ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោករដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌​មាន​គាំទ្រ​​ទស្សនា​វដ្តី​​សេដ្ឋ​កិច្ច​​ថ្មី​មួយ​ទៀត​ដែល​នឹង​ចេញ​ផ្សាយ​​ឆាប់ៗ​នេះ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញនូវការគាំទ្រ​យ៉ាងពេញទំហឹងចំពោះដំណើរការ​នៃការ​ចេញ​ផ្សាយរបស់ទស្សនាវដ្តីសេដ្ឋកិច្ចខ្មែរជាភាសា​ខ្មែរ និងភាសាចិន ​ដែលនឹងចាប់ផ្តើមលេខដំបូង​ប្រចាំខែរបស់ខ្លួននៅក្នុងខែមីនា ឆ្នាំ​២០១២ នេះ។ ទស្សនាវដ្តីនេះ ក៏គ្រោង​នឹងចេញផ្សាយ​នូវ​កាសែតជាភាសាខ្មែរ-ចិននៅក្នុងខែមិថុនា ខាង​មុខនេះផងដែរ។

នៅពេលអនុញ្ញាតឲ្យគណៈប្រតិភូរបស់​ទស្សនាវដ្តីសេដ្ឋកិច្ចខ្មែរចូលជួបសម្ដែងការគួរ​សម​នៅ​ទីស្តីការក្រសួងកាលពីថ្ងៃទី៦ កុម្ភៈ លោក​រដ្ឋមន្រ្តី​ដែលបានផ្អែកតាមរបាយការណ៍​របស់ចាងហ្វាងការផ្សាយទស្សនាវដ្តីនេះស្តីពីធន​ធានមនុស្សរបស់ខ្លួននោះ បានសម្ដែងនូវក្តី​សង្ឃឹម​​ថា ដំណើរការចេញផ្សាយរបស់​ទស្សនា​វដ្តីនេះនឹងប្រព្រឹត្តទៅយ៉ាងល្អ ព្រោះតែបទ​ពិសោធន៍ និង​ជំនាញ​ច្បាស់លាស់នោះ។

លោកឆាវ អីុនទ័រ ចាងហ្វាងទស្សនា​វដ្តីសេដ្ឋ​កិច្ចខ្មែរ បានជម្រាបជូនលោករដ្ឋមន្រ្តីថា ទស្សនា​វដ្តីរបស់លោកនឹងផ្សព្វផ្សាយពីគោល​នយោ​បាយរបស់រាជរដ្ឋាភិបាល និង​ការ​អភិ​វឌ្ឍ​កម្ពុជា និងគោរពតាមការណែនាំក៏ដូចជាបទ​បញ្ជា​របស់​ក្រសួងព័ត៌មាន ហើយធ្វើការចែក​ផ្សាយមិនយក​ថ្លៃ និងបានស្នើឱ្យមានការសហ​ការ​ពីក្រសួង ដើម្បីបង្កលក្ខណៈងាយស្រួលដល់​ការ​ចែកចាយ​នេះឲ្យបានរហូតដល់តំបន់ជន​បទ​ឆ្ងាយៗដែល​អាច​ឲ្យប្រជាពលរដ្ឋបានដឹងបាន​យល់​ពីគោល​នយោបាយរាជរដ្ឋាភិបាល និង​ការអភិវឌ្ឍយ៉ាង​លឿន​របស់ប្រទេសជាតិ ក៏​ដូច​ជាអនុសាសន៍​របស់​ថ្នាក់ដឹកនាំទៅជូន​ប្រជា​ពល​រដ្ឋផងដែរ។

