យោងទៅតាមប្រភពព័ត៌មានអេស៊ីញូចេញផ្សាយកាលពីថ្ងៃអង្គារទី៧ កុម្ភៈ ឆ្នាំ២០១២ បានឱ្យដឹងថា បវរកញ្ញាចក្កវាឡម៉ាឡេស៊ីឆ្នាំ២០១២ នឹងត្រូវចាកចេញពីស្រុកកំណើត
របស់នាងទៅកាន់ទីក្រុងគូឡាឡាំពួនៅសបា្តហ៍ក្រោយនេះ ដើម្បីចូលរួមហ្វឹកហាត់ត្រៀមប្រឡងបវរកញ្ញាចក្កវាឡឆ្នាំ២០១២ ។ ទាក់ទងទៅនឹងការចាកចេញឆ្ងាយពីលោកអ្នកមានគុណ និងស្រុកកំណើតដែលនៅឆ្ងាយពីទីក្រុងគូឡាឡាំពួចម្ងាយ៣៧០គីឡូម៉ែត្រ នាងគឹម ប៊ែលី បានសម្តែងនូវអារម្មណ៍ស្រណោះស្រណោកឯកោនឹកស្រុកកំណើតថា ខ្ញុំមានអារម្មណ៍ឯកោខ្លាំងណាស់ ពីព្រោះវាគឺជាលើកទី១ហើយដែលខ្ញុំត្រូវរសាត់ឃ្លាតឆ្ងាយពីឪពុកម្តាយ ញាតិមិត្តរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំត្រូវតែតស៊ូ ដើម្បីបានទៅចូលរួមប្រឡងបវរកញ្ញាចក្កវាឡឆ្នាំ២០១២នេះ ។
បវរកញ្ញាកូនកាត់ម៉ាឡេស៊ី-ហូឡង់រូបនេះ បានឱ្យដឹងទៀតថា ការធ្វើដំណើរមកកាន់ទីក្រុងគូឡាឡាំពួរលើកនេះ គឺមានគោលបំណងពីរ ទី១-គឺត្រៀមហ្វឹកហាត់សម្រាប់ចូលរួមប្រឡងបវរកញ្ញាចក្រវាឡឆ្នាំ២០១២ តំណាងឱ្យប្រទេសម៉ាឡេស៊ី និងទី២-គឺចង់បន្តការសិក្សាផ្នែកជំនួញបន្តទៀត ។ គួររំលឹកដែរថា នាងគឹម ប៊ែលី បានជាប់ជាបវរកញ្ញាចក្កវាឡរបស់ប្រទេសម៉ាឡេស៊ីកាលពីខែតុលា ឆ្នាំ២០១១ ដូច្នេះនាងត្រូវត្រៀមហ្វឹកហាត់បន្តទៀត ដើម្បីចូលរួមប្រកួតប្រជែងបវរកញ្ញាចក្កវាឡ ឆ្នាំ២០១២ លើកទី៦១ ដើម្បីទៅស្នងតំណែងបវរកញ្ញាអង់ហ្គោឡា ឡេឡា ឡូប៉ែស ៕




ចែករំលែកព័តមាននេះ