កីឡាករអាល់បឺតូ កុងតាឌ័រមានគម្រោងប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចឱ្យខ្លួនគេជាប់បម្រាម២ឆ្នាំ និងត្រូវដកហូតយកពានជើងឯក Tour de Franceឆ្នាំ២០១០។ កាលពីថ្ងៃទី៦ កុម្ភៈ តុលាការកីឡា CAS បានចេញសាលក្រមព្យួរការប្រណាំងរបស់កីឡាករអេស្ប៉ាញរូបនេះចំនួន២ឆ្នាំពីបទលួចប្រើសារធាតុហាមឃាត់អំឡុងការប្រណាំង Tour de Franceកាលពីឆ្នាំ២០១០។ សេចក្តីសម្រេចនោះនឹងនាំឱ្យរូបគេបាត់បង់ឱកាសចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងឡុងនិង Tour de Franceឆ្នាំនេះ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ាឌ្រីដ១ថ្ងៃក្រោយពីត្រូវគេព្យួរការប្រណាំង កុងតាឌ័របញ្ជាក់ថា៖«ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចដើម្បីបង្ហាញថា ខ្ញុំគ្មានទោសកំហុសទេ វាអយុត្តិធម៌ណាស់»។ កីឡាករវ័យ២៩ឆ្នាំរូបនេះបន្តថា៖«មេធាវីរបស់ខ្ញុំកំពុងតែពិនិត្យមើលលទ្ធភាពទាំងឡាយ ហើយដូចដែលខ្ញុំបាននិយាយពីមុនមក គឺយើងត្រូវតែស៊ូរហូតដល់ទីបញ្ចប់ ។ ខ្ញុំនឹងនៅតែបន្តប្រណាំងកង់ដដែល។ ខ្ញុំនឹងបន្តធ្វើដូច្នេះក្នុងមធ្យោបាយដ៏ស្អាតស្អំ។ គ្រប់គ្នាបាននិយាយថា ខ្ញុំមានទោសកំហុសដែលនោះវាផ្ទុយនឹងគោលការណ៍សីលធម៌របស់ខ្ញុំ »។
ក្រៅពីការព្យួររយៈពេល២ឆ្នាំ កុងតាឌ័រអាចនឹងត្រូវផាកពិន័យជាប្រាក់ជាង៣លានដុល្លារទៀតផង តែករណីនេះនឹងត្រូវសម្រេចក្នុងសវនាការរបស់តុលាការ CASលើកក្រោយ។ តុលាការCAS និយាយថា ការហាមឃាត់នេះត្រូវគិតចាប់ពីថ្ងៃទី២៥មករា ឆ្នាំ២០១១ និងបញ្ចប់នៅថ្ងៃទី៦ខែសីហាឆ្នាំ២០១២ តែត្រូវកាត់ចោល៥ខែនិង១៩ថ្ងៃដែលកុងតាឌ័របានទទួលកាលពីមុនរួចជាស្រេចហើយនោះ។ សាលក្រមនេះបានធ្វើឱ្យគេបាត់ពានជើងឯកមួយចំនួនដែលដណ្តើមបានចាប់ពីឆ្នាំ២០១០កន្លងមក។
ពានជើងឯក Tour de Franceឆ្នាំ២០១០និងពានជើងឯក Tour of Italyត្រូវបានដកហូត។ និយាយរួមរាល់ពានជើងឯកដែលគេបានឈ្នះក្នុងឆ្នាំ២០១១ត្រូវដកហូតយកវិញទាំងអស់។ កុងតាឌ័រមានពេល៣០ថ្ងៃក្នុងការប្តឹងឧទ្ធរណ៍ទៅតុលាការសហព័ន្ធរបស់ស្វ៊ីស។ ចំណែកសហព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ UCIបាននិយាយថា បើទោះបីជាខ្លួនមិនសប្បាយចិត្តចំពោះសលក្រមលើកនេះ តែខ្លួនក៏សូមស្វាគមន៍ផងដែរ ដ្បិតបានបញ្ចប់នូវរឿងរ៉ាវដែលបានអូសបន្លាយយូរមកហើយ ហើយដែលរឿងនេះបានធ្វើឱ្យមានការឈឺចាប់យ៉ាងលើសលប់សម្រាប់វិស័យកីឡាប្រណាំងកង់។
កុងតាឌ័រត្រូវបានគេពិនិត្យឃើញមានសារធាតុហាមឃាត់ម្យ៉ាងឈ្មោះ Clenbuterolអំឡុងពេលប្រណាំង Tour de Franceឆ្នាំ ២០១០ តែរូបគេត្រូវបានសហព័ន្ធប្រណាំងអេស្ប៉ាញលើកលែងការចោទប្រកាន់នៅខែកុម្ភៈឆ្នាំ២០១១។ ការលើកលែងនោះបានជម្រុញឱ្យភ្នាក់ងារប្រឆាំងនឹងការប្រើប្រាស់សារធាតុពិភពលោក WADAនិងសហព័ន្ធប្រណាំងកង់អន្តរជាតិ UCIមិនសុខចិត្តនិងបានប្តឹងឧទ្ធរណ៍ទៅតុលាការកីឡា CAS៕


ចែករំលែកព័តមាននេះ