ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមាស​ភាព​គូ​ប្រកួត​​​ខ្សែ​​ក្រវាត់​​​ខារ៉ា​បាវ​​នៅ​​សង្វៀន​ CTN

14 ឆ្នាំ មុន

​រាជធានីភ្នំពេញ​​​​ ៖ នៅ​លើ​សង្វៀន​​​​​ស្ថានីយ​​​ទូរទស្សន៍​ CTN នាថ្ងៃ​សុក្រ ទី​​​១០ កុម្ភៈ ខាង​មុខនេះ ការប្រកួត​​​ប្រដាល់​​ដ​ណ្តើមខ្សែ​ក្រវាត់​​​ភេសជ្ជៈខារ៉ាបាវ ​​ប្រភេទទម្ងន់​​​​៦០គីឡូ​ក្រាម ​​​​មាន​ចំនួន​​​២គូ​។​ វ៉ាន់​​​ ចាន់​វេត មកពីក្លឹប​​​សិង្ហ​កីឡា ជួប​​សុខ ចិន្តា ​​មកពីក្លឹប​​​ឃ្លាំង​មឿង​កីឡា ឯ​​ទិត្យ ​សុវណ្ណ ​​គិរី ​មកពី​​ក្លឹបក្រសួង​​កសិ​កម្ម​​​ ជួប​សូយ ភារម្យ ​មកពីក្លឹប​​អូដឹមកីឡា ។ រវាង​គូប្រកួត​​​​២គូ​ខាង​លើ ​​ការជួប​គ្នា​លើក​​​​នេះ​​​​គឺស្ថិត​នៅ​ក្នុងវគ្គ​​ជម្រុះ​​នៅ​ឡើយ ។​

ចាន់​វេត បើ​ទោះជា​មិនទាន់​​បញ្ចប់ការប្រកួត​​​​​ក្តី តែ​​​គេ​នៅមានជំនឿ​ចិត្តយ៉ាង​​ច្រើន​​ក្នុងការ​​​រក​កន្លែង​​​មួយ​នៅ​វគ្គពាក់​កណ្តាល​​​ផ្តាច់​ព្រ័ត្រ​បន្ត​ទៀត ។​ ម្យ៉ាង​​ទៀត ​ការមក​ប៉ះ​​សុខ ចិន្តា លើក​នេះ ​គេមិន​​មានការព្រួយបារម្ភ​​​ឡើយ ​ហើយ​សំអាង​លើ​​​ផ្លែកែង​​ និងជង្គង់​​​របស់​​​ចាន់​វេត ​អាច​មាន​ជំនឿ​ក្នុង​ការ​យកឈ្នះ​​​ចិន្តា ​បានយ៉ាង​ងាយ។ ​​ប៉ុន្តែ​ចិន្តា​​ គេគិត​ថា ​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​​ឱ្យ​​ចាន់​​វេត ​មិនសូវស្រួល​ខ្លួនប៉ុន្មាន​ដែរ​។ ​​ចិន្តា មាន​ស្នៀត​​​​ជើង និង​ស្នៀត​ដៃ​ល្អ​​​ ឯកម្លាំង​​​ក៏ខ្លាំង​​ទៀត​ដូច្នេះ​​ចាន់វេត​​ មិនអាច​​ធ្វេស​ប្រហែស​​បាន​
ឡើយ​។​

ចំណែក​ទិត្យ សុវណ្ណ​​​គិរី និង​សូយ ​ភារម្យ​ វិញ ​មាន​សង្ឃឹម​​​តិច​បំផុត ​​ព្រោះ​លទ្ធ​​ផលនៃ​ការ​ប្រកួត​កន្លង​​​​មក គេទាំង​​​២នាក់​​មិនសូវ​​ល្អ​ប៉ុន្មាន​​​ឡើយ ។ ​​ឆ្លងកាត់​ការប្រកួត​​លើកនេះ​​​ទៀត គឺ​អាច​សម្រេច​​​ជោគវាសនា​​​របស់គេ​​​ម្នាក់​ៗ​​បាន​ហើយ។ ​​ម្យ៉ាង​វិញទៀត​​ ការប្រកួត​​លើក​នេះ ​ទាំង​គិរី​ និងភារម្យ អាច​ដឹង​ពី​លទ្ធ​ផល​ច្បាស់​លាស់​​​ ហើយ​បានន័យ​ថា ​​អ្នក​ណា​ហាល​ខោ​ អ្នក​​ណា​មិន​​ហាល​​​ខោគឺ​ដឹង​ហើយ​។ ​​

ការ​ជួ​ប​គ្នា​រវាង​​គិរី និង​​ភារម្យ ​​លើក​​នេះ​អ្នក​​ទស្សនា​​​មានជំនឿ​ចិត្ត​​លើ​ភារម្យ​​ច្រើនជាង ។​ ចំពោះ​គូប្រកួត​​មិត្តភាព​វិញ ​លាភ សំណាង​​​មក​ពីក្លឹប​​​កង​ពល​តូចលេខ​​​៧០ ជួប​​​​ឆាំ រ៉ែម ​មក​ពីក្លឹប​​សិង្ហ​កីឡា ។ ​ឡុង សុវណ្ណពៅ មកពីក្លឹប​​​សាល​វ័ន្តកីឡា ​​ជួប​អុឹង បូរិន ​មក​ពី​ក្លឹប​​គជ​សារ​កីឡា ៕​