ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីធ្វើ​បាប​តាំង​ពីដៃ​ជើ​ង​ល្អរ​ហូត​ពិការ នៅ​តែ​ធ្វើ​បាប​ទៀត

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​កំសត់​ម្នាក់​ត្រូវ​ប្តី​មហា​កំណាច​​សាហាវ​យង់​ឃ្នង​វាយ​ធ្វើ​បាប​​ និង​ធ្វើ​ទារុណ​កម្ម​​លើស​ពី​សត្វ​ដូច​ជា​ច្របាច់​ក, ទាត់​ធាក់, យក​រណារ​អារ​សាច់ និង​បើក​ឡាន​កិន​​​​សម្លាប់​​ទារក​ក្នុង​ផ្ទៃ​ ​ហើយ​អំពើ​ឃោរ​ឃៅ​ចុងក្រោយ​គឺ​​​ច្របាច់.ក​ស្ត្រីជា​ប្រពន្ធ​​ឱ្យ​សន្លប់ ហើយ​យក​រណារ​អារ​ជើង​​ថែម​ទៀត ​បណ្តាល​​ឱ្យ​​មាន​ការ​រន្ធត់​​សោក​សៅ​អាណោច​អាធ័ម និង​ភ្ញាក់​​ផ្អើល​​កាល​ពីវេលា​ម៉ោង​៩​យប់ ថ្ងៃទី​៥ កុម្ភៈ ឆ្នាំ​២០១២ ។ ​គ្រួសារ​កំសត់​នេះ​​រស់​នៅ​​ក្នុង​ភូមិ​ឡ​កំបោរ ​ក្រុម​ទី​៥ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ ។

ស្ត្រី​កំសត់​ឈ្មោះ​វង ធារី អាយុ​៤៦ឆ្នាំ បាន​រៀប​​រាប់​ឱ្យ​ដឹងថា ​គាត់​មាន​ប្តី​ដំបូង​ឈ្មោះ​យស់ រិទ្ធី អាយុ​៤៨ឆ្នាំ ​​ធ្វើ​ទាហាន​​អាសេ​អូ រថពាស​ដែក​ បាន​កូន​ស្រី​៥​នាក់ ហើយ​នៅ​ឆ្នាំ​២០០០ ​ប្តី​បាន​ស្លាប់​​បាត់​បង់​ជីវិត​ ​បន្សល់​ទុក​កូន​ស្រី​ទាំង​៥​នាក់​ ដែល​គាត់​ជាអ្នក​មើល​ថែ។

រស់​នៅ​ក្នុង​ភាព​ជា​ស្ត្រីមេម៉ាយ​បាន​​ប្រមាណ​មួយ​ឆ្នាំ​​ មាន​បុរស​ម្នាក់​ឈ្មោះ​លឹម ថន អាយុ​៤០ឆ្នាំ មុខ​របរ​​រត់​ម៉ូតូ​ឌុប មាន​ទី​លំនៅ​ភូមិ​​ឈ្វាំង ឃុំ​ឈ្វាំង ​ស្រុក​ពញា​ឮ ​ខេត្ត​កណ្តាល បាន​ឱ្យ​ចាស់​ទុំ​ចូល​ស្តី​ដណ្តឹង​រៀប​ចំ​សែន​ព្រេន​តាម​ប្រពៃណី​​ ​សេពគប់​​គ្នា​ជា​ប្តី​ប្រពន្ធ​ រហូត​​មក​ដល់​បច្ចុ​ប្បន្ន​ ។

