រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការក្តៅមួយតម្រូវឱ្យអាជ្ញាធរក្រោមឱវាទធ្វើការប្រមូលជនអនាថា ដើម្បីសម្អាតរាជធានីភ្នំពេញ ដែលត្រូវត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះដែលគ្រោងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីចុងខែមេសា ឆ្នាំ២០១២ នេះតទៅ ។
លោកកែប ជុតិមា បានប្រើធម៌ក្តៅបែបនេះ ពេលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១២ ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរក្រោមឱវាទគ្រប់លំដាប់ថ្នាក់យ៉ាងកុះករ ។
នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំប្រចាំខែនោះសាលារាជធានីភ្នំពេញ បានលើកយកពីរចំណុចជាបញ្ហាសំខាន់សម្រាប់អង្គពិធីពិភាក្សា និងឱ្យយោបល់នោះ គឺ
ទី១-បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងទិសដៅអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។ ទី២-បញ្ហាសំណង់ ។
នៅក្នុងកិច្ចប្រជុំនោះលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានធ្វើការដាស់តឿនដល់អាជ្ញាធរមូលដ្ឋានខណ្ឌ-សង្កាត់ឱ្យគ្រប់គ្រងការងាររដ្ឋបាល ពិសេសការគ្រប់គ្រងអាវុធជាតិផ្ទុះ។ លោកកែប ជុតិមា បានបញ្ជាក់ថា ពេលអាជ្ញាធររាជធានីភ្នំពេញ ធ្វើរដ្ឋបាល បទល្មើសមានភាពស្ងប់ស្ងាត់ តែបើយើងខានតែបន្តិច បទល្មើសនឹងកើតឡើងភ្លាម ដូចនេះការធ្វើរដ្ឋបាលមិនត្រូវបណ្តែតបណ្តោយនោះទេ ត្រូវធ្វើរាល់យប់ ។ មួយខណ្ឌអន់បំផុត ត្រូវធ្វើរដ្ឋបាលមួយកន្លែងដែរ ។
លោកកែប ជុតិមា បានលើកឡើងថា យើងពិតជាមានមោទនភាពជាខ្លាំង ដោយសារឆ្នាំ២០១២ នេះ ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយជាពិសេសទៅទៀតនោះគឺជាម្ចាស់ផ្ទះ ដូចនេះយើងជាអាជ្ញាធរត្រូវតែរៀបចំចាត់ចែងឱ្យមានរបៀបរៀបរយចាប់ពីពេលនេះតទៅ ។ ជាពិសេសគឺបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នេះតែម្តង ព្រោះជាមុខមាត់សម្រាប់ប្រទេសជាតិទាំងមូល ។
ទាក់ទិនទៅនឹងការធ្វើបាតុកម្មតវ៉ានានានៅរាជធានីភ្នំពេញ លោកកែប ជុតិមា បានដាក់បំរាមមិនឱ្យមានការតវ៉ាបិទផ្លូវនោះទេ និងមិនឱ្យមានការតវ៉ាលើសពីម៉ោង៦ល្ងាចនោះដែរ ។ លោកថ្លែងថា អាជ្ញាធរនឹងមានវិធានការក្តៅ ដោយមិនលើកលែងនោះទេ ។ ចំណែកឯបញ្ហាជនអនាថាដើរសុំទានតាមផ្លូវសាធារណៈ ភ្លើងស្តុប ឬតាមផ្សារជាដើម ត្រូវតែមានការបោសសម្អាតឱ្យបានខ្លាំងក្លាចាប់ពីពេលនេះតទៅ ព្រោះវាពិតជាមានរូបភាពអាក្រក់មើលណាស់ នៅពេលអន្តរជាតិគេមើលឃើញ ។
ពាក់ព័ន្ធទៅនឹងបញ្ហាជនអនាថានេះ លោកសន សុផល នាយកមន្ទីរសង្គមកិច្ចបានឱ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី៧ កុម្ភៈ នេះថា ក្នុងរយៈពេលមួយឆ្នាំ កន្លងទៅនេះ ជនអនាថាដែលអាជ្ញាធរមានសមត្ថកិច្ចចាប់បញ្ជូនទៅមណ្ឌលអប់រំជនអនាថាព្រៃស្ពឺ មានចំនួនជាង៨០០នាក់ ក្នុងនោះ៧២៣នាក់ ត្រូវបានមជ្ឈមណ្ឌលធ្វើការអប់រំរយៈពេលខ្លីរួចហើយ ។ លោកនិយាយថា ខ្លះមានការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈផ្សេងៗដូចជាកាត់ដេរ កាត់សក់ និងរោងជាងជាដើម រួចបញ្ជូនពួកគាត់ទៅស្រុកកំណើតវិញ ។ បច្ចុប្បន្នជនអនាថាដែលកំពុងស្នាក់នៅបណ្តុះបណ្តាលមុខជំនាញផ្សេងៗ ឬកំពុងទទួលការអប់រំកែប្រែមានចំនួន៧៧នាក់ ។ ក្នុងពេលខាងមុខ បន្ទាប់ពីសមត្ថកិច្ចធ្វើការប្រមូលជនអនាថាទៅតាមផែនការរបស់អភិបាលរាជធានីភ្នំពេញនោះ មន្ទីរគ្រោងបញ្ជូនទៅអង្គការដែលជាដៃគូរមួយចំនួនទៀត ។ រីឯមួយផ្នែក និងធ្វើការអប់រំកែប្រែរួចបញ្ជូនទៅស្រុកកំណើតវិញ ។
លោកសន សុផល បានបញ្ជាក់ថា សព្វថ្ងៃជនអនាថាដែលធ្វើចរាចររាប់ទាំងអ្នកសុំទាន និងមួយផ្នែកអ្នកលក់ផ្កាតាមភ្លើងស្តុប នៅរាជធានីភ្នំពេញ មានប្រមាណពី៥០ទៅ៦០នាក់ទៀត ។ លោកនិយាយថា គឺនៅសល់តិចទេ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ចំពោះអ្នកសុំទានខ្លះ ឬអ្នកលក់ផ្កាផង គឺមានការចាត់តាំងត្រឹមត្រូវ បើនិយាយជារួមវាអាចមានមេខ្យល់ ដើម្បីយកជនអនាថាធ្វើអាជីវកម្មតែម្តងឱ្យរកស៊ីចិញ្ចឹមពួកវា ដែលពួកវាជាអ្នកគ្រប់គ្រងដែលងាយស្រួលបញ្ឈប់សកម្មភាពនេះ ៕


ចែករំលែកព័តមាននេះ