ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​ល​ស្ងៀម​ស្ងាត់​អាច​​ជា​​បុគ្គ​ល​​មាន​ជំងឺ​ផ្លូវ​ចិត្ត​

14 ឆ្នាំ មុន

ជំ​ងឺផ្លូវ​ចិត្ត​​មាន​ច្រើន​ណាស់​ ដែល​ស្តែង​​ឱ្យ​ឃើញតាម​រយៈអា​កប្ប​ករិ​យា​​​​នៅ​ក្នុង​ស្ថាន​ភាព​​​ស្ងៀ​ម​ស្ងាត់​ ឧ​ទា​ហរណ៍​​​​ដូចជា​ពេលធ្លាក់ទឹក​ចិត្ត​ដែល​​បង្ក​ឱ្យ​បុគ្គ​ល​​ប្រភេទ​នេះ ក្លាយ​ជា​​ស្ងៀម​ស្ងាត់ ដោយ​មិន​សូវ​​និយាយ​ច្រើន​ មិន​សូវ​មានទំ​នាក់ទំ​នង​​ទៅ​នឹង​សង្គម​​ច្រើន​នោះ​ទេ ។ បុគ្គ​ល​ទាំង​នេះ​ក្លាយ​​ទៅ​ជា​អ្នក​មា​ន​បញ្ហាផ្លូវ​ចិត្ត​​ ឬ​មាន​ជំ​ងឺ​ផ្លូវ​ចិត្ត​​រួច​ទៅ​ហើយ ។ ជំ​ងឺ​ផ្លូវ​ចិត្ត​​មាន​ច្រើន​ទៀត​ ដូច​ជា​ពួក​វិ​កល​​​ចរិត​​មួយ​ចំ​នួន​ដែល​ជា​សញ្ញា​​​នៃ​ជំ​ងឺ​ផ្លូវ​​ចិត្ត​​ដំ​បូង​ ។ បុគ្គ​ល​ប្រភេទ​នេះ​ក៏​ជា​បុគ្គ​ល​ស្ងៀម​ស្ងាត់​ដែរ ។ ​បុគ្គ​ល​មួយ​​​ទៀត​ដែល​មិន​សូវ​​និ​យាយ​ស្តី សូម្បី​តែ​ក្រុ​ម​​គ្រួ​សារ​ សូ​ម្បី​តែ​មិត្ត​ភក្តិ​​ ឬ​ក៏​បង​ប្អូន​ជាទី​ស្រ​ឡាញ់​​ដែល​ធ្លាប់​ប្រា​ស្រ័យ​ទាក់ទង​ ដែល​ធ្លាប់ធ្វើ​​ការ​សន្ទ​នា​​​គ្រប់​ពេល​វេលា​​​នោះ ​បែរ​ជា​​មាន​សភាព​ស្ងៀម​ស្ងាត់​​លែង​និ​យាយ​ស្តី ពួន​សម្ងំ​​​​ែត​​ឯង គឺ​ប្រាកដ​ជា​មាន​បញ្ហា​ផ្លូវ​ចិត្ត ។

ដូច​នេះ​​ក្រុម​គ្រួ​សារ​​​ក៏​អា​ច​សម្គាល់​បាន​​ដែរ គឺ​ត្រូវ​ធ្វើ​​ការ​ប្រៀប​ធៀប​ថា ពី​មុន​ និង​ពេល​បច្ចុ​ប្បន្ន​​ ​​តើ​​បុគ្គល​ម្នាក់​នេះ​មាន​លក្ខណៈ​ដូច​ម្តេច? ជា​បុគ្គ​ល​​ស្ងៀម​​ស្ងាត់​​តាំង​ពី​ដើម​​មក ឬ​ទើប​តែ​មាន​​ភាព​ស្ងៀម​ស្ងាត់​នៅ​ក្នុង​​​រយៈ​កាល​ខ្លី​ណា​មួយ។ ប្រ​សិន​​​បើ​លោក​អ្នក​​​សង្កេតឃើញ​ថា បុគ្គ​ល​​ម្នាក់​នេះ​ជា​បុគ្គល​ដែល​​ធ្លាប់​តែ​រួស​រាយ​​ជជែក​រាក់ទាក់​​ជា​មួយ​ក្រុម​គ្រួ​សារ​​មិត្ត​ភក្តិ​ជិត​ខាង ប៉ុន្តែ​នៅ​ក្នុង​រយៈ​កាល​ក្រោយ​​មក​​ បែរ​ទៅ​​ជា​​​ស្ងៀម​ស្ងាត់​លែង​​និយាយ​ស្តី​​ នេះគឺ​ជា​សញ្ញា​​សំ​​ខាន់​ដែល​បង្ហាញ​​​ឱ្យ​ដឹង​ថា ​បុគ្គ​ល​នេះ​​មាន​បញ្ហា​ផ្លូវ​ចិត្ត​​ហើយ ។​ ដូ​ច​នេះ​​ត្រូវ​នាំ​អ្នក​ជំ​ងឺ​​ទៅ​ជួប​ជា​មួយ​​អ្នក​ជំ​នាញ​ ដើម្បី​​ធ្វើ​ការ​ពិ​គ្រោះ​​ ​​ដើម្បី​កំ​ណត់​ថា បុគ្គ​ល​ម្នាក់​នេះ​កំពុង​មាន​ជំងឺ​ផ្លូវ​ចិត្ត​បែប​ណា​ ។

