រាជធានីភ្នំពេញ ៖ ប្តីកំណាចចិត្តអប្រិយបានប្រើដំបងឈើជ្រុងទំហំប៉ុនកដៃវាយទៅលើក្បាលប្រពន្ធរយះ៥សង់ទីម៉ែត្រ និងវាយថែមទៀត រហូតសន្លប់បាត់ស្មារតី ដោយសារតែសុំលុយប្រពន្ធ២ម៉ឺនរៀលប្រពន្ធមិនឱ្យក៏ ប្រើអំពើហិង្សាបែបនេះតែម្តង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១២ នៅចំណុចផ្ទះជួល ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្តីអប្រិយឈ្មោះវ៉ឹង ខេន អាយុ៤៣ឆ្នាំ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះចាន់ សុគន្ធ អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។ ប្រភពព័ត៌មានពីមន្ត្រនគរបាលសែនសុខ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យប្តីអប្រិយប្រើអំពើហិង្សាទៅលើប្រពន្ធរហូតដល់សន្លប់ ដេកពេទ្យបែបនេះ ដោយសារប្តីក្តៅក្រហាយសុំលុយប្រពន្ធចំនួន២ម៉ឺនរៀល ប្រពន្ធមិនឱ្យ ។ នគរបាលឱ្យដឹងទៀតថា កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១២ ប្តីអប្រិយបានទារលុយពីប្រពន្ធចំនួន២ម៉ឺនរៀលតែប្រពន្ធមិនព្រមឱ្យ ធ្វើឱ្យលោកប្តីខឹងគុំកួនប្រពន្ធរហូតដល់យប់វេលាម៉ោង៨និង២៥នាទីថ្ងៃទី៧ កុម្ភៈ ប្តីអប្រិយក៏បានផឹកស្រាស្រវឹងជោកជាំ រករឿងជេរប្រពន្ធ ។ ឃើញដូចនេះស្រ្តីជាប្រពន្ធបាននាំកូនទៅដេកនៅក្នុងផ្ទះបងប្អូន អប្រិយក៏តាមទៅវាយប្រពន្ធដល់ទីនោះទៀត ។
ប្រភពព័ត៌មានបន្តថា បើទោះជាលោកប្តីវាយយ៉ាងណាក៏ដោយប្រពន្ធមិនតបតទេ ក៏នាំកូនមកផ្ទះវិញ និងបានចាក់សោបន្ទប់ជាប់ ដោយសារភ័យខ្លាចលោកប្តីមកតាមវាយទៀត ប៉ុន្តែនៅពេលប្រពន្ធចូលដេកក្នុងបន្ទប់ ប្តីអប្រិយនេះបានគោះទ្វារបន្ទប់ប្រពន្ធចិត្តមិនដាច់ក៏បើកទ្វារ ស្រាប់តែប្តីយកដំបងឈើជ្រុងវាយទៅលើក្បាលប្រពន្ធរហូតដល់សន្លប់បាត់ស្មារតីតែម្តង ។
នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីចុះទៅដល់កន្លែងកើតហេតុ បានឃើញស្ត្រីជាប្រពន្ធកំពុងសន្លប់ ក៏វាយខ្នោះប្តីអប្រិយបញ្ជូនទៅប៉ុស្តិ៍ភ្លាមៗដែរ ។ បច្ចុប្បន្នប្តីអប្រិយកំពុងឃុំខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