ខេត្តតាកែវ ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបានរៀបចំបើកការប្រកួតកីឡាជ្រើសរើសជើងឯកក្របខណ្ឌសិស្សបឋមសិក្សាប្រចាំឆ្នាំសិក្សា២០១១-២០១២ កាលពីរសៀលថ្ងៃទី៧ កុម្ភៈ ក្រោមអធិបតីលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងមានការចូលរួមពីលោកនុត ខុន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អស់លោកជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ប្រតិភូដឹកនាំកីឡា ព្រមទាំងកីឡាករ កីឡាការិនីយ៉ាងច្រើនកុះករ ។
លោកនុត ខុន បានមានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា២០១០-២០១១ កន្លងមក មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យជំនាញបានខិតខំបំពេញការងារសំខាន់ៗរួមមាន កីឡាសិស្សបឋមសិក្សាថ្នាក់ខេត្តចាប់ផ្តើមពីថ្ងៃទី១១ដល់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១១ ក្រុមកីឡាចូលរួមប្រកួតចំនួន១៧៣ក្រុម កីឡាករ កីឡាការិនីសរុប៦៧២នាក់។ កីឡាសិស្សមធ្យមសិក្សាថ្នាក់ខេត្តចាប់ផ្តើមប្រកួតថ្ងៃទី២៨ កុម្ភៈ ដល់ថ្ងៃទី៤ មីនា ឆ្នាំ២០១១ មានក្រុមកីឡាករ កីឡាការិនី១៩៧ក្រុម កីឡាករ កីឡាការិនីសរុប៨៨៣នាក់ ។ កីឡាមហាជនថ្នាក់ខេត្តចាប់ផ្តើមប្រកួតថ្ងៃទី៣ ដល់ទី៦ ឧសភា ឆ្នាំ២០១១ ក្រុមកីឡាករចូលរួម១០៤ក្រុម កីឡាករ កីឡាការិនីសរុប៥៣០នាក់ ។
កីឡាករមហាជនថ្នាក់ភូមិភាគនៅមណ្ឌលខេត្តតាកែវ ចាប់ផ្តើមប្រកួតថ្ងៃទី៨ ដល់ថ្ងៃទី២២ សីហា ឆ្នាំ ២០១១ មានកីឡាករ៤ក្រុមសរុប៥៦នាក់ ។ លទ្ធផលទទួលបានមេដាយចំនួន៥៣គ្រឿង ។ ការចូលរួមប្រកួតកីឡាមហាជនថ្នាក់ទូទាំងប្រទេសនៅមណ្ឌលកំពង់ចាម ដែលប្រកួតពីថ្ងៃទី២ដល់១៦ កញ្ញា ឆ្នាំ២០១១ ដែលមានកីឡារបស់ខេត្តតាកែវ ចូលរួម៣ក្រុម កីឡាករ កីឡាការិនី៥០នាក់ លទ្ធផលទទួលបានមេដាយ២២គ្រឿង ។
លោកនុត ខុន ប្រធានមន្ទីរមានប្រសាសន៍បន្តទៀតថា ក្នុងឆ្នាំសិក្សា២០១១-២០១២ នេះយើងមានក្រុមកីឡាករបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងប្រណាំងកង់ ដែលក្រុមកីឡាករ កីឡាការិនីទាំងនេះជាសិស្សមកពីសាលាបឋមសិក្សាទាំង៩ស្រុក ក្រុង១ មានកីឡាករ កីឡាការិនីសរុប៦៩៤នាក់ កើនលើសឆ្នាំចាស់២២នាក់ ក្នុងនោះស្រី២៦០នាក់ កើន១២នាក់ ។
ប្រភេទវិញ្ញាសាបាល់ទាត់កុមារាមាន៨ក្រុម កុមារី៣ក្រុម, បាល់ទះកុមារា១០ក្រុម កុមារី៥ក្រុម, បាល់បោះកុមារា៤ក្រុម កុមារី២ក្រុម, រត់ល្បឿនកុមរា១០ក្រុម កុមារី១០ក្រុម, លោតកម្ពស់កុមារា១០ក្រុម កុមារី១០ក្រុម, លោតចម្ងាយកុមារា១០ក្រុម កុមារី១០ក្រុម, ប្រណាំងកង់កុមរា៨ក្រុម កុមារី៨ក្រុម, អត្តពលកម្មតម្រង់ទិសកុមារាកុមារី៦ក្រុម គឺ១ទល់១ កុមារា១០ក្រុម កុមារី១០ក្រុម, ២ទល់២ កុមារា១០ក្រុម កុមារី១០ក្រុម និង៣ទល់៣ កុមារាមាន១០ក្រុម កុមារី១០ក្រុម ។
លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តបានផ្តាំផ្ញើថា សូមក្មួយៗទាំងអស់យល់ថា ការប្រកួតកីឡាគ្រប់ប្រភេទនាពេលនេះ ត្រូវប្រឹងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីយកជ័យជំនះជូនក្រុមក៏ដូចជាសាលារបស់ខ្លួនឱ្យបាន ហើយការប្រកួតនេះគ្រាន់តែជាការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក សំខាន់គឺដើម្បីបង្កើនសាមគ្គីគ្នា យោគយល់គ្នា ដើម្បីសុខភាពកម្លាំងមាំមួន កូនល្អជៀសឱ្យផុតពីគ្រឿងញៀន៕



ចែករំលែកព័តមាននេះ