ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុស្បា​ ប៉ាន់​ ផ្តល់​​​ក្តី​សង្ឃឹម​​សម្រាប់​កុមារ​​ក្រី​ក្រ​​បាន​ចូល​រៀន​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ​៖ ​​​នៅ​​​រសៀល​​ថ្ងៃ​សៅ​​រ៍ ទី​១១​ កុម្ភៈ​ យុវ​តី​ឆ្នើម​​​ បុស្បា​ ប៉ាន់​​ នឹង​​បង្ហាញ​​វត្ត​មាន​​នៅ​ក្នុងកម្ម​វិធី​​ប្រគំ​តន្ត្រី​​ និង​​បង្ហាញ​​​ខ្សែ​​​វី​ដេ​អូ ដែល​​ផលិត​​ជាឌី​វី​ឌី​​​អំពី​​​កម្ម​វិ​ធី​ប្រគំ​តន្ត្រី​​ព្រះ​គុណ​គ្រូ​​​​​ នៅប្រាសាទ​បាយ័ន​​​​​ ខេត្ត​សៀម​រាប​ កាល​ពីឆ្នាំ​មុន​​​ ក្រោម​ស្នា​ដៃ​ផលិត​របស់​​​មជ្ឈ​មណ្ឌល​​បុប្ផា​ណា ។ ការ​បង្ហាញ​​ និង​​ចាក់​​​បញ្ចាំងខ្សែ​​​​​​វី​​ដេ​អូ​​​នេះ ​​នៅ​​សាក​ល​វិ​ទ្យា​​ល័យ​​បញ្ញា​​សាស្ត្រ​​​​ក្នុង​រាជ​ធានីភ្នំ​ពេញ​ ស្ថិ​ត​នៅ​តាម​​​​ដងមហា​វិ​ថី​​ព្រះ​នរោ​ត្តម​​ចាប់​ពី​​ម៉ោង​​២ដល់​​​៤រសៀល​ ។ កម្ម​វិ​ធី​នេះ​ដើម្បី​​​ស្វែង​រក​ប្រាក់​យក​ទៅ​ជួយ​ដល់​​​​កុ​មារ​​ក្រី​ក្រ​​កូន​​​អ្នក​នេ​សាទ​ឱ្យ​បាន​ចូល​រៀន​ ។

លោក​ប៉ាន់ ​​ម៉េងហ៊ាង ​​ឪ​​ពុក​​​របស់​​បុស្បា​ ប៉ាន់​​ ឱ្យ​ដឹង​ថា​ ការ​បង្ហាញ​ខ្សែ​រឿង​​​​អំ​ពី​​កម្ម​វិធី​ប្រគំ​តន្ត្រី​​នៅ​ប្រាសាទ​បាយ័ន​​ និង​ការ​ច្រៀង​​ចំនួន​​​​បី​បទ​នៅ​ក្នុ​ងឱ​កាស​​នោះ​របស់​បុស្បា​ ប៉ាន់ ជា​ការ​អបអរ​ថ្ងៃ​បុណ្យ​ខួប​​កំណើត​​របស់​​នាង​។ ការ​បង្ហាញ​​ទេព​កោ​សល្យ​​របស់​បុស្បា ប៉ាន់​ ជា​ថ្មី​​​​នេះ​ដើម្បី​​បង្ហាញ​ពី​ក្តី​​​ស្រ​លាញ់​​របស់​នាង​ដល់​អ្នក​​​រស់​​ក្នុង​​​ជំ​នាន់​​របស់​នាង​​ដែលបាន​​កើ​ត​ និង​រស់​នៅ​​ប្រកប​ដោយ​មោទ​ន​ភាព​​លើទឹក​ដី​​​អច្ឆរិយ​​​ជា​មាតុ​ភូមិ​របស់​យើង​នេះ​ផង​ដែរ​។

ពិ​ធី​នា​ថ្ងៃ​សៅ​រ៍​ ខាង​មុខ​​នឹង​មាន​​​ការ​ចូល​រួម​​អប​អរ​សាទ​​រពី​​មន្ត្រី​​អង្គ​ការ​​យូណេស្កូ​​ប្រចាំ​កម្ពុជា ​ដែល​បា​នទទួល​​ស្គាល់​​សមត្ថ​​ភាព​​របស់​បុស្បា ប៉ាន់​​​ ព្រម​ទាំង​​លោក​ទេស​រដ្ឋ​មន្ត្រី​កុល ផេង​ និង​ថ្នាក់​ដឹក​នាំ​​សាក​ល​វិទ្យា​ល័យ​​បញ្ញា​សាស្រ្ត​​ជាច្រើន​រូប​​​ទៀត​។

ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​​​នេះ​​នឹង​មាន​​ដាក់​លក់​​ឌី​វី​ឌី​​របស់​បុស្បា​ ប៉ាន់​ ​ហើយ​​ប្រាក់​​ចំណេញ​ទាំង​អស់​​សម្រាប់​ជួយ​​ដល់​កុមារ​​កូន​អ្នក​នេ​សាទ​​ក្រី​ក្រ​​រស់​នៅ​​តាម​ដង​​ទន្លេ​​ធំ​ ឱ្យ​​មាន​ឱ​កាស​​​ចូល​រៀន​​ ។ ក្រៅ​ពី​នេះ​​​​​​នៅ​ Monument Book ក៏​មាន​ដាក់​លក់​​ឌីវីឌី​នេះ​ ហើយ​​ប្រាក់​​ចំណេញ​​ទាំង​អស់​​នឹង​​បម្រើ​​ឱ្យ​ផល​ប្រយោជ​ន៍​សង្គម​​ដូច​គ្នា​នោះ​ដែរ​ ​។

