ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គួរសម្លឹង​ទៅរក​​វិស័យបច្ចេក​វិទ្យា​ព័ត៌មាន​ដើម្បី​កំណើន​ការងារ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រទេស​កម្ពុជា​គួរ​តែ​ងាក​ទៅរកវិស័យបច្ចេកវិទ្យាព័ត៌មានដែល​កំពុង​អភិវឌ្ឍយ៉ាងរហ័ស ដើម្បីសម្រេច​បាន​កំណើន​ការងារ ។ នេះបើយោងតាមក្រុមហ៊ុន​ផ្ដល់​សេវា​គមនាគមន៍ឈានមុខគេមួយរបស់ប្រទេស​កម្ពុជា ។

ក្រុមហ៊ុន Ezecom បានឱ្យដឹងថា វិស័យ​បច្ចេកវិទ្យាព័ត៌មាន ឬ IT នៅកម្ពុជា អាច បង្កើតការងារសម្រាប់មនុស្សរាប់ម៉ឺននាក់ក្នុង
ពេល៥ឆ្នាំទៅមុខ នៅពេលដែលក្រុមហ៊ុននានា ផ្ដល់សារសំខាន់កាន់តែច្រើនឡើងទៅលើបច្ចេក វិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ។

អគ្គនាយកក្រុមហ៊ុន Ezecom លោក Paul Blanche-Horgan មានប្រសាសន៍ថា «យើង​ប៉ាន់ស្មានថា ក្រុមហ៊ុនវិស័យសេវាកម្ម ជាមធ្យម ជួលបុគ្គលិក IT ពី២ ទៅ៣នាក់ ។ តួលេខនេះ​ស្មើនឹង១ភាគរយនៃកម្លាំងការងារ​តែប៉ុណ្ណោះ»។

លោក Blanche-Horgan បន្ថែមថា «យើង​រំពឹងថា ចំនួនបុគ្គលិកផ្នែក IT​នឹង​កើន​ដល់៤ ឬ៥ភាគរយក្នុងពេលពីរបីឆ្នាំខាងមុខ»។
យោងតាមលោក Blanche-Horgan ខណៈដែលក្រុមហ៊ុននានារីកកាន់តែធំ ពួកគេនឹង បង្កើនការពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន
សម្រាប់ការកក់ ការលក់ និងកិច្ចការជំនួញផ្សេងៗទៀត ។ លោកជឿជាក់ថា ក្រុមហ៊ុននៅ ក្នុងវិស័យសេវាកម្មជាពិសេស នឹងត្រូវតែបង្កើន ទំហំផ្នែក IT របស់ខ្លួន។
លោក Blanche-Horgan បន្ថែមថា «បច្ចុប្បន្ន ក្រុមហ៊ុនមួយដែលមានបុគ្គលិក ២០០​នាក់អាចនឹងជួលបុគ្គលិកIT ២នាក់​ដើម្បីថែទាំប្រព័ន្ធ IT និងគមនាគមន៍របស់ខ្លួន។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនទាំងនេះ​រីកកាន់តែធំ និងកាន់តែជោគជ័យ ពួកគេក៏នឹងកាន់តែ​ត្រូវការ​ពឹងផ្អែកលើប្រព័ន្ធគមនាគមន៍ដែលមានប្រសិទ្ធ​ភាពផងដែរ» ។

លោក Blanche-Horgan គូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនក្នុងស្រុកច្រើនតែជួល​ក្រុម​ហ៊ុនឯករាជ្យដែលមានឯកទេសក្នុងវិស័យជាក់​លាក់ ដើម្បីបំពេញតម្រូវការផ្នែក IT របស់
ខ្លួន ។ ប៉ុន្តែ លោកអះអាងថា នៅពេលអនាគត​ក្រុមហ៊ុនឯករាជ្យទាំងនេះដែលមាន​ត្រឹម​ចំនួន​រាប់រយប្រហែលជាមិនអាចបំពេញតម្រូវ​ការ​ដែល​កើនឡើងបានឡើយ។
លោកមានប្រសាសន៍ថា «ក្រុមហ៊ុន និងទី​ផ្សារនៅក្នុងប្រទេសកម្ពុជានឹងរីកធំ ហើយការ​រីកធំនេះនឹងនាំមកនូវតម្រូវការកើនឡើងសម្រាប់ប្រសិទ្ធភាព និងនិរន្តរភាព ។ ក្រុមហ៊ុនទាំង​ឡាយ​នឹងសម្លឹងទៅរកវិស័យIT​ដើម្បីផ្ដល់​ដំណោះស្រាយនៅក្នុងក្រុមហ៊ុនតែម្ដង ។ នោះ​មាន​ន័យថា ការងារនឹងមានកាន់តែច្រើន» ។

Ezecom ដែលមានខ្សែកាបអុបទិកគ្រប ដណ្ដប់៩៩%នៃប្រទេសកម្ពុជារួចស្រេចហើយ នោះ កាលពីពេលថ្មីៗកន្លងទៅ បានទិញយក ក្រុមហ៊ុនខ្សែកាបអុបទិក Telcotech ។ ក្រុម ហ៊ុនក៏កំពុងផ្ដល់ការតភ្ជាប់បណ្ដាញដោយខ្សែកាបអុបទិកនៅជុំវិញពិភពលោកផងដែរ ។

ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០៧ ហើយចាប់តាំងពីពេលនោះ មក បានក្លាយជាអ្នកផ្ដល់សេវាគមនាគមន៍ឈាន​មុខគេមួយនៅក្នុងប្រទេសកម្ពុជា ។ Ezecom ផ្ដល់សេវាខ្សែកាបអុបទិក WIMAX, ADSL និងដំណោះស្រាយដោយផ្អែកលើប្រព័ន្ធអ៊ីនធើរ​ណេតដល់ក្រុមហ៊ុន និងអតិថិជននៅទូទាំង​ប្រទេសកម្ពុជា ។
ក្រុមហ៊ុនមានគោលបំណងផ្ដល់សេវាទិន្នន័យ​ល្បឿនលឿន ទៅដល់គ្រប់រាជធានី​ ខេត្ត​ ក្រុង​ទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០១៥ ៕