ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនដៃដល់​​សម្លាប់​ដុត​ស្ត្រី​​មេម៉ាយ​ក្នុងភ្នក់​ចំបើង​​​ជា​​​ប្តី​ទី​2របស់ខ្លួន​

14 ឆ្នាំ មុន

ខេត្តស្ទឹង​​ត្រែង​ ៖ ​ពិតជា​ឈាមស្រែក​ស្បែក​ហៅមែន​ ជនជា​​ឃាត​ក​ដែល​​​គេ​សង្ស័យ​​​ថា រំលោភ​រួច​សម្លាប់​​​អូសទៅ​ដាក់ក្នុង​ភ្នក់​ចំបើង​​​​​ហើយ​​ដុត​កម្ទេច​ចោល​​​​បំបិទ​ភស្តុតាង​ ស្ថិត​ក្នុង​​​ភូមិ​ស្រែ​​​ក្រសាំង​ ឃុំស្រែក្រសាំង​ ស្រុកសៀម​បូក ​កាលពី​ថ្ងៃទី​​​៤ កុម្ភៈ ​​​ឆ្នាំ​២០១២ ​​កន្លង​ទៅ​ពេល​នេះ​បាន​វែក​មុខ​​​ឃាតក​​​ឃើញហើយ​​គឺ​​ជា​ប្តី​ទី​​២​​របស់​​ស្ត្រីរងគ្រោះ ។

លោកមឿង ​​ជុំ អធិការ​​​រងនគរបាល​ស្រុក​សៀម​បូក ​បាន​ឱ្យ​​ដឹង​ថា ស្ត្រី​​​រងគ្រោះធ្លាប់​​មាន​ប្តី​​​​ចំនួន​​៣នាក់​​ តែ​មិន​មាន​ប្តីណាម្នាក់​​​បានរួមរស់​​នៅជាមួយគ្នាជាប់​ឡើយ គឺលែង​គ្នា​​ទាំងអស់ ហើយ​ក្នុង​ចំណោម​​ប្តី​ទាំង​បី​នាក់​​ មានតែ​ប្តីទី២​ប៉ុណ្ណោះ​ដែលនៅ​តែ​មាន​ចំណងស្នេហ៍​​នឹងគ្នា​តាម​រយៈ​ទូរស័ព្ទ​ តែ​មិន​​ដឹង​​​កម្រិតណា​​នោះឡើយ ​។ លោកបន្ត​ថា ក្នុង​​ទំនាក់ទំនង​​​ស្នេហា​​​របស់​ស្ត្រី​រង​គ្រោះ​​ជាមួយ​នឹង​ប្តី​​ទី​​២​ជា​ឃាត​ក​នេះ​​​ បាន​បន្សល់​​​​​ទុក​នូវ​ចំណង​ដៃ​​កូនស្រី​​​ម្នាក់​​ដែល​មក​​​ដល់​បច្ចុប្បន្ន​មានអាយុ​​​៥ឆ្នាំ​ហើយ​។

លោក​ឌួង ស៊ីវុត្ថា ​​នាយការិយាល័យ​​​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់​​នៃ​​​ស្នងកា​រដ្ឋាន​​​ខេត្ត បាន​ឱ្យ​​ដឹង​ថា ​រយៈ​ពេលប្រមាណ​​​២០ម៉ោង​​​​ក្រោយ​ពី​ការ​​កើត​​មាន​​អំពើ​​​ឃាត​​កម្មនេះ​ឡើង​ ​​កម្លាំង​​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​​កម្រិតធ្ងន់​​បានបើក​ការ​​ស៊ើប​អង្កេត​​​​ និង​កំណត់​​​មុខ​​​សញ្ញា​ ហើយ​ធ្វើ​​​ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​​ឈ្មោះ​ស៊ុយ ​កុសល ​​អាយុ​​២៩ឆ្នាំ ​​​រស់​នៅ​​​ក្នុង​ភូមិ​​-ឃុំ​​ខាងលើ​​ ​​​​​នៅថ្ងៃទី​​​៦ កុម្ភៈ ​​​ឆ្នាំ​២០១២ ។ ​​ជនដៃ​ដល់​​ត្រូវជាប្តី​​​​ទី​​២​របស់ស្ត្រី​រង​គ្រោះឈ្មោះ​​វ៉ាង កង អាយុ​​៣១​ឆ្នាំ រស់នៅក្នុង​ភូមិ​-​ឃុំ​​ជាមួយគ្នា ​ត្រូវ​បានចោទ​ពីបទឃាត​កម្ម​ដោយចេតនា​។

