ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្រដាប់អាវុធ​​1ក្រុម​ចូលភ្ជង់​ប្លន់​ដល់​ក្នុងផ្ទះ​គេចដោយសុវត្ថិភាព

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ចោរ​​​​ប្លន់​ប្រដាប់​​អាវុធ​​មួយក្រុម​​បានធ្វើ​សកម្មភាពចូលប្លន់​​​ដល់ក្នុង​​​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​​ទាំង​ថ្ងៃ​​​យកបាន​ម៉ូតូ​​ស៊េរីទំនើប​​​​​ពី​រគ្រឿង ​និងខ្សែ.ក​មាស​១ខ្សែ ​​ទម្ងន់៥​ជី​ រួច​​​នាំគ្នា​ជិះម៉ូតូ​​​​គេចខ្លួន​ទៅ​បាត់ដោយ សុវត្ថិ​ភាព ។  ហេតុការណ៍​​នោះបាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១ និង​៣០នាទី​​​រសៀល​​ថ្ងៃទី៦ ​​កុម្ភៈ ​​ឆ្នាំ២០១២ ​​​នៅក្បែរ​របង​​​សាលាកសិកកម្ម​​ចម្ការ​ដូង ស្ថិត​​ក្នុង​ភូមិ​ខ្វា​ខាងកើត សង្កាត់​​ដង្កោ ​​ខណ្ឌ​ដង្កោ ។

ក្រុមចោរ​ប្លន់មានគ្នា​ពីរនាក់​​ស្លៀកពាក់​ស៊ីវិល​​​ប្រដាប់ដោយ​​​​​​កាំភ្លើងខ្លី​​១ដើម ​​អត់​មាន​ម៉ូតូ​​​ជិះ​ទេ ​​គឺដើរ​​ធ្វើសកម្មភាព​តែម្តង ។ ​ចំណែកឯ​ម៉ូតូ​ដែល​ពួកចោរប្លន់​យកទៅនោះ​​មួយគ្រឿង​​ម៉ាក​ហុង​ដា​ C125 ​​​​ស៊េរីឆ្នាំ​២០១០ ពណ៌ខ្មៅ ​​​ពាក់​ស្លាក​លេខ​​​ស្វាយរៀង 1B 6887 ជា​កម្មសិទ្ធិ​របស់​​យុវ​ជនឈ្មោះ​អ៊ិច​ ​សារ៉ាត់​​​ អាយុ​២៦​ឆ្នាំ ​​​ជាកម្មករ​រោង​ចក្រ​​​ មានស្រុកកំណើត​ភូមិពោធិ៍​​​រាជ ឃុំ​ពោធិ៍​​រាជ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយ​រៀង ។ ​ចំណែកឯ​ម៉ូតូ​១គ្រឿង​​​ទៀត​ម៉ាកហុង​ដា​ C125 ​​ដូចគ្នា ស៊េរីឆ្នាំ​២០១១ ​ពណ៌​​​ខ្មៅ ​​ពាក់ស្លាកលេខ​​ភ្នំពេញ 1AX 0681 ​ជា​កម្មសិទ្ធិ​​​​​របស់​ស្ត្រី​ម្នាក់ឈ្មោះធី រិនឌី ​​អាយុ​២៥​ឆ្នាំ​​​​ ​​​​​ជា​អាជី​វករ​លក់ដូរនៅផ្សារ​​​អូឡាំពិក ។ ក្រៅពី​នេះ ក្រុម​ចោរ​​​​បានធ្វើសកម្មភាពភ្ជង់​កាំភ្លើង​គំរាម​បាញ់​សម្លាប់ប្លន់យកបានខ្សែ.ក​១ខ្សែ​ទៀត​ទម្ងន់៥ជីពី​ស្ត្រី​ចំណាស់​ម្នាក់ឈ្មោះ​ប៉ែន ​វណ្ណា ​អាយុ​៥៥ឆ្នាំ ជាកសិករ​​​ ​មានទីលំនៅភូមិ​​​​ព្រៃផ្តៅ​​ ឃុំព្រៃ​ផ្តៅ ​ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តា​កែវ ។