ស្ត្រី​កំសត់​​ វង ធារី បាន​បន្ត​ថា ​កាលពី​ឆ្នាំ​២០០៨ ​គាត់​ទិញ​រថយន្ត​ទួរីស​១៥​កៅអី​មួយ​គ្រឿង ​ហើយ​តែង​តែ​នាំ​ប្តី​ប្រពន្ធ​​ទៅ​ទិញ​ធ្យូង​នៅ​គីរីរម្យ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ ​យក​មក​លក់​​នៅ​ផ្សារ​​​ព្រែក​ព្នៅ ​​បាន​កាក់​កប​គ្រាន់​បើ​ដែរ ប៉ុន្តែ​​មិន​សល់​លុយ​កាក់​ជា​ដុំ​កំភួន​​នោះ​ទេ ​ព្រោះ​តែ​ប្តី​ក្រោយ​នេះ​ ដើរ​ផឹក​ស្រា​សប្បាយ​​ចាយ​វាយ​ខ្ជី​ខ្ជា​​បំផ្លាញ​​គ្មាន​សល់​ទេ ។ ​​និយាយ​​ពី​ប្តី​​ក្រោយ​នេះ​​វិញ ជា​មនុស្ស​​ចូល​ចិត្ត​ផឹក​ស្រា​ស្ទើរ​​រៀង​រាល់​ថ្ងៃ​… ពី​​មួយ​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រូប​គាត់​មាន​កូន​ជា​​មួយ​​ប្តី​ក្រោយ​​នេះ​៣​នាក់​ទៀត គឺ​ប្រុស​​ទាំង​៣​នាក់ កូន​បង​អាយុ​ជាង​១០​ឆ្នាំ ​កំពុង​រៀន​សូត្រ​នៅ​តាម​​សាលា​ទាំង​លំបាក ។ ​គាត់​រៀប​រាប់​ថា ក្រោយ​ៗ​មក​ទៀត​​​រូប​​គាត់​មាន​ផ្ទៃ​​ពោះ​ជា​​ថ្មី​ទៀត លុះ​ពេល​​​​ជិត​គ្រប់​​ខែ​នៅ​សល់​តែ​១៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​​ដល់​​ថ្ងៃ​សម្រាល​កូន​ទៅ​ហើយ គាត់​បាន​ទៅ​ឆ្លុះ​​អេកូ​​ គ្រូ​ពេទ្យ​ប្រាប់​ថា ​មាន​កូនភ្លោះ​​ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ។ ​​ហើយ​ទន្ទឹម​​នឹង​ស្ថាន​​ភាព​​បែ​ប​នេះ​ គាត់​ខំ​ប្រឹង​រក​ប្រាក់​សន្សំ​ទុក​ ដើម្បី​សម្រាល​កូន​ ប​៉ុន្តែ​​មិន​ចោល​ការ​ងារ​រក​សីុ​ទេ គឺ​នៅ​​តែទៅ​ទិញ​ធ្យូង​ជា​មួយ​ប្តី​​យក​មក​លក់​ដដែល ។ រឿង​ជូរ​ចត់​បំផុត​មួយ​ដែល​មិន​អាច​បំភ្លេច​​បាន​ក្នុង​ឆាក​ជីវិត​ គឺ​​នៅថ្ងៃ​ទី​១០ មេសា ឆ្នាំ​​២០០៨ ​រូប​គាត់​​បាន​ទៅ​ទិញ​ធ្យូង​ជា​មួយ​ប្តី​នៅ​គិរី​រម្យ ។ ​ពេល​ដែល​ទិញ​ធ្យូង​​បាន​​ហើយ ​ប្តី​ក៏​ទៅ​អង្គុយ​ផឹក​សីុ​ជា​មួយ​ទាហាន​​នៅ​គិរី​រម្យ​នោះ​រហូត​ស្រវឹង​ជោក​ជាំ​  ឃើញ​បែប​នេះ​គាត់​បាន​យក​សោ​រថយន្ត​​លាក់​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះវិញ​ទេ ដោយ​​​គិតថា សម្រាក​នៅ​​ទី​នោះ​​មួយ​យប់​សិន ​ព្រោះ​ពេល​ដែល​ប្តី​ស្រវឹង​ម្តងៗ​បើក​រថយន្ត​លឿន​ខ្លាំង​ណាស់ ខ្លា​ច​ជួប​គ្រោះ​ថ្នាក់​​តាម​ផ្លូវ ។ ​​បន្ទាប់​ពី​ផឹក​សីុ​​​ស្រវឹង​ទ្រេត​ទ្រោត​​ហើយ​នោះ ប្តី​​បាន​ឡើង​បើ​ក​រថយន្ត​ស្រែក​ទារ​សោ​ពី​គាត់​​ជា​ប្រពន្ធ តែ​គាត់​មិន​ព្រម​ឱ្យ​សោ​ទេ ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ខឹង​មួម៉ៅ​ក្តៅក្រហាយ​​កំរោល​​បួន​ជ្រុង ​​បាន​យក​កន្ត្រៃ​កាត់​ក្រចក​ឆ្កឹះ​​ចាក់​សោ​រថយន្ត​​បញ្ឆេះ​ឆេះ​រួច​ប្រុង​បើក​ចេញ​ទៅ ។ ​ឃើញ​ដូច្នេះ​​រូប​គាត់​ស្ទុះ​​ទៅ​ លូក​ដៃ​ទាញយក​កាបូប​ប្រាក់​ដែល​ដាក់​នៅ​ក្នុង​រថយន្ត​​  ក៏​ត្រូវ​ប្តីទាញ​ទ្វារ​រថយន្ត​បិទ​កៀប​ជាប់​​ដៃ​ជា​មួយ​​​រថយន្ត ហើយរថយន្ត​​ចេះតែ​​ទៅ​មុខ​​​​អូស​​ប្រមាណ​៣០​ម៉ែត្រ​​ ទើប​ជ្រុះ​​ធ្លាក់​​ ពោល​គឺ​បើ​ថា ឱ្យ​ប្តី​មាន​ចិត្ត​ធម៌​​ឈប់​រថយន្ត​​ដាក់​ប្រពន្ធ​​ឱ្យ​​ជិះ​បាន​ស្រួល​នោះ ពិតជា​មិន​អាច​ទេ ប្តី​នេះ ​ឃោរ​ឃៅ​​ណាស់​ គឺបើក​អូស​ទាល់​តែ​រ​បូត​​ធ្លាក់​​រូប​គាត់។ ​ពេល​នោះ​​រូប​គាត់​ត្រូវ​កង់​ក្រោយ​រថយន្ត​កិន​ពី​លើ​ភ្លៅ​ និង​ដៃ បណ្តាល​ឱ្យ​​បាក់​ឆ្អឹង​ និង​រយះ​សាច់​ទាំង​ដុំៗ ។ ចំណែក​​លោក​ប្តី​ឃោរ​ឃៅ​​គិត​តែពី​​បើក​រថយន្ត​ទៅ​​មុខ ​ហើយ​មើល​តាម​កញ្ចក់​​ឃើញ​​រូបគាត់​​រង​របួស​បែបនេះ ​ស្រាប់​តែ​ថយ​ក្រោយ​​មកវិញ​កិន​ពី​លើ​រូប​គាត់​ចំពោះ​​ដែល​កំពុង​តែ​មាន​ផ្ទៃ​​ពោះ បណ្តាល​ឱ្យ​បែក​ពោះ​​​បាក់​ភ្លៅ​ រួច​ទើប​​បើក​​រថយន្ត​ចេញ​ទៅ​​បាត់​ស្រមោល​តែ​ម្តង ។

