ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​អំ​ពី​​បញ្ហា​ផ្លូវ​​ចិត្ត​ចំ​ពោះ​​​បុគ្គល​ស្ងៀម​ស្ងាត់​

14 ឆ្នាំ មុន

ចរិត​លក្ខណៈរបស់​មនុស្ស​យើ​ង​​​​ម្នាក់​ៗ កើត​មាន​មិន​​​​​ដូច​គ្នា​​ទេ ​ដោយ​បុគ្គ​ល​ខ្លះ​ជា​មនុស្ស​ស្ងៀម​​ស្ងាត់​ ចំណែក​ឯ​បុគ្គ​ល​ខ្លះទៀត​ជា​មនុស្ស​រួស​រាយ​រាក់​ទាក់​ចូល​ចិត្ត​ជជែក មិន​​ចូល​ចិត្ត​លាក់​​បញ្ហា​​ដែល​កើត​មាន​​ក្នុង​​​​ចិត្ត ។ ​ប៉ុន្តែ​​បើ​​សិន​ជា​ថ្ងៃ​ណា​មួយ​​​បុគ្គល​ដែលចូល​​ចិត្ត​​​និយាយ​​ច្រើន​​នេះ​បែរ​ជា​​លែង​ចង់​និ​យាយ​ស្តី​ប្រែ​ទៅ​​ជា​ស្ងៀម​ស្ងាត់​នោះ ​អ្នក​​​​ដែល​​នៅ​ជុំ​វិញ​ខ្លួន​ងាយ​នឹង​​​​​មើល​ដឹង​​ថា បុគ្គ​លប្រ​ភេទ​នេះ កំ​ពុង​​មាន​បញ្ហា​​ខុស​ប្លែក​​ពី​បុគ្គ​ល​ដែល​ស្ងៀម​ស្ងាត់​ពី​កំណើត​ ដែលទោះ​បី​ជា​មាន​បញ្ហា​​អ្វី​ក៏​បុគ្គ​ល​​ប្រ​ភេទ​នេះ​មិន​មាន​​អ្នក​ដឹង​ច្បាស់​អំ​ពី​បញ្ហា​របស់​គេ​នោះដែរ​ ។

លោក​វេ​ជ្ជ​​បណ្ឌិត​​យឹម សុ​បុត្រា អ្នក​ឯក​ទេស​វិកល​​វិទ្យា នៃ​គ្លី​និក​សាន់​ រ៉ាយ ​បាន​​មាន​ប្រ​សាសន៍​ឱ្យ​ដឹង​ថា​ លក្ខ​ណៈធម្ម​តា​​របស់​មនុស្ស​ម្នាក់ៗ គឺ​មាន​អា​កប្ប​ករិយា​​ខុស​ប្លែក​ពី​គ្នា​ ដោយ​បុគ្គ​ល​ខ្លះ​មា​ន​ទំនាក់ទំ​នង​នឹង​សង្គម​​ខាង​ក្រៅ​ច្រើន ហើយ​​បុគ្គល​​​ប្រភេទ​​នេះ​​ជា​បុគ្គ​ល​មាន​​ការ​ជជែក​​និយាយ​លេង អា​ច​បញ្ចេញ​យោ​បល់​​​អាច​ផ្តោះ​​ផ្តង​​រាល់​សកម្ម​​ភាព​​ទាំង​​ឡាយ​ ឬ​ក៏​បញ្ហា​​ទាំង​​ឡាយ​​​ជា​មួយ​​មិត្តភក្តិ​ ជា​មួយ​​ម​ហា​ជន​ដែល​នៅ​ជុំ​វិញ​ខ្លួន ។ បុគ្គ​ល​​ប្រ​ភេទ​នេះ​មិន​មែន​ជា​បុគ្គ​ល​​ស្ងៀម​ស្ងាត់​​នោះ​ទេ ជា​បុគ្គ​ល​ដែល​អា​ច​ជជែក​​​ អាច​និ​យាយ​ដែល​មាន​លក្ខណៈបើក​ចំ​ហ​ដែល​អាច​វែក​​ញែក​ អាច​បញ្ចេញ​យោ​បល់​ ទៅ​អ្នក​ដែល​នៅ​ជុំ​វិញ​​ខ្លួន ។ រី​ឯ​បុគ្គ​ល​​មួយទៀត​ជា​​បុគ្គ​ល​ដែល​ស្ថិត​នៅ​ក្នុង​អា​ក​ប្ប​ករិ​យា​​ស្ងៀម​ស្ងាត់​​ដែល​មាន​តាំង​ពី​កំ​ណើត​មក ។​ បុ​គ្គ​ល​​ប្រភេទ​នេះ​មិន​សូវ​ជា​មាន​ពាក្យ​សម្តី​​ ឬ​ក៏​មិន​សូវ​មាន​​ទំ​នាក់ទំនង​ខាង​ក្រៅ​​ច្រើន​​​​នោះ​ទេ ​ដោយ​សារ​តែ​​បុគ្គល​ប្រ​ភេទ​នេះ​ចូល​ចិត្ត​អ្វី​ដែលជា​ភាព​ស្ងៀម​​ស្ងាត់​ ដោយ​មិន​បញ្ចេញ​​មតិ​យោ​បល់​ទាំង​​ឡាយ​ឱ្យ​អ្នក​ដទៃ​​បាន​ដឹង​ច្រើន​​ឡើយ ទោះ​បី​ជា​ចូល​​​​​​រួម​នៅ​ក្នុង​កម្ម​វិធី ឬ​ក៏​​ព្រឹត្ត​ការណ៍​សង្គម​​​ក៏​ដោយ ។

ប្រ​សិន​បើ​និយាយ​​ពី​បុគ្គល​ដែល​​មាន​លក្ខណៈ​មួយ​ទៀត​​គឺ​មាន​ទំ​នាក់ទំ​នង​​ទៅ​នឹង​ចិត្ត​សាស្ត្រ​​ ឬ​ទំ​នាក់​ទំ​នង​ទៅ​នឹង​បញ្ហា​​ផ្លូវ​ចិត្ត ជួន​កាល​បើ​សិន​ជា​លោក​អ្នក​មិន​មែនជា​អ្នក​ជំ​នាញ​​ ​ទៅ​ប្រាស្រ័យ​ទាក់ទង​ជាមួយបុគ្គល​ប្រ​ភេទ​នេះ​​ ដោយ​មិន​បាន​វិ​ភាគ​ មិន​បានសាក​សួរ​​ត្រឹម​ត្រូវ​​ លោក​អ្នក​មិន​អាច​​ដឹង​​ថា បុគ្គល​នេះ​មាន​បញ្ហា​​​ផ្លូវ​ចិត្ត​នោះ​ទេ ​លុះ​​ត្រា​តែ​អ្នក​​ជំ​នាញ​​ អ្នក​ឯក​ទេស​វិ​​កល​វិទ្យា​​ទើប​​អាច​ដឹង​ថា បុគ្គល​ស្ងៀម​ស្ងាត់​​​ប្រ​ភេទ​នេះ​មិន​មែន​ជា​បុគ្គ​ល​ធម្ម​តា គឺ​​ជា​បុគ្គ​ល​​ដែល​អាច​មាន​បញ្ហា​ជំ​​ងឺ​ផ្លូវ​ចិត្ត​ ៕