គួររំឭក​​​​ថា នៅយប់​​​​ដែល​ស្ត្រីរងគ្រោះ​​បាត់​ខ្លួន​គឺ​​​​​​​​​មាន​ពិធីរាំរែក​​អង្គាស​បច្ច័យ​ក្នុងវត្តភូមិ​ស្រែ​ក្រសាំង ហើយកម្មវិធី​​​​រាំរែក​នេះតែង​​ប្រព្រឹត្ត​​​ទៅ​នៅ​​​រៀង​រាល់​​​​យប់​ថ្ងៃ​សៅរ៍​។​
នៅចំពោះ​​មុខ​មន្ត្រី​នគរបាល​យុត្តិធម៌​​ ជន​សង្ស័យ​បានសារ​ភាព​​ថា ខ្លួន​​ពិតជា​​បាន​សម្លាប់​ស្ត្រីរងគ្រោះ​​​​ប្រាកដមែន ដោយសារ​តែ​ខឹង​​​នឹង​ស្ត្រីជា​​អតីតប្រពន្ធ​​​​នេះ​បានជេរ​ប្រមាថ​សាច់ញាតិ​របស់ខ្លួន និង​ឈាន​ដល់​ការ​ណាត់​​​ជួប​គ្នា​នៅ​ក្បែរ​ខ្ទមចាំ​ចម្ការ​​កណ្តាល​វាលស្រែ ហើយស្ត្រីជា​​​អតីត​ប្រពន្ធ​​​​បានជេរ​ប្រមាថ​ខ្លាំងៗ​ថា «ឪពុកមា​របស់​ខ្លួន​​ឯង គឺ​​ខ្ញុំ​​ជាអ្នក​ធ្វើ​​ឱ្យ​ស្លាប់ បើ​ខ្លួន​ឯង​​​នៅតែ​ខ្លាំង​ប្រយ័ត្ន​​​ស្លាប់ទាំងអស់​គ្នា» ។ ​ជនដៃ​ដល់​​​បាន​​ឆ្លើយ​​ទៀត​ថា ខណៈ​​ស្តាប់​ឮ​ និងទ្រាំ​ចំពោះ​​​សម្តី​ទាំង​​នេះ​មិន​បាន​​​ ខ្លួនក៏​បានដាល់​​មួយដៃ​ចំ​កណ្តាល​​មុខ និង​វាយ​មួយ​ដំបង​ចំកញ្ចឹង​ក បណ្តាល​​ឱ្យស្លាប់​ ហើយ​ក្រោយ​ពីដឹង​ថា ស្ត្រី​​រង​គ្រោះ​​​ស្លាប់ ខ្លួន​បាន​អូស​​សពទៅដាក់​លើគំនរ​ចំបើង​រួ​ចដុត​​កម្ទេច​ក្នុង​ភ្នក់​​ចំបើង​តែម្តង ​​តែខ្លួន​មិនបាន​​រំលោភ​​​ស្ត្រីរង​គ្រោះ​​នោះឡើយ ។

ជនសង្ស័យ​​​បាន​ត្រូវ​​​នគរ​បាល​យុត្តិធម៌​​នៃ​ស្នង​ការ​​​​ដ្ឋានខេត្ត​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​​ដំបូង​​​ខេត្ត​​​ចាត់ការ​តាម​​នីតិវិធី​ច្បាប់​នា​ព្រឹក​ថ្ងៃទី​៧ កុម្ភៈ ​ឆ្នាំ​​២០១២៕