រាជធានីភ្នំពេញ ៖ ពលករខ្មែរចំនួន៧នាក់ក្នុងចំណោម១៤នាក់ដែលទទួលបានការជួយសង្គ្រោះពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី និងអាជ្ញាធរឥណ្ឌូណេស៊ី ខណៈពេលពួកគេរងការជួញដូរធ្វើជាកម្មករលើទូកនេសាទថៃអស់រយៈពេលជាច្រើនឆ្នាំមកនោះបានវិលត្រឡប់មកដល់កម្ពុជាហើយ កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១២ ម្សិលមិញនេះ។ ចំណែកពលករចំនួន៧នាក់ទៀតនឹងត្រូវបញ្ជូនមកដល់កម្ពុជាក្នុងសប្តាហ៍ក្រោយ បន្ទាប់ពីការរៀបចំបំពេញបែបបទរួចរាល់។
មន្ត្រីការទូតបានបញ្ជាក់ថា ការវិលត្រឡប់មកដល់មាតុភូមិរបស់ពលករកម្ពុជាទាំងនោះគឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ីរួមទាំងអាជ្ញាធរនៃប្រទេសនេះបានសហការយ៉ាងសកម្មក្នុងការជួយសង្គ្រោះ ខណៈពេលទូកនេសាទថៃបានចូលនេសាទដោយខុសច្បាប់នៅលើដែនសមុទ្រប្រទេសឥណ្ឌូណេស៊ី។ ពលករខ្មែរទាំងនោះត្រូវបានចាញ់បោកពួកមេខ្យល់បញ្ឆោតឲ្យទៅធ្វើជាកម្មករនេសាទអស់រយៈពេលជាច្រើនឆ្នាំ។
គួរបញ្ជាក់ថា ពលករទាំង៧នាក់ដែលបានវិលត្រឡប់មកដល់កម្ពុជា កាលពីម្សិលមិញនោះរួមមានទី១-ឈ្មោះម៉ម ចាន់មុន្នី, ទី២-ឈ្មោះធៀង រ៉ុង, ទី៣-ឈ្មោះតុប ក្រៀម, ទី៤-ឈ្មោះឈិត ឌឿម, ទី៥-ឈ្មោះអ៊ុន ភក្តី, ទី៦-ឈ្មោះសីហា និងទី៧-ឈ្មោះដែន រ៉េន ដែលពួកគេ គឺជាប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល, ស្វាយរៀង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, កំពត និងខេត្តបាត់តំបង។
ពលករម្នាក់ក្នុងចំណោមពលករទាំង៧នាក់ បានរៀបរាប់ថា គាត់បានចេញទៅបម្រើការងារជាកម្មករនេសាទអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយរងនូវការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ដូចជាធ្វើការទាំងយប់ទាំងថ្ងៃរកពេលសម្រាក ឬដេកពួនមិនបាន ការវាយដំ និងការជេរប្រមាថជាដើម។ ទន្ទឹមនោះតាំងពីចូលធ្វើកម្មករលើទូកនេសាទថៃនោះ គឺគាត់មិនដែលទទួលបានប្រាក់បៀវត្ស ឬប្រាក់ខែនោះឡើយ។ ម្យ៉ាងទៀតពេលចុះទូកនេសាទម្តងៗ គឺរយៈពេល៣ ខែ ទើបគេឲ្យមកសម្រាកលើដីគោគម្តង។
រហូតមកដល់ពេលនេះមានពលករខ្មែរជាច្រើននាក់ហើយដែលចាញ់បោកមេខ្យល់ និងរងការជួញដូរលើទូកនេសាទថៃ ហើយត្រូវរាជរដ្ឋាភិបាលសហការជាមួយអាជ្ញាធរនៃបណ្តាប្រទេសជួយសង្គ្រោះឲ្យពួកគេបានវិលត្រឡប់មកមាតុភូមិវិញ។ តាមព័ត៌មានក្រៅផ្លូវការថា ពួកមេខ្យល់បានបោកបញ្ឆោតប្រជាពលរដ្ឋខ្មែរយកទៅលក់ធ្វើជាកម្មករទូកនេសាទថៃក្នុងតម្លៃ៥.០០០បាតប៉ុណ្ណោះក្នុងពលករម្នាក់ៗដែលតម្លៃនេះមានកម្រិតទាបបំផុតសម្រាប់ការជួញដូរកម្លាំងពលកម្ម។
រាជរដ្ឋាភិបាលកម្ពុជា សំខាន់មន្រ្តីការទូតកម្ពុជា តែងតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យធ្វើការពិចារណាឲ្យបានហ្មត់ចត់មុននឹងសម្រចចិត្តចេញទៅធ្វើការនៅក្រៅប្រទេស ហើយបើចាំបាច់នោះត្រូវទំនាក់ទំនង និងពិភាក្សាជាមួយក្រុមហ៊ុននាំពលករទៅក្រៅប្រទេសដែលធានាដោយច្បាប់ត្រឹមត្រូវ ៕





ចែករំលែកព័តមាននេះ