ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2នាក់​ប្តី​ប្រពន្ធ​​​​ទើប​​រៀប​ការ​​​​រួច​ក្លាយ​ជា​​​ជើងខ្លាំង​​ពេល​ផឹកស៊ី​

14 ឆ្នាំ មុន

ខេត្ត​បាត់ដំបង  ៖​ ជនទំនើង​មួយក្រុម​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីពួកគេ​ផឹក​ស៊ី​ស្រវឹងធ្លាក់ភ្លែក ហើយច្បាំងគ្នាបែកផ្សែង​ផ្អើលភ្ញៀវនៅក្នុងអាហារដ្ឋានមួយយីហោ«ម្លប់​អំពិល»ដែលស្ថិតនៅក្នុងភូមិរំចេក៣ សង្កាត់​រតនៈ ក្រុងបាត់ដំបង កាលពីវេលាម៉ោង៥និង​៣០នាទីល្ងាចថ្ងៃទី៦កុម្ភៈ។ ប៉ុន្តែអ្វីដែលធ្វើឱ្យ​មានការភ្ញាក់ផ្អើលកាន់តែខ្លាំងនោះនៅពេល​ដែលគេឃើញក្រុមជនទំនើង​ ជាពិសេសប្ដី ប្រពន្ធ​មួយគូដែលទើបរៀបការរួចថ្មីថ្មោង​បាន​ស្រែក​តិះដៀលសមត្ថកិច្ចកប់ៗមាត់ ក្នុងគ្រា​ដែល​កម្លាំង​សមត្ថកិច្ចចុះជួយអន្តរាគមន៍ ។

លោកអនុសេនីយឯកគឹម ពន្លក ប្រធាន​ក្រុម​បង្ការបង្ក្រាបកម្លាំងនគរបាលព្រហ្មទណ្ឌ​ខេត្ត​ដែលបានដឹកនាំកម្លាំងចុះអន្តរាគមន៍លើករណី​នេះបាននិយាយថា ជម្លោះនោះបានកើតឡើង​នៅ​ក្នុងក្រុមតែមួយ ដែលម្នាក់ៗមានប្រឡាក់​ឈាមពេញខ្លួន ។ លោកបន្តថា ដោយឃើញពួក​គេ​មានឈាមប្រឡាក់គ្រប់ៗគ្នាបែបនេះទើប​សមត្ថកិច្ចយើងសួរនាំអំពីមូលហេតុ តែត្រូវពួក​គេឆ្លើយតបដោយសំដីស្រែកតិះដៀលសមត្ថកិច្ច​វិញយ៉ាងចាស់ដៃ និងចង្អុលមុខសមត្ថកិច្ចស្ទើរ​ដល់​ថ្ងាស ជាពិសេសស្ត្រីម្នាក់ និងបុរសម្នាក់​ដែល​ពួក​គេអះអាងថា ជាប្ដីប្រពន្ធនឹងគ្នាដែល​ទើបរៀបការរួចថ្មីថ្មោង ។ ស្ថិតក្នុងស្ថានភាព​បែបនេះទើបលោកស្នងការបញ្ជាឱ្យនាំខ្លួនពួកគេ​ទាំងអស់យកទៅកាន់ស្នងការដ្ធានខេត្តដើម្បី​សួរនាំ ។

លោកមៀន ឡាយ នាយការិយាល័យនគរ​បាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា ក្រុមជនទំនើង​ទាំង៦នាក់រួមមាន១-ឈ្មោះ​ពុទ្ធ សុទិតសា ភេទប្រុស អាយុ២២ឆ្នាំ ២-ឈ្មោះ​សែម ស្រីភា ភេទស្រី អាយុ២៦ឆ្នាំ ទាំង​​២នាក់​នេះជាប្ដីប្រពន្ធទើបរៀបការរួច ៣-ឈ្មោះ​សោម កញ្ញា ភេទស្រី អាយុ២៤ឆ្នាំ បម្រើការ​នៅហាងខារ៉ាអូខេអាស៊ានក្លឹប ៤-ឈ្មោះហួត សុផៃ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស ៥-ឈ្មោះ​សែម សាមឿន ភេទប្រុស អាយុ២២ឆ្នាំ ៦-ឈ្មោះភិន សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង​២​នាក់​នេះ​ជាកម្មករសំណង់ ។ លោក​នាយ​ការិយាល័យរូបនេះបានបន្តថា ក្រុមនេះត្រូវបាន​លោកស្នងការនិងលោកព្រះរាជអាជ្ញាបញ្ជាឱ្យ​ឃាត់ខ្លួន ហើយកសាងសំណុំរឿង ដើម្បីបញ្ជូន​ទៅតុលាការ ។