ផ្អែក​ទៅ​តាម​ចិត្ត​​វិទ្យា និង​​ផ្អែក​ទៅ​តាម​ចិត្ត​​​សាស្ត្រ​​បុគ្គ​ល​ដែល​មាន​លក្ខណៈ​ស្ងៀម​ស្ងាត់ ភាគ​​ច្រើន​​​ងាយ​រង​នូវ​បញ្ហា​ផ្លូវ​ចិត្ត​ច្រើន​​ ជាង​​បុគ្គ​លិក​​ដែល​មិន​មាន​ភាព​ស្ងៀម​ស្ងាត់ ព្រោះ​កាល​​ណា​បុគ្គ​ល​ស្ងៀម​ស្ងាត់ប្រភេទ​នេះ​មាន​បញ្ហា​​អ្វី​មួយ​​​ក្នុង​សង្គម ពេល​ដែល​មាន​បញ្ហា​​បុគ្គ​ល​ដែល​​ស្ងៀម​ស្ងាត់​​​លាក់ទុក្ខ​បញ្ហា​នៅ​ក្នុង​ចិត្ត​ដោយ​​ មិន​​បាន​បញ្ចេញ​ មិន​បាន​​ទំ​នាក់ទំ​នង មិន​បាន​បក​ស្រាយ​រាល់​បញ្ហា​ ដែល​​កើត​​​មាន​ចំ​ពោះ​ខ្លួន​​ទៅ​ឱ្យ​​អ្នក​ដ​ទៃ​បាន​ដឹង ។ ​ដូច​នេះ​ប្រ​សិន​បើ​បុគ្គល​​ដែល​មាន​​​​ភាព​ស្ងៀម​ស្ងាត់​បែប​នេះ ទោះ​បី​​ជា​មិន​មានជំងឺ​​ក៏​ដោយ​ ឥ​រិយា​ប​ថ​​​បែបនេះ​មិន​សម​រម្យ​​​នោះ​ទេ​​ ដែល​វា​ងាយ​នឹង​ប៉ះ​ទង្គិច​ច្រើន​ជាង​​​អ្នក​ដែលមិន​ស្ងៀ​ម​ស្ងាត់ នេះ​គឺ​ជា​ផល​លំ​បាក​​ចំ​ពោះ​អ្នក​​ដែល​​មាន​លក្ខណៈ​​ស្ងៀម​ស្ងាត់ ។ ​មួយ​ទៀត​ បើ​សិន​ជា​បុគ្គ​ល​​ដែលមាន​សភាព​ស្ងៀម​ស្ងាត់​ ដែល​កាល​ពី​មុន​ជា​មនុស្ស​រួស​រាយ​​និយាយ​​​​ច្រើន​តែ​​ប្រែ​ទៅ​ជា​ស្ងៀម​ស្ងាត់ ហើយ​ឪពុក​ម្តាយ​ឬ​ក៏​​បង​ប្អូន មិត្ត​ភក្តិ​​ និង​អ្នក​ដែល​នៅ​​ជុំ​វិញ​​ខ្លួន​ បើ​មិន​បាន​ចាប់​អារម្មណ៍​​​​​នឹង​បុគ្គ​ល​ប្រ​ភេទ​នេះ យូរ​​ៗទៅ​អាច​ធ្វើ​ឱ្យ​បុគ្គ​ល​នេះ​កើត​មាន​បញ្ហា​​ផ្លូវ​ចិត្ត​​​កាន់​តែ​ធ្ងន់​ធ្ងរ អាច​​គិត​ខ្លី​​​​ឈាន​ទៅ​ដល់​សម្លាប់​ខ្លួន​ ឬ​ក៏​បង្ក​ឱ្យ​កើត​មាន​បញ្ហា​​​​​ជា​​​ច្រើន​​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​គ្រួ​សារ​​​ និង​សង្គម​​​ ជា​ពិសេស​​​បុគ្គ​ល​ខ្លួន​ឯង​តែ​ម្តង ។

