធ្វើការដាំដុះហើយពេល​បច្ចុប្បន្ន​ក្រុមហ៊ុនកំពុងតែបណ្តុះកូនកៅស៊ូ សម្រាប់​ដាំនៅរដូវវស្សា ។ ម្យ៉ាងទៀត ក្នុងពេល​ដ៏ខ្លី​ខាងមុខ មន្ទីរសាមីរួមទាំងស្ថាប័ន និង​បង្កើត​គណៈកម្មការចុះធ្វើការត្រួតពិនិត្យលើក្រុម​ហ៊ុន​ដី​សម្បទានសេដ្ឋកិច្ចក្នុងខេត្តស្ទឹងត្រែង ទើប​ហ៊ាន​វាយតម្លៃថា ក្រុមហ៊ុនណាខ្លះធ្វើការអភិវឌ្ឍ ​ឬ​មិន​អភិវឌ្ឍ ។

ចំពោះ​ករណី​ឈូស​ឆាយ​របស់​ក្រុម​ហ៊ុន​ និង​ការ​ឆេះ​ឈើ​ក្នុង​ដី​ក្រុម​ហ៊ុន​តើ​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​នោះ​ទៅ​​លើ​រដ្ឋ​លោកធានិយាយថា គឺ​មាន​តែ​ជំ​នាញ​រដ្ឋ​បាល​ព្រៃ​ឈើ​ទេ ដែល​ធ្វើ​ការ​វាយ​តម្លៃ​បាន​ទៅ​លើ​ក្រុម​ហ៊ុន​​ ។

មតិនានាក្នុងខេត្តគេ​លើក​ឡើង​ថា ប្រសិន​បើ​ក្រុម​ហ៊ុន​មួយ​នេះ​ទទួល​អាជ្ញា​ប័ណ្ណតាំង​ពី​ឆ្នាំ​២០០១ មក​ រហូត​ដល់​ពេល​នេះ​មិន​​មាន​ការ​ដាំ​ដុះ​អ្វី​ជា​ដុំ​កំ​ភួន​នោះ ហើយ​មាន​តែ​ការ​កាប់​ឈើ​​យក​កែ​ឆ្នៃ​នាំ​ចេញ ​មិន​មាន​ការ​អភិវឌ្ឍ​ទៅ​លើ​ការ​ដាំ​បន្ត​ឱ្យ​តុល្យភាព​ជា​មួយ​ការ​ឈូស​ឆាយ​នោះ​ទេ គេ​សន្និ​ដ្ខានថា ក្រុម​ហ៊ុន​នេះ​គ្រាន់​តែ​ឈូស​យក​ឈើ​អស់​ពី​ដី​ហើយ​នោះ ​ប្រហែល​ជា​ស្វែង​រក​ម៉ូយ​ថ្មី​មក​ជំនួស​វិញ ។

ចំណែកតំណាងក្រុមហ៊ុនកែវវុទ្ធី ម្សិលមិញ​​នេះកោះ​សន្និ​ភាព ​មិន​អាចសុំការបំភ្លឺបានទេ ៕