ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាកម្ពុជា​ធ្វើម្ចាស់​ផ្ទះ​បើកកិច្ច​ប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃប្រទេស​និយាយភាសា​បារាំង

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ​២០១២ សម្តេចហេង សំរិន ប្រធានរដ្ឋសភា​បាន​អញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃប្រទេសនិយាយភាសាបារាំង (APF) ដែលមានតំណាងប្រទេសនិយាយ​ភាសា​បារាំងចំនួន១៤ចូលរួម ។

កិច្ចប្រជុំនេះ មានរយៈពេល៣២ថ្ងៃ គឺពី​ថ្ងៃទី៨ ដល់ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១២ ។ ថ្ងៃទី​៨ កុម្ភៈ កិច្ចប្រជុំធ្វើឡើងនៅវិមានរដ្ឋសភា​ និង​ថ្ងៃបន្ទាប់នៅសណ្ឋាគារសូហ្វីតែលក្នុងរាជធានី
ភ្នំពេញ ។

ក្នុងរយៈពេលបីថ្ងៃនេះរាប់ទាំងការបំពេញ ទស្សនកិច្ចនៅខេត្តសៀបរាបអង្គរ ដែលជាអតីត រាជធានីចាស់ដ៏ល្បីល្បាញខាងវប្បធម៌រាប់សត​វត្ស និងសម្បូរដោយ​ប្រាង្គប្រាសាទ​រាប់ពាន់​នោះ​សម្តេចប្រធានរដ្ឋសភាសង្ឃឹមយ៉ាងមុតមាំ​ថា ដំណើរការប្រជុំរបស់គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹងសម្រេចបានលទ្ធផលល្អ។

សម្តេចហេង សំរិន ​ថ្លែងថា កិច្ចប្រជុំនេះ​មានសារសំខាន់ដែលទាក់ទងនឹងអង្គការហ្វ្រង់កូហ្វូនី និងមួយផ្នែកទៀតទាក់ទងទៅនឹងការ​ស្តារ​ឡើងវិញវិស័យសេដ្ឋកិច្ចក្រោយពី​វិបត្តិ​សេដ្ឋកិច្ចសាកលលោក ។ ប្រទេសកម្ពុជា​ជាប់​ជំពាក់​ចិត្តជាមួយអង្គការហ្វ្រង់កូហ្វូនី​ដែល​ជា​ចលនាមួយបានកើតឡើងកាលពីឆ្នាំ១៩៦២​ដោយឆន្ទៈរបស់បិតាស្ថាបនិក ក្នុងនោះមាន​អតីត​ព្រះមហាក្សត្រនរោត្តម សីហនុ ជា​អ្នកចុង​ក្រោយដែលមានព្រះជន្មគង់នៅនៅឡើយ។ ចាប់​ពីពេលនោះមក ប្រទេសកម្ពុជាតែងតែលើក​តម្លៃអង្គការហ្វ្រង់កូហ្វូនី និងភាសាបារាំង។

ក្រោយពេលឆ្លង​កាត់របបខ្មែរ​ក្រហម​ដែល​ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសក្រីក្របំផុត​ក្នុងតំបន់នោះ​ យើងបានខិតខំយ៉ាងច្រើន ដើម្បី​ស្តារប្រទេស​ជាតិ និងភាសាបារាំង​ ព្រមទាំងចូល​រួមឡើងវិញ​ជា​សមាជិកក្នុងមហាគ្រួសារ​ហ្វ្រង់​កូហ្វូនី ។ បន្ទាប់ពី​ដំណាក់កាលស្តារប្រទេស​ជាតិឡើងវិញ ក្រោយ​ពីសង្រ្គាមនោះ​កម្ពុជា​បាន​ឆ្លងកាត់យ៉ាងតឹងតែងដូច​ប្រទេសដទៃលើ​ពិភព​លោក​នា​ឆ្នាំ២០០៨ ដោយពុំទាន់គិត​ដល់មហន្ត​រាយ​បណ្តាលមកពីគ្រោះទឹកជំនន់​ឆ្នាំ​២០០០ និង​ឆ្នាំ២០១១នោះទេ។

សម្តេចហេង សំរិន ​ជម្រាប​ប្រាប់​ប្រតិ​ភូសភាអន្តរជាតិទៀតថា «ប្រឈមនឹងស្ថានភាព​ដ៏​ស្មុគស្មាញទាំងនេះ រដ្ឋាភិបាលកម្ពុជាបាន​ដាក់​ចេញយុទ្ធសាស្រ្តជាច្រើន ដើម្បីលើក​ស្ទួយ​ប្រទេស​ឡើងវិញដោយទទួលនូវភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់ ។ ក្នុងពេលដែល​សេដ្ឋ​កិច្ច​ពិភពលោកងើបឡើងវិញយ៉ាងលំបាកនោះ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយសុទ្ធតែខ្វះ
ធនធាន​ ហើយត្រូវប្រឈមនឹងបញ្ហាជាច្រើន​ទៀត​រួម​មានផ្នែកនយោបាយ ថាមពលសង្គម​ និង​​បរិ​ស្ថាន​​ដែលនៅតែគម្រាមកំហែងពិភព​លោក​​យើង​សព្វថ្ងៃ ។