ដូច្នេះ​ដើម្បី​ការ​ពារ​កុំ​ឱ្យ​កើត​មាន​ភាព​ស្ងៀម​ស្ងាត់​ ដែល​បង្ក​ឱ្យ​កើត​មាន​​វិបត្តិ​​ផ្លូវ​ចិត្ត​ បុគ្គ​ល​ដែល​មាន​ស​ភាព​ស្ងៀម​ស្ងាត់​តាំង​ពី​កំ​ណើត​ត្រូវ​តែ​ផ្លាស់​ប្តូ​​រឥរិយា​បថ ​គឺ​ចេះ​ទំ​នាក់ទំ​នង​​នឹង​​សង្គម​​ខាង​ក្រៅ ។ ក្រុម​គ្រួ​សារ​ត្រូវ​តែ​ដឹង​ថា ​ឥរិយា​បថ​​ស្ងៀម​​​ស្ងាត់ គឺ​មិន​​​​ល្អ​​​ ។ ដូច្នេះ​ត្រូវ​តែ​នាំ​​សមា​ជិក​​ទាំង​ឡាយ​នៅ​ក្នុង​​​ក្រុមគ្រួ​សារ​​ដែល​ស្ងៀម​ស្ងាត់​ឱ្យ​ចេះ​និយាយ​​ ចេះ​ជជែក​ គឺ​ចាប់​ផ្តើម​​​ពី​មនុស្ស​​ដែល​ស្និទ្ធ​ស្នាល​ជាង​គេ ។ ​ត្រូវ​ទុក​ឱ​កាស​​ឱ្យ​បុគ្គ​ល​ដែល​ស្ងៀម​ស្ងាត់​និយាយ​​បរិយា​យ​​ឱ្យ​បាន​ច្រើន ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​​​ឱ្យ​បញ្ចេញ​​យោ​បល់​បាន​​​ច្រើន​​ជាង​មនុស្ស​​​ដែល​មិន​ស្ងៀម​ស្ងាត់ ។ បើ​សិន​ជា​​នៅ​ក្នុង​សាលា​​​រៀន សាស្ត្រា​ចារ្យ ឬ​គ្រូ​​បង្រៀន​ គឺ​​ត្រូវ​តែ​លើក​ទឹក​ចិត្ត​​​ឱ្យ​បុគ្គល​ប្រភេទ​​នេះ​និយាយ​​ស្តី​ឱ្យ​ក្លា​ហា​ន​ ឱ្យ​បញ្ចេញ​ម​តិ​​បាន​ច្រើន​​ជាង​គេ ។ នេះ​គឺ​ជា​​ឥរិយា​​បថ​សម្រាប់​​អ្នក​ដែល​មាន​សភាពស្ងៀម​ស្ងាត់​​ពី​កំ​ណើត​មក ។ រី​ឯអ្នក​ដែល​មាន​ស​ភាព​​​ទើប​តែ​​ស្ងៀម​ស្ងាត់​​ ដែល​ខុស​ប្រក្រតីក្រុម​គ្រួសារ​​​ត្រូវតែ​យក​ចិត្ត​​ទុក​ដាក់​តាម​ដាន​​ហើយ​ត្រូវ​​នាំ​​ទៅ​​ជួប​ជា​មួយ​អ្ន​ក​ជំ​នាញ​​ជា​ប្រ​ញាប់​​ ទើប​​ដឹង​ថា បុគ្គ​ល​នេះ​មាន​បញ្ហា​អ្វី​កើត​ឡើង ៕