លោកស្រីអាស្មាអាល់អាសាដ ភរិយារបស់ប្រធានាធិបតីស៊ីរី លោកបាចាអាល់អាសាដ ដែលគ្រួសារលោកស្រីមានដើមកំណើតនៅទីក្រុងហូម ជាលើកដំបូងបានចេញមុខសម្តែងការគាំទ្រចំពោះស្វាមីពុំធ្លាប់មានតាំងពីចាប់ផ្តើមការបះបោរប្រឆាំងប្រធានាធិបតីរយៈពេល១១ខែមកហើយ ។ នេះជាសេចក្តីរាយការណ៍កាលពីថ្ងៃទី៧ កុម្ភៈ របស់កាសែតអង់គ្លេស THE TIMES ។
ក្នុងអត្ថបទមួយផ្ញើពីការិយាល័យលោកស្រីតាមរយៈមនុស្សម្នាក់ទៅឱ្យកាសែតនេះ លោកស្រីអាស្មាអាល់ អាសាដ អះអាងថា ប្រធានាធិបតីជាប្រធានាធិបតីរបស់ស៊ីរីពុំមែនរបស់ភាគីស៊ីរីណាមួយឡើយ រួចស្ត្រីទីមួយត្រូវគាំទ្រតួនាទីនេះ។ អត្ថបទនោះគឺជាការទាក់ទងលើកដំបូងរបស់លោកស្រីអាស្មាអាល់ អាសាដ ជាមួយម៉ាស៊ីនឃោសនាអន្តរជាតិចាប់តាំងពីមានការបះបោរប្រឆាំងរបបលោកបាចាអាល់អាសាដ មក។
លោកស្រីអាស្មា តែងផ្តោតសំខាន់ដល់បណ្តាសមាគមមនុស្សធម៌ទាំងឡាយ ដែលលោកស្រីចូលប្រឡូកចាប់តាំងពីយូរមកហើយ ហើយជួយជាពិសេសដល់ការអភិវឌ្ឍជនបទព្រមទាំងជួយទ្រទ្រង់ដល់ប្រធានាធិបតី ។ យោងតាមអត្ថបទនេះ លោកស្រីអាស្មា អាល់ អាសាដ ក៏ជួយលើកទឹកចិត្តផងដែរដល់ការចរចា។ លោកស្រីបានស្តាប់ ហើយជួយដល់បណ្តាគ្រួសារជនរងគ្រោះដោយសារអំពើហិង្សា។
ការអះអាងទាំងនេះធ្វើឡើងក្រោយការវាយប្រហារថ្មីៗរបស់កងទ័ពប្រឆាំងពួកបះបោរ ហើយជាពិសេសប្រឆាំងទីក្រុងហូម ជាកន្លែងមានការតវ៉ាខ្លាំងក្លា ដែលកាលពីថ្ងៃទី៦ កុម្ភៈ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៧៩នាក់ ក្នុងប្រទេស។ ផ្ទុយពីស្វាមីលោកស្រីមានប្រភពពីជនជាតិភាគតិចអាឡាហ្វីតៃ លោកស្រីអាស្មា អាយុ៣៦ឆ្នាំ កើតនៅប្រទេសអង់គ្លេស ជានារីអ៊ិស្លាម និកាយស៊ុននីត ដែលគ្រួសារលោកស្រីមានប្រភពនៅទីក្រុងហូម។
លោកស្រីទទួលសញ្ញាបត្រនៅ KING’S COLLEGE ទីក្រុងឡុងដ៍ ជាអតីតទីប្រឹក្សាខាងវិនិយោគ ។ លោកស្រីបាត់មុខពីជីវភាពនយោបាយតាំងពីផ្ទុះការបះបោរមក ហើយរងការរិះគន់ដោយសារការសំងំស្ងៀមរបស់លោកស្រីចំពោះវិបត្តិក្នុងប្រទេស ៕
ចែករំលែកព័តមាននេះ