រាជធានីភ្នំពេញ ៖ វគ្គប្រកួតជម្រុះវិលជុំចុងក្រោយបាល់ទាត់ពានរង្វាន់សម្តេចតេជោហ៊ុន សែន ឆ្នាំ២០១២ ពូលC និងពូលD ដែលប្រកួតនៅទីលានពហុកីឡដ្ឋានជាតិ និងទីលានស្តាតចាស់បានបញ្ចប់ហើយ កាលពីរសៀលថ្ងៃចន្ទទី៦ កុម្ភៈកន្លងមកនេះ ។ សម្រាប់ពូលC ដែលប្រកួតនៅទីលានពហុកីឡដ្ឋានជាតិ ក្រុមព្រះខ័នរាជ្យ បានយកឈ្នះក្រុមខេត្តស្ទឹងត្រែងរហូតដល់១៣-១។ ចំណែកឯក្រុមបៀលប្រាយយូណាយធីតវិញ បានយកឈ្នះក្រុមខេត្តកោះកុង ក្នុងលទ្ធផល៨-២។
នៅក្នុងពូលC ពេលនេះក្រុមព្រះខ័នរាជ្យ បានឈរនៅលេខរៀងទី១ ក្នុងពូល ដែលការប្រកួត៣លើកឈ្នះ២ ស្មើ១ មាន៧ពិន្ទុ ។ ចំណែកលេខ២ បានទៅលើក្រុមបៀលប្រាយ យូណាយធីត ឈ្នះ២ ស្មើ១ មាន៧ពិន្ទុដូចគ្នា ប៉ុន្តែគ្រាប់សំណល់របស់ក្រុមព្រះខ័នរាជ្យ មានច្រើនជាង ។ ដូច្នេះសម្រាប់ពូលC រកឃើញក្រុមចំនួន២រួចហើយដែលមានឱកាសបានឡើងទៅលេងនៅវគ្គជម្រុះ៨ក្រុមចុងក្រោយបន្តទៀតនោះ គឺព្រះខ័នរាជ្យនិងក្រុមបៀលប្រាយយូណាយធីត ។
ឯនៅពូល D ដែលប្រកួតនៅទីលានស្តាតចាស់ ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមខេត្តកំពង់ចាម បឹងកេត ១-០ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិយកឈ្នះក្រុមខេត្តក្រចេះ២២-០ ។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិលេងបាន៣ប្រកួតឈ្នះ២ ស្មើ១ មាន៧ពិន្ទុ ឯក្រុមភ្នំពេញក្រោនលេងបាន៣ប្រកួតដូចគ្នា ឈ្នះ២ ស្មើ១ ដូចគ្នាទៀត ប៉ុន្តែក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិមានគ្រាប់សំណល់ច្រើនជាង ក្រុមភ្នំពេញក្រោនស្ថិតនៅលេខរៀងទី១ ក្នុងពូល ។ រីឯក្រុមភ្នំពេញក្រោនធ្លាក់មកនៅលេខ២ ក្នុងពូលវិញ ៕
ចែករំលែកព័តមាននេះ