រាជធានីភ្នំពេញ ៖ យុវជន២នាក់រងរបួសស្រាល ខណៈជិះម៉ូតូជាមួយមិត្ដភក្ដិទៅហូបស៊ុប អត់បើកភ្លើងអាងមានអំពូលភ្លើងបំភ្លឺផ្លូវបានជិះទៅបុករថយន្ដកាមរីឆ្លាមពណ៌ខ្មៅបត់ចូលបុរីសូនីកាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ កុម្ភៈ តាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចលូ៥ បត់ចូលផ្លូវបេតុង ក្នុងភូមិដំណាក់ធំ២ ក្រុម៨ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពពីជនរងគ្រោះឈ្មោះបន សាត ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មកររោងចក្រនៅកាណាស៊ីធី ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យបានឱ្យដឹងថា មុនពេលកើតហេតុ រូបគេជិះម៉ូតូអ៊ែរប្លែត ពណ៌ស ជិះគ្នា២នាក់ រួមជាមួយមិត្ដភក្ដិ៤ ទៅ៥នាក់ទៀត មានស្រី មានប្រុសជិះរ៉ឺម៉កម៉ូតូ រួមដំណើរជាមួយគ្នាក្នុងបំណងទៅហូបស៊ុបតាមបណ្តោយផ្លូវវេងស្រេងពីលិចទៅកើត។ ចំណែករថយន្ដកាមរីឆ្លាម ពណ៌ខ្មៅ ជិះគ្នា២នាក់ប្ដីប្រពន្ធបើកពីកើតទៅលិចបញ្រ្ចាសទិសគ្នា ខណៈមកដល់ចំណុចកើតហេតុរថយន្ដបត់ឆ្វេងចូលផ្លូវបេតុងបុរីសូនី ម៉ូតូមកដល់ ក៏បុកចំពីមុខតែម្ដង ។
ក្រោយពេលកើតហេតុភាគីទាំងពីរបានជជែកគ្នារកខុសត្រូវរៀងៗខ្លួនដោយភាគីខាងម៉ូតូអ៊ែរប្លែតជិះអត់បើកភ្លើងនោះចោទថា ភាគីខាងរថយន្ដបើកលឿន ហើយបត់តែម្ដង ។ ការចរចាគ្នានោះ ត្រូវភាគីខាងរថយន្ដសុំស្មើដោយសុខចិត្ដជួសជុលរថយន្ដដោយខ្លួនឯង ប៉ុន្ដែភាគីខាងម៉ូតូអ៊ែរប្លែតមិនព្រមទាមទារឱ្យម្ចាស់រថយន្ដសង ក៏ត្រូវសមត្ថកិច្ចយកម៉ូតូ និងរថយន្ដទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរង់ចាំការដោះស្រាយបន្ដទៀត ៕


ចែករំលែកព័តមាននេះ