ប្រភពមនុស្សធម៌រាយការណ៍កាលពីថ្ងៃទី៧ កុម្ភៈ ថា ពលរដ្ឋភូមាជាច្រើនពាន់នាក់បាននាំគ្នារត់ចាកចេញពីភាគឦសានប្រទេសចាប់តាំងពី ខែមិថុនា មក ទៅកាន់ខេត្តយុនណាន់របស់ចិន ដោយសារការប៉ះទង្គិចគ្នានានារវាងកងទ័ពភូមា និងពួកឧទ្ទាមនៃកងកម្លាំងឯករាជ្យកាជីន (KIA)។ លោកស្រី MOON NAY LI ជាអ្នកទទួលខុសត្រូវម្នាក់ក្នុងផ្ទៃសមាគមនារីកាជីនមានមូលដ្ឋាននៅប្រទេសថៃនិយាយថា រយៈពេល៨ខែចុងក្រោយនេះ ជនជាតិភូមាជាង១០.០០០នាក់បាននាំគ្នាឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសចិន ។
លក្ខខណ្ឌជីវភាពពួកគេនៅទីនោះពុំល្អឡើយ ដោយគ្មានទឹកស្អាតប្រើប្រាស់។ ជនភៀសខ្លួនភាគច្រើនជានារី កុមារ និងមនុស្សចាស់ ។ អាជ្ញាធរចិន អនុញ្ញាតឱ្យមានការបោះជំរំស្នាក់នៅ តែមិនទទួលស្គាល់វត្តមានពួកជនភៀសខ្លួនទាំងនេះជាផ្លូវការឡើយ ។ ទាំងអាជ្ញាធរខេត្តយុនណាន់ ក៏បដិសេធការហូរចូលនៃជនភៀសខ្លួនទាំងនេះដែរ ក៏ប៉ុន្តែបណ្តាទីភ្នាក់ងារមនុស្សធម៌និយាយថា មានជំរំជនភៀសខ្លួនភូមាក្នុងទីក្រុងណុងដាវ និងក្រុងឡាយិញ ៕
ចែករំលែកព័តមាននេះ