ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​​ទើប​កើត​​ដំ​បូង​​ទម្ងន់​​7,4គ.ក្រ​​ធ្ងន់​បំ​ផុត​​នៅក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ចិន​

14 ឆ្នាំ មុន

សារ​ព័​ត៌​មាន​​«តាហ័រ»​​របស់​​ចិន​​ផ្សាយឱ្យដឹង​ថា ​ស្ត្រី​ជន​ជាតិ​ចិន​​ឈ្មោះ​វាំង អាយុ​​២៩​ឆ្នាំ​ សម្រាល​បាន​កូន​​ប្រុស​​​​ដោយ​​ការ​​វះ​កាត់​​នៅ​មន្ទីរ​ពេទ្យ​​មួយ​កន្លែង​​ក្នុងទី​ក្រុង​​ស៊ីន​​សៀង កាល​ពី​ថ្ងៃទី​​៤ កុម្ភៈ​​ កន្លង​មក​​ ដោយ​ម្តាយ​និង​ទារក​​មាន​សុវត្ថិ​ភាព​ល្អ​ និង​សុខ​ភាព​​មាំ​មួន​ ។ ​​របាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា ​លោក​ស្រី​​វាំង​ និង​ស្វា​មី​​​ទម្ងន់​ធម្ម​តា​ ប៉ុន្តែ​​កូន​ស្រី​ម្នាក់​​បច្ចុប្បន្ន​​មាន​អាយុ​​៦ឆ្នាំ​ ក៏​ធ្លាប់​​មាន​ទម្ងន់​​ច្រើន​​ក្នុង​​ពេល​កើត​​ដំបូង​​គឺ​​ដល់​ទៅ​​៤​គី​ឡូ​ក្រាម​​ ។ គ្រូ​ពេទ្យ​​ដែល​​ថែ​ទាំ​​លោក​ស្រី​​វាំង ​បាន​ឱ្យ​ដឹង​ថា ​ទារក​​ឈុនឈុន ​​មាន​កម្ពស់​​​៦០​​សង្ទី​ម៉ែត្រ​ និង​មាន​​ទម្ងន់​​លើស​ពី​​ទម្ងន់​​មធ្យម​​របស់​ទារក​​​ទើប​កើត​ដល់ទៅ​២ដង ។

ចំណែក​លោក​ស្រី​វាំង​ បាន​​បញ្ជាក់​​ថា ​គាត់មិន​បាន​ទទួល​ទាន​​អ្វី​​ខុស​​ប្រក្រ​តី​​ទេ ក្នុង​​អំ​ឡុង​​ពេលមាន​គភ៌ ប៉ុន្តែ​​​​ក៏​មាន​អារម្មណ៍​​​ថា ​ពោះ​​​គាត់​​​ធំជាង​ស្រី្ត​​មាន​គភ៌​​ទូ​ទៅ​​​រហូត​គិត​ថា ​កូន​ដែល​នឹង​​សម្រាល​អាច​​មាន​ទម្ងន់​ប្រហែល​​៤,៥​​ទៅ​៥​គី​ឡូ​ក្រាម​​ដូច​​បង​ស្រី ។ ដោយ​​ឡែក​​ទី​ភ្នាក់​ងារ​​​ព័ត៌​មាន​​សីុន​ហួ​​បញ្ជាក់​ថា ​​ក្នុង​រវាង​​ពី​ឆ្នាំ​​២០០៨ ដល់​២០១០ មាន​ទារក​​ទើប​កើត​​ក្នុង​ប្រទេស​ចិន​​ដែល​មាន​​ទម្ងន់​​ដល់​ទៅ​៧​គី​ឡូ​ក្រាម​​ចំនួន​​៣នាក់​ ប៉ុន្តែ​​សម្រាប់​​​ឯត​ទគ្គកម្ម​​៧,៤​គីឡូ​ក្រាម​​របស់​​ទារក​​ឈុនឈុន​ អា​ច​ធ្វើ​​ឱ្យ​គេ​​​ក្លាយ​ជា​​ក្មេង​​​មាន​ទម្ងន់​​ធ្ងន់​​ជាង​គេ​លើ​​ក​ដំបូង​​នៅ​​ប្រ​ទេស​ចិន ។

គួរ​បញ្ជាក់​ថា ​ក្មេង​​ដែលមាន​​ទម្ងន់​​ធ្ងន់​​ជា​​លើក​​ដំបូង​​​តាម​​កំណត់​​​ត្រា​​ប្រ​​វត្តិ​​សាស្ត្រ​សៀវ​ភៅ​«​គីន​ណេស​ប៊ុក»​​គឺ​​ទារក​​អេនណា​បេត ក្នុង​ប្រទេស​កា​ណា​ដា ​​ដែល​បាន​​កើត​​ក្នុង​ឆ្នាំ​​១៨៧៩​ មាន​ទម្ងន់​​​ដល់​ទៅ​​១០,០៨​គី​ឡូ​ក្រាម​​ ប៉ុន្តែ​​បាន​​ស្លាប់​ក្នុង​អំ​ឡុង​​ពេល​​១១ម៉ោង​​ក្រោយ​ពី​កើត ។ ចំណែក​ស្ថិ​តិ​​ទារក​មាន​ទម្ងន់​ធ្ងន់​​ក្នុង​ពេល​​កើត​ដំបូង​​នៅ​លើ​ពិ​ភព​លោក​​ និង​មា​ន​​ជី​វិត​​រស់​នៅ​​ គឺ​​ក្មេង​​ប្រុស​​ជន​ជាតិ​អីុ​តាលី​ ដែល​កើត​ក្នុង​ឆ្នាំ​​១៩៥៥​ មាន​ទម្ងន់​​​១០,១គី​ឡូ​​ក្រាម​ ៕