រាជធានីភ្នំពេញ ៖ ផលិតកម្ម ADVEN-TURE LINE PRODUCTIONS នៃប្រទេសបារាំងសម្រាប់កម្មវិធីកោះឡិនតា (KOH LANTA) ជាកម្មវិធីប្រឡងប្រណាំងដែលមាន លក្ខណៈជីវិតផ្សងព្រេងរស់នៅតាមធម្មជាតិលើ កោះ (SURVIVER OF FRANCE) បាន ជ្រើសរើសយកកោះរុងខេត្តព្រះសីហនុ ដើម្បីថត
កម្មវិធីរបស់ខ្លួនហើយសកម្មភាពនឹងចាប់ផ្ដើមថតនៅថ្ងៃទី៤ មករា ដល់ថ្ងៃទី៤ កុម្ភៈ ២០១២។
បន្ទាប់ពីបញ្ចប់ការផលិតកម្មវិធីនេះ ដោយជោគជ័យក្នុងចំណោមបេក្ខជន១៦រូប មានប្រុស៨រូប និងស្រី៨នោះគេនឹងធ្វើការជ្រើសរើសបេក្ខជនពីររូបជាជនជាតិបារាំងដែលជយ័លាភីលេខ១ទទួលបានថវិកា១០ម៉ឺនអឺរ៉ូ និងជ័យលាភីទី២ទទួលបានថវិកា១ម៉ឺនអឺរ៉ូពីផលិតកម្ម ADVENTURE LINEPRO-DUTION និងមានសិទ្ធិជ្រើសរើសការដើរ កម្សាន្តនៅតាមតំបន់ទេសចរណ៍ និងមានរង្វាន់លើកទឹកចិត្តដល់បេក្ខជនដែលបានចូលរួមប្រកួតផងដែរ ។
សូមបញ្ជាក់ថា ការប្រកាសលទ្ធផលជ័យលាភីលេខ១នឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១២ ក្រោយពីកម្មវិធីនោះត្រូវបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បារាំង (TF1) នៅដើមខែមេសាឆ្នាំ២០១២ និងមានអ្នកទស្សនាពី៧ទៅ៩លាននាក់ ។
លោកដឺនី ប្រូនីញ៉ា អ្នកធ្វើបទបង្ហាញបានឱ្យដឹងថា ការជ្រើសរើសប្រទេសកម្ពុជាថតកម្មវិធីនេះដោយមើលឃើញថា ប្រទេសនេះ ជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលយ៉ាងធំធេងសម្រាប់ការថតខ្សែភាពយន្តខ្នាតអន្តរជាតិធំៗព្រោះប្រទេសកម្ពុជាសម្បូរធនធានធម្មជាតិព្រៃភ្នំ ទឹកជ្រោះ តំបន់ឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ។
លោកបញ្ជាក់ថា នេះជាឆ្នាំទី១១នៃកម្មវិធី KOH LANTA ដែលបានផលិតឡើងនៅតាមកោះនៃប្រទេសអាស៊ាន៥ប្រទេសមានដូចជាថៃ ហ្វ៊ីលីពីន វៀតណាម ឥណ្ឌូណេស៊ី និងកម្ពុជានិងប្រទេសផ្សេងទៀតនៅប្រេស៊ីល កាលីហ្វ័រនីញ៉ា និងអូស្រ្តាលី ។ លោកបន្តថា បេក្ខជន១៦រូបដែលសុទ្ធតែជាអ្នកធ្លាប់ទទួលបានជ័យលាភីកន្លងមកបានចូលរួមក្នុងការប្រកួតនេះ ។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដែលបានអញ្ជើញចូលរួមក្នុងពិធីបិទការថតកម្មវិធីនោះមានប្រសាសន៍ថា ការថតកម្មវិធីកោះឡិនតា KOH LANTA នៅលើកោះរុងខេត្តព្រះ សីហនុទឹកដីព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវ សារសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាជួយផ្ដល់គំនិតថ្មីៗក្នុងការ ផលិតដល់អ្នកជំនាញក្នុងស្រុក ហើយក៏បានរួម
ចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជាក្នុងសារពត៌មានអន្តរជាតិ ឱ្យបានជ្រួតជ្រាបដល់ប្រជាជន និងប្រទេស ដែលនិយាយភាសាបារាំងផងដែរ ។
ទន្ទឹមនោះក៏ជាឱកាសក្នុងការជំរុញយុទ្ធនាការឃោសនាផ្សព្វផ្សាយទេសចរណ៍កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈក៏ដូចជាផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជានៅក្នុងសារព័ត៌មាន និងទស្សនាវដ្ដីល្បីល្បាញឯប្រទេសបារាំងសំដៅទាក់ទាញទេសចរណ៍អន្តរជាតិ និងវិនិយោគិនមកកម្ពុជាកាន់តែច្រើនឡើងថែមទៀត ។ ទន្ទឹមនោះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសុខសាន្តលើកោះរុងបានទទួលនូវផលប្រយោជន៍ពីការថតកម្មវិធីនោះដែលបានចំណាយថវិការប្រមាណ១៨ម៉ឺនដុល្លារ ។
លោករដ្ឋមន្រ្តីសង្ឃឹមថា នៅពេលបញ្ចប់ការថតនេះនឹងមានក្រុមហ៊ុនជាច្រើនមកវិនិយោគទុននៅលើកោះនោះ៕
ចែករំលែកព័តមាននេះ