ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​អាសាដ អះអាង​ថា ត្រៀម​​រួមសហការ​​​ធ្វើ​ឱ្យ​មានស្ថេរ​ភាព​​​​នៅស៊ីរី​

14 ឆ្នាំ មុន

​ទីភ្នាក់ងារ​​​​ព័ត៌មានផ្លូវការ​​​ស៊ីរី SANA រាយ​ការណ៍​​​​ថា ប្រធានាធិបតី​​ស៊ីរី​​លោកបាចា អាល់​អាសាដ ​គូស​បញ្ជាក់​​​កាលពីថ្ងៃទី​​៧ កុម្ភៈ ពីការ​ប្តេជ្ញាចិត្ត​របស់ប្រទេស​​​លោក​រួម​សហការជា​មួយ​​រាល់​​ការ​​​ខិតខំ​​ប្រឹងប្រែង​​​ដែលសំដៅ​​ធ្វើ​ឱ្យ​មាន​ស្ថេរភាព​​​នៅស៊ីរី​។​ ការអះអាង​​​បែបនេះ​​​​របស់​លោក​អាសាដ ត្រូវ​​បានធ្វើ​ក្នុង​​​​ពេលជួប​ពិភាក្សា​​​​​ជាមួយរដ្ឋ​មន្ត្រី​​​ការបរទេស​រុស្ស៊ី​ លោកស័រ​ហ្គេយ ឡាវ​រ៉ូវ ​​ដែល​មក​​ដល់​​ស៊ីរី​​​មុននេះ ​​ដើម្បី​ប្រគល់​​​ជូន​លោក​នូវ​​សារ​លិខិត​មួយ​​ច្បាប់​របស់​ប្រធានាធិបតី​​រុស្ស៊ី ​លោកឌីមីឌ្រី ​ម៉េដវេដេវ​។​

លោកអាសាដ ​គូស​បញ្ជាក់​​​ពីការប្តេជ្ញា​ចិត្ត​​​​របស់​ប្រទេស​​​លោក​​ឈានទៅដល់​​ការ​ចរចា​​​ជាតិ​មួយ​​​ ជាមួយ​នឹង​ការ​ចូលរួម​​​របស់​​តំណាង​​រដ្ឋាភិ​បាល​ ពួកប្រឆាំង​​​ និង​​​ឥស្សរ​ជន​​ឯករាជ្យ​​ទាំង​ឡាយ។ ក្នុងពេលជួប​ពិភាក្សាគ្នា​​នេះ លោក​​​​អា​សាដ ​​ជម្រាប​ជូន​លោកឡាវរ៉ូវ ពីបណ្តា​ព្រឹត្តិ​ការណ៍​​នៅស៊ីរី និង​​​ពីភេរវ​កម្ម​ដែលប្រព្រឹត្ត​​​​លើ​ប្រជាជន​​​ស៊ីរី និង​លើបណ្តា​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ ដោយ​ពួក​ភេរវ​ករ​​ដែលទទួល​​ការគាំទ្រ​​ពី​បណ្តា​ភាគី​​នៅក្រៅស្រុក​។

លោកអាសាដ ​​គូស​បញ្ជាក់​​ថា ប្រទេស​របស់​​លោក​ស្វាគមន៍​​​រាល់​ការ​ខិតខំប្រឹងប្រែង​​​​ដែល​សំដៅទ្រទ្រង់​​ដល់​ដំណោះស្រាយ​​វិបត្តិ​​​ ហើយរួម​​សហការដោយពេញទំហឹង​​ជាមួយពួក​អ្នកសង្កេត​ការណ៍​​​សម្ព័ន្ធអារ៉ាប់ ទោះបីជា​​មាន​ឧប​​សគ្គ​​បង្កឡើង​​​ដោយ​ប្រទេស​អារ៉ាប់​​​មួយ​ចំនួន​ក៏ដោយ​។​ ចំពោះ​លោកឡាវរ៉ូវ​វិញ​ថ្លែង​ថា ​កិច្ចប្រជុំ​នេះ​​​សំខាន់ណាស់​​ដែលនា​ឱកាស​នោះ ​លោក​បាន​សម្តែង​ពី​ឆន្ទៈ​​របស់​​​ប្រទេស​លោក​ជួយដល់​ស៊ីរី​​ឱ្យ​​ចេញ​ផុត​ពី​​ភាពចលាចល​​​នាពេលបច្ចុប្បន្ន​​​យោង​តាម​ការផ្តួចផ្តើម​​​​គំនិត​​របស់​សម្ព័ន្ធ​​​អារ៉ាប់​។

លោក​​មាន​ប្រសាសន៍​​ថា ស៊ីរី​​ត្រូវ​ការ​សន្តិភាព​​​ និង​​ថា​ការ​បង្រួបបង្រួម​​​ជាតិ​នឹង​​សម្រេច​​បាន​បើ​គ្មាន​​​ការ​ជ្រៀតជ្រែក​ពីខាងក្រៅ​។​ ដោយ​ឡែក បណ្តា​​ប្រទេសជាសមាជិក​ក្រុម​ប្រឹក្សា​​កិច្ចសហប្រតិបត្តិការ​​ឈូងសមុទ្រ​​​ CCG បាន​សម្រេច​​ដក​​ឯកអគ្គរដ្ឋ​ទូត​​​​ ឬ​ឯក​អគ្គ​រាជ​ទូត ចេញពីស៊ីរី ​ហើយជាមួយ​​​​គ្នានេះ ​​ស្នើ​​​ឱ្យ​​ទូត​ស៊ីរី​​​ចាកចេញ​​​ពីប្រទេសពួកគេ ។ នេះជា​​​សេចក្តី​រាយការណ៍​​​កាលពីថ្ងៃទី​​​៧ កុម្ភៈ ​​របស់​​ទូរទស្សន៍​រដ្ឋ​​​អារ៉ាប៊ី ​សាអូឌីត ៕​