ពាក់ព័ន្ធនឹងការសុំឲ្យមានការសហការជា​មួយក្រសួងព័ត៌មាន ដើម្បីចែកផ្សាយទស្សនាវដ្តី​សេដ្ឋ​កិច្ចខ្មែរ ដោយមិនគិតថ្លៃនេះ លោករដ្ឋមន្រ្តី​បានឯកភាពដោយមានប្រសាសន៍ថា ក្រសួង​ព័ត៌មានក៏មានចេញផ្សាយនូវទស្សនាវដ្តីប្រចាំខែ ​ដែលមិនគិតថ្លៃ និងបានចែកជូននៅតាមស្ថាប័ន​នីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និង​តាម​បណ្តា​ខេត្ត ហើយនៅពេលដែល​ទស្សនា​វដ្តី​សេដ្ឋ​កិច្ច​ខ្មែរ​ចេញផ្សាយ ​អាចយកមកប្រគល់ឲ្យក្រសួង ដើម្បីចែកផ្សាយដូចគ្នានេះដែរ។ ចំពោះបញ្ហា​ដែលថា នៅពេលដែល​ក្រុមហ៊ុននេះចេញ​ផ្សាយ​កាសែតភាសាខ្មែរ និង​ភាសាចិននៅខែមិថុនា ហើយធ្វើការចែកផ្សាយ​មិនគិតថ្លៃដែរនោះ លោក​រដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍ថា តាម​បទ​ពិសោធន៍នៅកម្ពុជា កាសែត​ដែលចែក​ផ្សាយ​មិនយកប្រាក់គឺគ្មានអតិថិជននោះទេ បើទោះបី​ជាកាសែតធំៗក៏នៅតែលក់ដើម្បីរក្សានូវកិត្យានុ​ភាពរបស់ខ្លួនដែរ។ លោករដ្ឋមន្រ្តីបានផ្តល់​អនុ​សាសន៍ឲ្យទស្សនាវដ្តីនេះ ធ្វើការលក់​កាសែតក្នុង​តម្លៃ​មួយទាបបំផុតវាល្អជាងការចែកផ្សាយ ដោយ​មិនគិតថ្លៃនោះ។

ទស្សនាវដ្តីសេដ្ឋកិច្ចខ្មែរស្ថិតនៅក្រោមការ​គ្រប់គ្រងរបស់ក្រុមហ៊ុន Khmer Resources Investment Holding Group Co.,ltd និង ក្រុម​ហ៊ុន Khmer First Coal Mining Group Co.,ltd ជាក្រុម​ហ៊ុនមកពីសាធារណរដ្ឋ​ប្រជា​មានិតចិន វិនិយោគលើវិស័យរុករករ៉ែនៅក្នុង​ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ សៀមរាប ហើយ បច្ចុប្បន្នទំហំវិនិយោគដែលធំជាងគេគឺនៅខេត្ត​កោះកុង។ ក្រុមហ៊ុននេះបានចូល​មកកម្ពុជា​ រយៈ​ពេល​៥​ឆ្នាំមកហើយ ហើយនៅក្នុងរយៈពេល​៥​ឆ្នាំ​មក​នេះ ក្រុមហ៊ុនបានធ្វើការសិក្សាលើគ្រប់​វិស័យ​​ដែលទាក់ទងជាមួយកម្ពុជា ជាពិសេស​លើ​ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច។

លោក​ឆាវ អីុនទ័រ បានថ្លែងថា មកដល់​ពេល​នេះដើមទុនរួមរបស់ក្រុមហ៊ុននេះ គឺមាន​លើសពី​៥០០​លានដុល្លារសហរដ្ឋអាមេរិក និង​បានបញ្ជាក់ថា ការសម្រេចធ្វើវិនិ​យោគ​នៅ​កម្ពុជានេះ គឺអាស្រ័យដោយទំនាក់ទំនងកម្ពុជា-ចិនប្រៀបបានបងប្អូនជាមួយគ្នា។ ជាពិសេស​ស្ថិរភាពនយោបាយ​នៅកម្ពុជាមានលំនឹង​ នាំ​ឲ្យ​មានជំនឿចិត្ត​ចំពោះការបណ្តាក់​ទុន​នេះ៕