ស្ត្រី​កំសត់​​បាន​រៀប​​រាប់​​ទាំង​ទឹក​ភ្នែក​​ទៀត​ថា បន្ទាប់​ពី​ប្តី​ចិត្ត​កំណាច​បើក​កិន​ពី​លើ​​​រួច​មក​ រូប​គាត់​​ត្រូវអ្នក​នៅ​ជិត​កន្លែង​កើត​ហេតុ​ជួយ​យក​អាសា​​បញ្ជូន​​ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ខេត្ត​កំពង់ស្ពឺ មិន​យូរ​ប៉ុន្មាន​​​ក៏ត្រូវ​​បញ្ជូន​​បន្ត​​មក​ព្យា​បាល​​នៅ​មន្ទីរ​​ពេទ្យ​ព្រះ​កុសុមៈ ហើយ​ពេល​​នោះ​គ្រូពេទ្យ​​ប្រាប់ថា ​កូន​ទាំង​​ពីរ​នៅ​ក្នុង​ពោះ​​បាន​ស្លាប់​​បាត់​​បង់​ជីវិត​​ទៅហើយ គ្រូពេទ្យ​​បាន​ត្រឹម​តែ​​ធ្វើ​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិតគាត់ ។ ចាប់​តាំង​​​ពីពេល​នោះ​មក​រូប​គាត់ធ្លាក់​ខ្លួន​ជា​ស្រី​ពិការ​ជើង​ឆ្វេង និង​ស្ពឹក​​ដៃ​ឆ្វេង​ ដើរ និង​​កាន់​អ្វី​មិន​កើត ។ ក្រោយ​មក​​ម្តាយ​របស់​ប្តី​ក្រោយ​ និង​បង​ប្អូន​បាន​ទៅ​អង្វរ​គាត់​កុំ​ឱ្យ​ប្តឹង​ប្តល់​ប្តី​ធ្វើ​អ្វី​ ដោយ​​លើក​​ហេតុ​ផល​ថា យើង​ (រូប​គាត់) ធ្លាក់​​ខ្លួន​ពិការ​ទៅ​​ហើយ​ ទុក​ប្តី​គ្រាន់​ជួយ​រក​ស៊ី​​ចិញ្ចឹម​កូន។ កាល​ណោះ​រូប​គាត់​ក៏ជឿ​​តាម​សម្តី​ម្តាយ​ក្មេក​មិន​បាន​ប្តឹង​ប្តល់​​អ្វីទេ ​ដោយ​សុខ​ចិត្ត​នៅ​ផ្ទះ​​មើល​ថែទាំ​កូន​ទាំង​អស់​៨​នាក់ ក្នុង​នោះ​កូន​ប្តី​មុន​៥​នាក់ ​និង​កូន​ប្តី​ក្រោយ​ប្រុស​៣​នាក់ ។

