ខេត្តព្រៃវែង ៖ ពិធីហែអ្នកតាចិនជាប្រពៃណីរបស់ជនជាតិចិនដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសុខ សប្បាយគ្មានរោគាព្យាធិ និងសុំឱ្យរកស៊ីមានបាននោះ នៅឯតំបន់អ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១២ ក៏បានធ្វើពិធីនេះដែរ ដោយមានអ្នកចូលរួមហែហមប្រហែលជាង១០០នាក់ ហែចេញពីចំណុចរង្វង់មូលក្បាលសាឡាងអ្នកលឿង ក្រឡឹងជុំវិញផ្សារអ្នកលឿង និងតាមមុខផ្ទះប្រជាពលរដ្ឋក្នុងតំបន់អ្នកលឿង។
ការដង្ហែនេះគេឃើញមានម៉ុងសាយ និងរទេះដឹករូបស្នងតំណាងឱ្យអ្នកតាចិនហែកាត់តាមផ្ទះប្រជាពលរដ្ឋ និងមានប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីនាំគ្នាយកទៀន ធូប ផ្លែឈើ និងដងទឹកយកទៅឈរនៅមុខផ្ទះរៀងៗខ្លួន រង់ចាំសុំឱ្យអ្នកតាចិនស្រោចទឹក និងប្រសិទ្ធីឱ្យ ដោយជឿថា ធ្វើបែបនេះ នឹងនាំមកនូវសេចក្តីសុខចម្រើនជាពីរោគា និងរកស៊ីមានបាន ។
ស្ត្រីចំណាស់ម្នាក់ដែលកំពុងឈរចាំឱ្យអ្នកតាចិនស្រោចទឹកប្រសិទ្ធីឱ្យនោះបាននិយាយថា គាត់មានជំនឿតៗគ្នាតាំងពីដូនតាមកថា ធ្វើដូច្នេះបានសេចក្តីសុខចម្រើន រកសីុមានបាន ទើបគេធ្វើឡើងជារៀងរាល់ឆ្នាំនៅដើមខែកុម្ភៈ ។
ម៉ុងសាយចំនួន២ដើរហែពីមុខក្បួន និងមានរទេះដឹករូបស្នងតំណាងឱ្យអ្នកតាចិនជាច្រើនគ្រឿងបន្តកន្ទុយគ្នា ដើម្បីស្រោចទឹក និងប្រសិទ្ធីឱ្យជនជាតិចិន និងវៀតណាម ។ មានគ្រូធំអ្នកតាម្នាក់សម្តែងឫទ្ធិឱ្យគេឃើញ និងជឿ ដោយអារអណ្តាត និងចាក់ទម្លុះថ្ពាល់ពីម្ខាងទៅម្ខាងទៀត ដើម្បីសម្រក់ឈាមទៅលើដៃសរសេរលើយ័ន្ត ដោយពុំមានគ្រោះថ្នាក់អ្វីទេ ។ ការដង្ហែអ្នកតាចិននេះ ធ្វើឱ្យកកស្ទះចរាចរណ៍នៅចំណុចក្បាលសាឡាងទៅខាងកើត និងផ្លូវមុខផ្សារអ្នកលឿងអស់មួយសន្ទុះធំផងដែរ ។
លោកជា គីមម៉េង ជាតំណាងអ្នកតាចិននៅស្រុកពាមរក៍ និងលោកតែ ឆាយឡេង ប្រធានសាមាគមចិននៅស្រុកពាមរក៍ បានឱ្យដឹងថា ពិធីហែអ្នកតាចិនកើតមានជាយូរយារណាស់មកហើយ ដោយគេតែងធ្វើឡើងជារៀងរាល់ឆ្នាំនៅដើមខែកុម្ភៈ ដោយថ្ងៃ១៤កើត ហែអ្នកតា១៥រូប លុះដល់ថ្ងៃ១៥កើត ហែអ្នកតា៦រូប ។ ការហែអ្នកតានេះគោលបំណងធំនោះ គឺសុំសេចក្តីសុខចម្រើន មានរាសីល្អ រកស៊ីមានបានដល់បងប្អូនកូនចៅ ៕
ចែករំលែកព័តមាននេះ