សម្តេចប្រធាន​រដ្ឋសភាបន្តថា សភា​និយាយ​ភាសាបារាំងនឹងបង្ហាញ​ជានិច្ចនូវតឹក​តាង​សក្ខី​កម្មនៃកម្លាំងសាមគ្គីភាព និងកិច្ច​សហ​ការក្នុង​រង្វង់គ្រួសារនៃបណ្តាប្រទេសដែលប្រើ​ប្រាស់​ភាសាបារាំង ដើម្បីរួមគ្នាដាក់ចេញនូវ​សំណូម​ពរសមស្រប និងជាក់ស្តែង​នានា​សម្រាប់​ជួយ​ដល់​សភានៃប្រទេសនីមួយៗក្នុងការគាំទ្រ​រដ្ឋាភិ​បាលរបស់ខ្លួនឱ្យជម្នះរាល់ឧបសគ្គ និង​ការ​លំបាក​នានា ។

ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ​នរោត្តម សីហមុនី​បានផ្ញើព្រះរាជសារ​ចូលរួម​កិច្ចប្រជុំសភានិយាយភាសាបារាំងដែលមានខ្លឹម​សារថា ប្រជាពលរដ្ឋកម្ពុជាពិតជាមានមោទន​ភាពក្រៃលែងក្នុងការទទួលរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភានិយាយភាសាបារាំងដែលជានិច្ចកាលស្មោះត្រង់នឹងកិច្ចសន្យា​របស់​ខ្លួន​តែងបំពេញតួនាទី ដើម្បីជួយ​គាំទ្រ​ដល់រដ្ឋ និងរដ្ឋាភិបាលនៃប្រទេសដែល​ប្រើ​ប្រាស់​ភាសា​បារាំងឱ្យអភិវឌ្ឍក្នុងមាគ៌​ា​ត្រឹមត្រូវ​ប្រកប​​ដោយ​វិបុលភាព និងចីរភាព។

ខ្លឹមសារព្រះរាជសារបន្តថា គោលដៅរបស់​សភានិយាយភាសាបារាំងមានទំនាក់ទំនងយ៉ាង​ជិតស្និទ្ធជាមួយនឹងគោលដៅរបស់អង្គការហ្វ្រង់​កូហ្វូនីជាចលនាមួយបង្កើតឡើងនាឆ្នាំ១៩៦២
របស់បិតាស្ថាបនិករបស់ខ្លួនដែលក្នុងនោះមាន​ព្រះបាទសម្តេចព្រះនរោត្តម សីហនុ អតីតព្រះ​មហាក្សត្រជាទីសក្ការដែលនៅគង់ព្រះជន្មនៅ​ឡើយ។

ព្រះមហាក្សត្របានមានព្រះចំណារទៀតថា​សម្រាប់ឆ្នាំតទៅខាងមុខព្រះអង្គមានជំនឿយ៉ាង​មុតមាំថា សភានិយាយភាសាបារាំងនៅ​តែបន្ត​ជានិច្ចនូវសកម្មភាពរបស់ខ្លួន ដើម្បីសម្រេចនូវ​ឧត្តមគតិរបស់អង្គការហ្វ្រង់កូហ្វូនី ជាពិសេស​ការគោរពសិទ្ធិមនុស្ស សិទិ្ធស្រ្តី និងសិទិ្ធកុមារ ការ​ប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍​ ការអភិ​វឌ្ឍ​ប្រកបដោយចីរភាព និងការពង្រឹង​លទ្ធិ​ប្រជា​​ធិបតេយ្យ និងនីតិរដ្ឋ ។ សភានិយាយ​ភាសា​បារាំង គប្បីយកចិត្តទុកដាក់ថែមទៀត​ដល់​បញ្ហានានានៃការអប់រំ និងការបណ្តុះ​បណ្តាល​​ធន​ធាន​មនុស្សព្រោះថា យើងបានជិត​មកដល់ទីបញ្ចប់នៃកិច្ចសន្យាដែលបានកំណត់​នៅ​​ទីក្រុង​ដាកា ដើម្បីសម្រេចឱ្យបានគោលដៅ​សហស្ស​វត្ស២០០០ដល់២០១៥ ។

ព្រះមហា​ក្សត្រ​ជូនពរឱ្យកិច្ច​ប្រជុំ​គណៈ​កម្មាធិការអចិន្ត្រៃយ៍នៃសភានិយាយ​ភាសា​បារាំងនៅរាជធានីភ្នំពេញជម្នះនូវ​ឧបសគ្គ និង​ការលំបាកនានា​ និងកាន់តែ​ពង្រឹង​ថែម​ទៀត​នូវភក្តីភាពចំពោះតម្លៃរបស់​មនុស្ស​ជាតិ​ ដើម្បី​រួមចំណែកដល់ការពង្រឹងសន្តិភាពក្នុង​តំបន់ និង​នៅលើពិភពលោក ៕