ថ្លែង​ពី​ប្តីចិត្ត​កំណាច​រូប​នោះ​វិញ ចាប់តាំង​ពី​បើក​រថយន្ត​កិន​រូប​គាត់​ជា​ប្រពន្ធ​ម្តង​រួច​មក​ គឺ​តែង​តែ​ផឹក​ស្រា​រក​រឿង​វាយ​ធ្វើ​បាប​រូប​គាត់​នៅ​ក្នុង​ផ្ទះជា​ប្រចាំ​​អត់​ប្រែ​ជំនិត​​សោះ ។ ​​ស្ត្រី​កំសត់​​​​​រៀប​រាប់​ពី​​​ការ​ឈឺ​ចាប់​ទៀត​ថា ​នៅ​ថ្ងៃ​​កើតហេតុ​​ចុង​ក្រោយ​នេះ ​បន្ទាប់​​ពី​ប្តី​ត្រឡប់​មក​ពី​មើល​កីឡា​ប្រដាល់​​វិញ ក៏​ផឹក​ស្រា​ស្រវឹង​ជោក​ជាំ ហើយ​​​បាន​សំឡុត​​ទារ​​លុយ​ពីគាត់​យក​ទៅ​ផឹក​ស្រា​ថែម​ទៀត ។

ពេល​នោះ​រូប​​គាត់​ប្រាប់​ថា «អត់​មាន​លុយ​ទេ ​ក្នុង​មួយ​ថ្ងៃ​ប្តី​រត់​ម៉ូតូ​ឌុប​បាន​លុយ​​ឱ្យ​តែ​មួយ​មឺុន​រៀល​ទេ សម្រាប់​ទិញ​អង្ករ​ ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​មាន​សល់​មក​ពី​ណា?» ស្រាប់​តែ​ប្តី​ឃោរ​ឃៅ​រូប​នោះ​​ធាក់​គាត់​មួយ​​ជើង​ត្រូវ​​ពោះ និង​ស្ទុះ​មក​​ច្របាច់​.ក​ បណ្តាល​​ឱ្យ​សន្លប់​​​ រួច​យក​រណារ​អារជើង​ម្ខាង​ដែល​​ស្វិត​របស់​​គាត់​ទៀត ​។ ស្ត្រីអភ័ព្វ​​រូប​នេះ​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ហូរ​រហាម​​ថា លោក​ប្តី​ប្រើ​​ហិង្សា​លើស​​របប​​ប៉ុលពត​​​ទៅ​ទៀត​ ។ ពេល​​ប្រព្រឹត្ត​​ឃោរ​ឃៅ​នោះ​​ត្រូវ​អ្នក​ជិត​ខាង​ឃើញ និង​មក​ជួយ​ឃាត់​​ ប៉ុន្តែ​​ត្រូវ​ប្តី​ឃោរ​ឃៅ​​គំរាម​គេ​​ថា កុំ​​​មក​ចេះ​​ដឹង​រឿង​គ្រួសារ​​រ​បស់​គាត់ ហើយ​​ពេល​នោះ​គ្មាន​អ្នក​ហ៊ាន​​សម្រប​សម្រួល​ ឬ​រក​ខុស​រក​ត្រូវ​​ទេ ​។ ពេល​​វាយ​តប់​រូប​គាត់​ជា​ប្រពន្ធ​​សន្លប់​ស្តូក​ស្តឹង​​ហើយ​ ក៏ស្ទុះ​ទៅ​វាយ​កូន​ស្រី​ប្តី​មុន​របស់​គាត់​ថែម​ទៀត ​ឈ្មោះ​​យស ​ស្រីម៉ុច អាយុ​១៤​ឆ្នាំ ​វាយ​ដួល​ចូល​​ចង្ក្រាន​​ធ្វើ​ឱ្យ​កូន​ប្រុស​​ទាំង​៣​នាក់​​​ដែល​​នៅ​តូចៗ​ភ័យ​តក់​ស្លុត​​ញ័រ​ចំប្រប់​​ស្រែក​​យំពេញផ្ទះ ។

ក្រោយ​ពេល​បង្ក​ហិង្សា​​ក្នុងគ្រួសារ​​លើក​នេះ​ហើយ​ ក៏​​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​បុរស​ជា​ប្តី​នោះ​យក​ទៅ​បាន​មួយ​យប់​ ស្រាប់តែ​ដោះ​លែង​មក​វិញ ។ ​ចំណែក​ស្ត្រី​ជា​​ប្រពន្ធ​សន្លប់​​ស្តូក​ស្តឹង​ត្រូវ​បង​ថ្លៃ​ប្រុស​ឈ្មោះ​យូ ប៊ុនថៃ អាយុ​​៤៨ឆ្នាំ ​ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​​កុសុមៈ ​និង​ឱ្យ​ប្រាក់​ខ្ចី​ចំនួន​៤​មឺុន​រៀល​​ទៀត​ ដើម្បី​​ទិញ​អីញ៉ាំ និងគ្រាន់​​សម្រាល​ទុក្ខ​លំបាក​​ពេល​ដេក​ព្យា​បាល​​នៅមន្ទីរ​ពេទ្យ​ ព្រោះ​រូបគាត់​គ្មាន​ប្រាក់​​មួ​យ​សេន​នៅ​នឹង​ខ្លួន​​ទេ ។

ស្ត្រី​រងគ្រោះ​បាន​ថ្លែង​ថា ​បច្ចុ​ប្បន្ន​​គាត់​សម្រេច​ចិត្ត​ថា នឹង​លែង​លះ​ប្តីចិត្តកំណាច​​នេះ​ហើយ ​ដើម្បីរំដោះ​​ខ្លួន​ឱ្យ​ចេញ​ផុតពី​នរក​​លោកិយ​​ដែល​កំណាច​គ្រប់​​គ្រង​លើ​រូប​គាត់​អស់​រយៈ​​ពេល​​ជា​​ច្រើន​ឆ្នាំ​មក​ហើយនេះ ។ ​គាត់​និយាយ​ថា ​ប៉ុន្តែ​​អ្វីដែល​​​សំខាន់​នោះ គឺខ្ញុំ​​មិន​អស់​ចិត្ត​​នឹង​សមត្ថ​កិច្ច​​ដែល​ចាប់​ខ្លួន​​ប្តី​កំណាច​នោះ​ហើយ ម្តេច​មិន​ចាត់​ការ​​តាម​​ច្បាប់​? ការ​ធ្វើ​ទារុណ​កម្ម​​មក​លើ​ខ្ញុំ​តាំងពី​ជើង​នៅ​ល្អ​រហូត​ដល់​ពិការ​ដើរ​លែង​រួច ទោះ​ជា​យក​អ្វី​ៗ​មក​សង​ ឬប៉ះ​ប៉ូវ​ក៏​មិន​ស្មើ​ដែរ…. ហេតុ​អ្វី​ក៏​ដោះ​លែង​វិញ​បែប​នេះ?