ក្នុងគ្រានោះមនុស្សរាប់រយនាក់បានចោម​រោមមើលកកស្ទះពេញផ្លូវ ។ រីឯម្ចាស់ហាង​បាន​ចាក់សោរបងមិនឱ្យក្រុមជនទំនើង​ចេញឡើយ​ព្រោះពួកគេបានវាយកែវបែកខ្ទេចខ្ទីអស់គ្មាន​សល់ ។ នៅពេលដែលកំលាំងសមត្ថកិច្ចចូល​ដល់ក្នុងហាងដើម្បីសួរនាំជនបង្កហេតុ ស្រាប់​តែគេឃើញឈ្មោះសុទិតសា និងស្រ្តីឈ្មោះ​ស្រីភា បានស្រែកដៀលសមត្ថកិច្ចថា «ខ្លាច​អីអាប៉ូលិសអស់នេះ វាគ្មានបានការអីទេ វាមាន​សិទ្ធិ​អីមកចាប់អញ ។ ជាមួយគ្នានោះជន​២នាក់​នេះដែលអះអាងថា ជាប្ដីប្រពន្ធនិងគ្នា​ទើបរៀប​ការ​រួចនោះបានចង្អុលមុខសមត្ថកិច្ចស្ទើរ​ដល់ៗថ្ងាស ខណៈដែលសមត្ថកិច្ចបានព្យាយាម​អត់ធ្មត់​ស្ទើរទប់មិនបាន ។

រីឯអ្នកស្រីនាក់ ជា អាយុ៤៧ឆ្នាំ ដែលជា​ម្ចាស់​​ហាងបាននិយាយថា ពេលពួកគេឈ្លោះ​ប្រកែកគ្នាអ្នកស្រីមិនបានដឹងទេ តែបានដឹង​នៅ​ពេលពួកគេប្រទាញប្រទង់គ្នាដែលម្នាក់ៗមាន​ឈាមប្រឡាក់ពេញខ្លួនហើយកែវបែកខ្ទេចខ្ទី​អស់ ។ អ្នកស្រីបន្តថា ឃើញ​ដូច្នេះកូនចៅអ្នក​ស្រីក៏ទាញរបងបិទចាក់សោ​រួចរាយការណ៍​ប្រាប់មេភូមិ ហើយមេភូមិក៏ប្ដឹង​បន្តទៅសមត្ថ​កិច្ច​ភ្លាមដែរ ។

ពេលបញ្ជូនដល់ការិយាល័យសមត្ថកិច្ច ជន​ទំនើង​ឈ្មោះពុទ្ធ សុទិតសា បាននិយាយ​ប្រាប់​សមត្ថកិច្ចថា ខ្លួនទើបតែផឹកស្រាបៀរអស់​ជិត​កន្លះកេសប៉ុណ្ណោះ ដោយខឹងប្រពន្ធនិយាយ​ឌឺដង​ច្រើនពេកក៏ទាញកែវវាយក្បាលខ្លួនឯង​តែម្ដង ដែលបណ្ដាលឱ្យមុតស្ទើរ​សុស​ក្បាលហូរ​ឈាម​ជោក ប៉ុន្តែមិនបង្កជម្លោះជាមួយអ្នកដទៃនោះ​ ទេ ។ រីឯនាងជាប្រពន្ធថ្មីថ្មោងបាននិយាយដែរ ថា ដោយសារចង់ផឹកស៊ីសប្បាយជាមួយមិត្ត​ភក្ដិទើបបបួលគ្នាមកផឹកស៊ីនៅហាងខាងលើនេះ​តែមិនដឹងថាវាមានរឿងបែបនេះទេ ។ បើតាម​ការ​បំភ្លឺពីឈ្មោះសោម កញ្ញា ដែលនៅផឹក​ស៊ីជា​មួយគ្នាបានប្រាប់ថា ឈ្មោះសុទិតសា ខឹងនិង​ប្រពន្ធនិយាយច្រើន ហើយបែបតូចចិត្តនិងឪពុក ម្ដាយខាងស្រីមិនសូវចូលចិត្តខ្លួនផងក៏ទាញកែវ​វាយក្បាលខ្លួនឯង ។ សាក្សីរូបនេះបានបញ្ជាក់​ថា ពួកគេ​យកកែវក្នុងក្យូសខ្លួនឯងវាយក្បាល​បែក​ឈាម​កក្លាក់អស់ហើយរត់ទៅយកកែវក្នុង​ក្យូស​គេមក​វាយ​ទៀត ហើយពួកនាងដែលនៅ​ទីនោះ​ជួយ​ចាប់​ទើបប្រឡាក់ឈាមគ្រប់ៗគ្នា​បែប​នេះ ។

ទោះជាបែបណាក្រុមនេះពេលនាំដល់ស្នង​ការហើយនៅតែស្រែកតិះដៀលសមត្ថកិច្ចមួយ​ប្រាវទៀត ប៉ុន្តែក្រោយ​មក​បានបង្ហាញពីចរិត​ស្លូតគួរ​ឱ្យអាណិតពេលសមត្ថកិច្ចបញ្ជូនចូលទ្រុង​សារិកានាយប់នោះ ។ លោកជេត វណ្ណនី ស្នង​ការរងខេត្តបានមានប្រសាសន៍ថា ក្នុងសកម្ម​ភាព​ជាក់ស្ដែងក្រុមនេះព្រហើនណាស់ ។ ក្រុម​នេះ​បានបង្កឱ្យមានភាពចលាចលក្នុងមូលដ្ឋាន ហើយមើលងាយកងកម្លាំងសមត្ថកិច្ចពេល​បំពេញភារកិច្ចទៀត ។ លោកបញ្ជាក់ថា ដោយ​សារបែបនេះទើបលោកស្នងការនគរបាលខេត្ត និងលោកព្រះរាអាជ្ញាបញ្ជាឱ្យឃាត់ខ្លួនពួកគេ​​កសាងសំណុំរឿងបញ្ជូនទៅតុលាការ​ដើម្បីឱ្យភ្លឺ​ភ្នែកម្តង ៕