ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាង​ជើង​​​កេន​យ៉ា​មនុស្ស​​​​ច្រើនពាន់នាក់​រត់​​ភៀសខ្លួន​​​ដោយ​​​អំពើ​ហិង្សា​

14 ឆ្នាំ មុន

​អ.ស.ប រាយការណ៍​​ថា មនុស្ស​​​​ជាច្រើនសិប​ពាន់នាក់​​​​បានរត់ភៀសខ្លួន​​នៅ​ភាគ​ខាង​ជើង​​​កេនយ៉ា ​​មកកាន់​​ប្រទេស​​​អេត្យូពី​ជិត​ខាង ​​​រយៈ​ពេល​​ប៉ុន្មាន​​សប្តាហ៍​ចុងក្រោយ​នេះ ដើម្បី​គេច​ពី​ការប៉ះទង្គិច​គ្នា​រវាង​​​ពួកជនជាតិភាគតិច​។​ ការិយាល័យ​​សម្របសម្រួល​​​កិច្ចការ​​មនុស្ស​ធម៌​របស់​​​ អ.ស.ប ​​​OCHA ក្នុងសេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​​​កាលពី​​​​​​​ថ្ងៃទី​​​៧ កុម្ភៈ គូស​បញ្ជាក់​​ថា ​មនុស្សជាច្រើន​​​សិបពាន់នាក់​​​បាន​​​រត់​គេច​ចេញ​​​​ពីជម្លោះ​​​រវាង​ក្រុម​​ជនជាតិភាគតិច​​ BORENA និង​ក្រុម​ជនជាតិ​ភាគតិច​​ GABRA នៅភាគខាងជើង​កេនយ៉ា​។

​​បណ្តា​ពលករ​​​មនុស្ស​ធម៌​​វាយតម្លៃ​​​​ថា មានមនុស្ស​​ដល់​ទៅ​ប្រមាណជា​​​​២០.០០០​នាក់​​ ដែល​ឆ្លងកាត់​​ព្រំដែន​​ចូល​ប្រទេស​អេត្យូពី​​​​ដើម្បីស្វែង​រក​​​ជំនួយ​។ ​អំពើហិង្សា​​​​​រវាងក្រុម​​​ជនជាតិភាគតិច ឬ​ក្រុម​កុលសម្ព័ន្ធ​​​​ទាំងឡាយដែល​​ពុំត្រូវ​​គ្នា ពិសេស​​ដោយសារ​​​បញ្ហាដណ្តើម​​សត្វពាហនៈគ្នា និង​ផ្ទៃ​ដី​​វាល​ស្មៅ​​សម្រាប់​​សត្វពាហនៈ តែង​កើត​​​មាន​ជា​រឿយៗ​​នៅតំបន់នេះ ​​​នៃប្រទេស​​​កេនយ៉ា​​​ ហើយ​ពេលខ្លះ​​​​ប្រកបដោយ​​​ការ​បង្ហូរ​​ឈាមយ៉ាង​​​​​សាហាវ៕​