ដោយ​ឡែក​​ម្ចាស់​ផ្ទះឈ្មោះ​​ឈាង ស្រៀវ ​ភេទប្រុស អាយុ​​៤៥​ឆ្នាំ ​អត់​មាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​​អ្វីទេ ឯ​អ្នក​បាត់​បង់​​ម៉ូតូ និង​ខ្សែ.ក​​ខាង​លើ​ គឺជា​សាច់​ញាតិ​​ដែល​ទៅ​លេង និង​យក​​ម៉ូតូ​​ទៅ​ផ្ញើ​ប​៉ុណ្ណោះ ។ ​តា​ម​ប្រភព​​ព័ត៌​មាន​​បាន​​ឱ្យ​ដឹង​ថា នេះ​គឺ​ជា​សកម្ម​ភាព​​ប្លន់​​យក​​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​ទាំង​ថ្ងៃ ដោយ​នៅ​មុន​ពេល​កើត​ហេតុ​ម្ចាស់​ផ្ទះ​រួមជា​មួយ​សាច់​ញាតិ​​ខ្លះ​នៅ​ក្នុង​បរិវេណ​ផ្ទះ​ផ្នែក​ខាង​មុខ ឯ​ខ្លះ​ទៀត​នៅ​ក្នុង​ផ្ទះ​ ហើយ​ម៉ូតូ​ដែល​ទុក​នៅ​ទី​នោះ​មាន​ចំនួន​៤​គ្រឿង ​គឺ​មាន​ទាំង​ម៉ូតូ​ម៉ាក​ស្គូ​ពី​ផង​ដែរ ។ ​ខណៈ​នោះ​ម្ចាស់​​ផ្ទះ​អត់​បាន​ចាក់​សោ​ទ្វារ​របង​​​ទេ ​​​ស្រាប់​តែ​​ឃើញ​ក្រុម​ចោរ​ប្លន់​​ដើរ​ចូល​ ​ហើយ​ពួក​​​នេះ​បាន​ដក​កាំភ្លើង​​ខ្លី​​ភ្ជង់​​ប្លន់​យក​ម៉ូតូ និង​​គំរាម​​បាញ់​សម្លាប់​​បើ​​​អ្នកណាស្រែក​នោះ ។

ប្រភពដដែល​​បាន​បន្តថា ​នៅ​ពេល​ក្រុម ​ចោរ​កំពុង​​​អូស​ម៉ូតូនៅ​ខាង​មុខ​ផ្ទះស្ត្រី​ចំណាស់​​ម្នាក់​ដែល​​កំពុង​​​មើល​ទូរទស្សន៍​​ក្នុង​ផ្ទះ​បាន​ចេញ​​មក​មើល​ដោយ​មាន​​ពាក់​ខ្សែ.ក​​ផង ស្រែក​ប្រាប់​ចោរ​ថា ក្មួយ​ឯង​ច្រឡំ​ម៉ូតូហើយ​ ​គឺ​ម៉ូតូ​​​កូន​ក្មួយ​របស់​ខ្ញុំ​ទេ ។ ​ដោយឡែក​​ក្រុម​ចោរ​​មិន​បាន​​ស្តាប់​នោះ​ទេ ឃើញ​​ស្ត្រី​​រូប​នោះ​​ពាក់​ខ្សែ.ក​ពួក​ចោរ​​បាន​ទុក​ម៉ូតូ​​ដែល​ប្លន់​​​បាន​នោះមួយ​កន្លែង​​សិន រួចដើរ​សំដៅ​ទៅ​ភ្ជង់​​គំរាម​បាញ់​​សម្លាប់​ប្លន់​​យក​ខ្សែ.ក​ពី​ស្ត្រី​រូប​នោះ​ទៀត​ ទើប​​យក​ម៉ូតូ​ជិះ​ម្នាក់​១​គ្រឿង​គេច​ខ្លួន​ចូល​​រាជធានីភ្នំពេញបាត់​ដោយ​​សុវត្ថិ​ភាព ។

ប្រភពដដែល​​​បាន​បន្ត​​ទៀត​ថា​ នៅ​ក្នុង​ហេតុ​ការណ៍​​ប្លន់​ប្រដាប់អាវុធ​នេះ ​ក្រុម​ចោរ​​អត់​បាន​ផ្ទុះ​អាវុធសូម្បី​តែ​១គ្រាប់​ឡើយ ព្រោះ​ជន​រង​គ្រោះ​​អត់​​ហ៊ាន​​​​​តដៃ ឬ​រឹង​ទទឹងជាមួយ​ពួក​ចោរ។ ម្យ៉ាង​ទៀត ម្ចាស់ផ្ទះ​ខាង​លើ​អត់មាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​​​​នោះទេ ​ដោយម៉ូតូរបស់គាត់២ គ្រឿង​​​​ដែល​ទុកនៅជាមួយ​ម៉ូតូ C125 នោះ​មិន​ត្រូវ​​បាន​​ចោរយក​ទៅទេ ។ ចោរ​ប្លន់​មានគ្នា​២​នាក់​​ ម្ល៉ោះ​ហើយ​វា​យក​ម៉ូតូ​​ម្នាក់មួយ​គ្រឿង​ប៉ុណ្ណោះ ។

នេះជា​​ភាព​ព្រហើន​​​​មួយរបស់​ក្រុមចោរ​​ដែល​បាន​ធ្វើសកម្ម​ភាព​ចូលប្លន់ដល់លំនៅឋាន​​ទាំងថ្ងៃ​​​បែបនេះ ​​មិនខ្លាច​ញញើត​ សមត្ថកិច្ច​​បន្តិចណា ឡើយ ​​។ ពេលនេះ​សមត្ថកិច្ច​​​ប៉ូលិស​ និងប៉េអឹម​​កំពុង​​​ធ្វើ​​ការស្រាវជ្រាវ​​​​យ៉ាងដុត​​ដៃដុត​ជើង​​បំផុត​​ដើម្បី​​វែកមុខ​ក្រុមចោរ​ប្លន់  ៕