ក្រុងប៉ោយប៉ែត ៖ ក្រុមការងារមន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែតឱ្យដឹងថា នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១២ ពលរដ្ឋខ្មែរប្រុសស្រីពីរនាក់ជិះម៉ូតូឆ្លងដែនចូលទៅក្នុងទឹកដីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយគ្មានច្បាប់់់ ហើយបន្ទាប់មកត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន។
មន្ត្រីរូបនោះឱ្យដឹងថា ពលរដ្ឋខ្មែរពីរនាក់នោះឈ្មោះជែម ជាង ភេទស្រី អាយុ២១ឆ្នាំ និងឈ្មោះជែម រស់ ភេទប្រុស អាយុ១៧ឆ្នាំ ជាបងប្អូនបង្កើតនឹងគ្នារស់នៅឃុំចម្ការ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។ ពួកគេជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវគ្មានស្លាកលេខចូលទៅក្នុងទឹកដីថៃតាមច្រកប៉ោយប៉ែត លុះដល់ប៉ុស្តិ៍ប៉ូលិសថៃត្រូវគេសួរនាំរកលិខិតស្នាមតែពួកគេគ្មានទេ ដូច្នេះហើយត្រូវគេឃាត់ខ្លួនបញ្ចូនទៅស្រុកអរញ្ញប្រាថេត ។
ប្រភពព័ត៌មានមួយឱ្យដឹងថា មុនពេលសមត្ថកិច្ចសៀមឃាត់ខ្លួន២នាក់បងប្អូននោះ ជិះម៉ូតូម៉ាកវ៉េវ ចេញមកពីប្រទេសថៃតាមច្រកបឹងត្រកួន ទៅលេងផ្ទះបងប្អូននៅក្នុងភូមិកូបសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ បន្ទាប់មកពួកគេជិះចូលទៅក្នុងទឹកដីថៃវិញតាមច្រកប៉ោយប៉ែតក៏ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនតែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា បើពលរដ្ឋទាំងពីរនាក់បងប្អូននោះគ្រាន់តែជិះម៉ូតូចូលទៅក្នុងទឹកដីថៃដោយគ្មានច្បាប់ គឺគ្មានបញ្ហាអ្វីឡើយ ប៉ុន្តែបើពួកគេជាប់ពាក់ព័ន្ធនឹងករណីចោរកម្មឆ្លងដែននោះពិតជាជាប់ទោសនៅក្នុងប្រទេសថៃ ៕
ចែករំលែកព័តមាននេះ