«ខ្ញុំ​នឹង​មិ​ន​យកប្រាក់​​ចំណេញ​​ ដើម្បី​ទូទាត់​ថ្លៃ​ចំណាយ​ដែល​បាន​ធ្វើ​នៅ​ប្រាសាទ​បាយ័យ​ទេ  គឺប្រាក់​ចំណេញ​ទាំង​នេះ​ខ្ញុំ​នឹង​យក​ទៅ​បម្រើ​បុព្វ​ហេតុ​សង្គម» ។ បុស្បា​ ប៉ាន់ និយាយ​បែ​ប​នេះ​ប្រកប​ដោយ​មន​សិការ​គួរ​ឱ្យ​ពេញ​ចិត្ត​ ។

លោ​កលី​ សួន អតីត​មន្ត្រី​អង្គ​ការ​ហាហ្កា និង​បច្ចុប្បន្ន​បម្រើ​ការ​ងារ​ស្ម័​គ្រ​ចិត្ត​ដើម្បី​ជួយ​ជំ​រុញ​​កុមារ​ក្រី​ក្រ​នៅ​ដង​ទន្លេ​ធំ​ឱ្យ​បាន​ចូល​រៀន​ បាន​​កោត​សរសើរ​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ទឹក​ចិត្ត​របស់​បុស្បា​ ប៉ាន់ និង​គ្រួសារ​របស់​នាង​ ដែល​ផ្តល់​មូលនិធិ​ជួយ​ទ្រទ្រង់​ដល់​​កូន​អ្នក​នេសាទ​ក្រី​ក្រ​ឱ្យ​បាន​ចូល​សាលា​ ។

នៅ​ទី​នោះលោ​កជួយ​​ដល់​កុមារ​ក្រី​ក្រ​​ តាម​រយៈ​​ការ​ផ្តល់​​សម្ភា​រសិក្សា​​ និង​លើក​ទឹក​ចិត្ត​​ឱ្យ​ពល​រដ្ឋ​ក្រី​ក្រ​​​យល់​ពី សារ​​សំ​ខាន់​​​នៃ​ការ​​បញ្ជូន​កូន​​ចូល​សាលា​រៀន ។ ​ក្រុមការ​ងារ​​របស់​លោក​​​ក៏​ជួយ​​ដើម្បី​ឱ្យ​ទទួល​បាន​​ទឹក​ស្អាត​​ប្រើ​ប្រាស់​​នៅ​​តាម​សហ​គមន៍​ទាំង​នោះ​ផង​ដែរ ។

នៅ​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​​ថ្ងៃ​សៅ​រ៍​ ​ខាង​​មុខ​​នេះ​​ បុស្បា​ ប៉ាន់​ ​នឹង​ច្រៀង​​បទ​​នឹក​ឃើញ​ទាំង​អស់​ និង​បទ​កូន​​​អ្នក​នេ​សាទ​ ​ដើម្បី​រំ​លឹក​​​ដល់​កុមារ​​​​ភាព​​របស់​លោក​​​ឪពុក​នាង​​​ ដែល​មាន​​អនុ​ស្សាវ​រីយ៍​​ជា​ច្រើន​​នៅ​លើ​​បឹង​ទន្លេ​សាបដ៏​​​សម្បូរ​ត្រី​​​ ។ ​បទ​ចុង​​​ក្រោយ​​របស់​នាង​​ ​គឺ​​ My Ship របស់​ I GERSHWIN K WELL ដែល​ជា​ប្រភេទ​ចម្រៀង​​អូ​ប៉េ​រ៉ា​ និង​​ប្រគំ​​ព្យ៉ាណូ​​ដោយ​លោក​ស្រី​​​ម៉ារី​ ជីន​ណៃ​ ជា​គ្រូ​​​របស់​នាង​​​ និង​ជា​ភរិ​យា​​របស់​លោក​តឺរ៉ូ​ ជីនណៃ​ ប្រធាន​​តំ​ណាង​​អង្គ​ការ​យូ​ណេស្កូ​​ប្រចាំ​កម្ពុជា ។

ក្រៅ​ពី​ផ្តល់​ការ​កម្សាន្ត​​​អារម្មណ៍​​តាមរយៈ​​​ទឹក​ដម​សំ​នៀង​​របស់​ខ្លួន​​នា​ឱកាស​​នោះ បុស្បា ប៉ាន់​​ ក៏​ផ្តល់​ក្តី​សង្ឃឹម​​​សម្រាប់​កុ​មារ​ក្រី​ក្រ​​ក្នុង​ការ​បាន​ចូល​សិក្សា​​ ដើម្បី​អនា​គត​​ភ្លឺ​ស្វាង​របស់​ពួក​គេ​​ផង​ដែរ ៕