ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​ជាង​100​នាក់ ​ប្រមូល​ផ្តុំ​​នៅ​មុខ​ការិយា​ល័យ​តំណាង​​រាស្ត្រ​សុំ​ឱ្យ​ជួយ​សង្គ្រោះ​​ស្រូវប្រាំង​

14 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្រូវប្រាំង​​ចំនួន​១១៧​​ហិកតា​ក្នុង​ចំណោម​​៣៣១​ហិកតា ​របស់​ប្រជា​ពល​រដ្ឋ​កំពុង​ប្រឈម​នឹង​​ការ​ខូច​ខាត​ទាំង​ស្រុង​ ព្រោះ​តែ​​ខ្វះ​ទឹក ហើយ​​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​៨ កុម្ភៈ​ ពល​រដ្ឋ​​ប្រមាណ​ជាង​១០០​នាក់ តំណាង​ឱ្យ​២៣១​​គ្រួសារ​បាន​​នាំ​គ្នា​​ទៅ​កាន់​ការិយា​ល័យ​តំណាង​​រាស្ត្រ​​មណ្ឌល​កំពង់​ឆ្នាំង ​ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរា​គមន៍​​​​ជា​បន្ទា​ន់​ ​ដើម្បី​បាន​​ទឹក​​បញ្ចូល​ស្រែ​។

ប្រជា​ពល​រដ្ឋ​​ទាំង​នេះមក​ពី​ភូមិ​អ្នក​តា​ហាង​ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់​ត្រឡាច ។ ​លោក​មេភូមិ​អ្នកតា​ហាង ​ឈ្មោះ​ម៉ី ​ពិន បាន​ឱ្យ​ដឹង​ថា ​ប្រជា​ពល​រដ្ឋ​ក្នុងភូមិ​​អ្នក​តា​ហាង ចំនួន​២៣១​គ្រួសារ ​​កន្លង​មក បាន​ពឹង​អាស្រ័យ​លើ​​ស្រូវ​ប្រាំង​ ចំណុច​ទំនប់​កុមារ​ដែល​មាន​ផ្ទៃ​ដី​សរុប​៣៣១​ហិកតា ប៉ុន្តែ​​ដោយ​សារ​ឆ្នាំ​នេះ​ជួប​គ្រោះ​​ទឹក​ជំនន់​​ធ្វើ​ឱ្យ​​ទំនប់​​កុមារ​បាក់​ខូច​​មិន​អាច​ស្តុក​ទឹក​បាន​​ ទើប​​ធ្វើ​​ឱ្យ​ស្រូវ​ប្រាំង​​ឆ្នាំ​នេះ ត្រូវ​ខ្វះ​​ខាត​ទឹក​​ ។ ក្នុង​ចំណោម​​ស្រូវ​ប្រាំង​៣៣១​ហិកតា គឺ​មាន​១១៧​​​ហិកតា ​កំពុង​ប្រឈម​នឹង​ការ​ខូច​ខាត​ទាំង​ស្រុង ។

សូម​រំលឹក​ថា ​កាលពី​ថ្ងៃទី​២៦ មករា​២០១២ ​កន្លង​ទៅ មាន​ម៉ាសីុន​​​បូម​​ទឹក​របស់​ខេត្ត​​មួយ​គ្រឿង​បាន​​បូម​ទឹក​ដាក់​ទំនប់​​អ្នក​​គ្រូ​ដែរ តែ​មិន​អាច​ផ្គត់​ផ្គង់​​​ដល់់ស្រែ​របស់​ពួក​គាត់​ឡើយ ។ ពល​រដ្ឋ​ត្អួញ​ត្អែ​រថា បើ​ពុំ​មាន​អន្តរាគមន៍​​ទេ ស្រូវ​ប្រាំង​របស់​ពួក​គាត់​​នឹង​ខូច​ខាត​ ទើប​គ្មាន​​ជម្រើស​ក្រៅ​​តែពី​​មក​ពឹង​តំណាង​​រាស្ត្រ​​ ដើម្បី​​ជួយ​ពួក​គាត់​ផង។

លោក​ម៉ី ពិន​​ បាន​បញ្ជាក់​​ពី​សំណូម​ថា បច្ចុ​​ប្បន្ន​​មាន​ម៉ាសីុន​​បូម​ទឹក​មួយ​គ្រឿង​​រ​បស់​ខេត្ត​ដែល​បូម​ពី​ទន្លេ​​​​ចូល​ក្នុង​អាង​​ទំនប់​អ្នក​គ្រូ ​តែ​​មិន​​​អាច​​មក​ដល់​ស្រែ​របស់​ពួក​គាត់​ឡើយ។ ហេតុ​​​នេះ​​ពួក​គាត់​សំណូម​ពរ​សុំ​ជីក​ប្រឡាយ​មួយ​ខ្សែ​​មាន​ បណ្តោយ​​១.៤០០​ម៉ែត្រ ដែល​ម្ចាស់​គ្រឿង​ចក្រ​​បាន​​សន្យា​ថា ​ជីក​តែ​២​ថ្ងៃ​ គឺ​រួច​ហើយ ក្នុង​តម្លៃ ១.២០០​ដុល្លារ​ ។ ក្រោយ​ពី​​បាន​ប្រឡាយ​​ហើយ​ គាត់​សំណូម​ពរ​សុំ​ម៉ាស៊ីន​​មួយ​​គ្រឿង​ទៀត សម្រាប់​បូម​បន្ត​​ពី​​ម៉ាស៊ីន​​ចាស់​ដែល​មាន​ស្រាប់​ពី​ទន្លេ​​​ចូល​អាង​ទំនប់​អ្នក​គ្រូ ហើយ​​ម៉ាស៊ីន​ថ្មី​ នឹង​បូម​​បន្ត​​ ពី​អាង​ទំនប់​អ្នក​គ្រូ​ចូល​ប្រឡាយ​​ថ្មី​ប្រវែង​១.៤០០​ម៉ែត្រ និង​បាន​​ទឹក​ដល់​ស្រូវ​​ពួក​គាត់​ហើយ ។ ​លើស​ពី​នេះ​ គឺ​ស្នើ​សុំ​​ប្រេង​៣.៥០០​លីត្រ​សម្រាប់​​ដាក់​ម៉ាស៊ីន​បូម​ទឹក​នោះ​ផង​ដែរ។

សំណូម​​ពរ​រប​ស់​​​ប្រជា​ពលរដ្ឋ​​ ត្រូវបាន​មន្ត្រី​ការិយា​ល័យ​​​តំណាង​រាស្ត្រ​ទទួល​យក​​ហើយ​ តែ​លទ្ធ​ផល​​យ៉ាងណា​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