ព័ត៌​មាន​​ចុង​ក្រោយ​​ទៀត​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី​៧ កុម្ភៈ នេះ ក្រោយ​ពី​ផឹក​ស្រវឹង​ដាប​ហើយ ​លោក​ប្តី​​កំណាច​​រូប​នេះ បាន​មក​ដល់​ផ្ទះ​ ។ ​កូនៗ​ដែល​នៅចាំ​ផ្ទះ​គ្រាន់​តែ​ឮ​សំឡេង​ឪពុក​​មក​ដល់​ក៏​ស្ទុះ​ទៅ​បិទទ្វារ​ផ្ទះ ហើយ​សម្ងំ​​ឈឹង​ទាំង​ញ័រ​​​ដូច​កូន​សត្វ ។ ​អ្នក​ជិត​​ខាង​និយាយថា ​ខឹង​ហៅ​កូន​មិន​បើក​ទ្វារផ្ទះ​​ឱ្យ​ ឪពុក​​កំណាច​ក៏ធាក់​ទម្លាយ​​ទ្វារ​បាន ព្រម​ទាំង​ស្រែ​ក​គំរាម​​កូន និង​សួរ​រក​ប្រពន្ធ​​ តើ​បាត់​ទៅ​ណា? ​កូន​ៗ​ភ័យ​​​ពេក​​បាន​ប្រាប់ថា ម្តាយ​​ទៅ​ដេក​ពេទ្យ​ហើយ ។ ​​សួរ​ថា ដេក​ពេទ្យ​ណា? ​កូន​ៗ​មិន​ហ៊ាន​ប្រាប់​ថា ដេក​ពេទ្យ​​​លោក​សង្ឃ​ទេ​ ព្រោះ​ខ្លាច​​ទៅ​ធ្វើ​បាប​ម្តាយ​នៅ​ពេទ្យ ក៏​ប្រាប់​ថា ​ទៅដេក​ពេទ្យ​កាល់​ម៉ែត ​ជាន់​ទី​៥ ។

ចំណែក​ម្តាយ​ដែល​នៅព្យា​បាល​​​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ​បាន​ដឹង​រឿង​នេះ​ក៏​ភ័យ​​ញ័រ​ខ្លួន​ឯង ​ព្រោះ​ខ្លាច​លោក​ប្តី​​តាម​មក​ប្រើ​​ហិង្សា​​នៅ​ក្នុង​មន្ទីរពេទ្យ​ ។
នៅ​ក្នុង​មន្ទីរ​​ពេទ្យ​ព្រះ​កុសុមៈ ​ស្ត្រីរង​គ្រោះ​​ផ្តាំ​តាម​​កោះ​សន្តិ​ភាព​ថា សូម​ឱ្យ​សមត្ថ​កិច្ច​ជួយ​រក​យុត្តិធម៌​​ឱ្យ​គាត់​ផង​ សូម​ចាប់​ប្តី​កំណាច​​​នោះ​បញ្ជូន​​​ឱ្យ​ច្បាប់​​ផ្តន្ទា​ទោស​ផង ​បើ​ទុក​តទៅ​ទៀត ​រូប​គាត់ និង​កូន​ទាំង​៥​នាក់​​ច្បាស​់ជា​គ្មានជីវិត​​រស់​នៅ​ទេ ។ ​គាត់​សម្រេច​លែង​យក​ធ្វើ​ជា​ប្តី​ទៀត​ហើយ ។ ស្ត្រី​រូប​នេះ​ក៏​បាន​សំណូម​ពរ​ផង​ដែរ សូម​អង្គ​ការ​ស្ត្រី​មាន​វិបត្តិ​​ដែល​តែង​តែ​ជួយ​ស្ត្រី​​គ្រប់​រូប​នោះ​​មេត្តា​ជួយ​គាត់ និង​កូនៗ​ទាំង​៥​នាក់​ផង​ ពេល​នេះ​គ្មាន​អ្វី​​ទីពឹង​ទៀត​ទេ ៕