ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​គួរ​ឱ្យ​រន្ធត់​​មួយ​រវាង​រថយន្ត​តូច និង​មាឌយក្សលើ​​ផ្លូវ​​ជាតិ​លេខ​7 ស្រុក​ត្បូង​ឃ្មុំកាមរី​បោល​ចូល​រថយន្ត​យីឌុប​ដឹក​អេត​ចាយ​ស្លាប់​6​នាក់​ ក្នុង​នោះ​មាន​ជន​ជាតិ​កូរ៉េ​3​នាក់​

14 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍​ដ៏​រន្ធត់​មួយបានកើតឡើងនៅវេលា៨និង៤៥នាទី​យប់ថ្ងៃទី​៦ កុម្ភៈ ២០១២ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិលេខ​៧ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុក​ត្បូងឃ្មុំ រវាងរថយន្តកាមរីពណ៌ខ្មៅស៊េរី​១៩៩៥ ជាមួយនឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ប្រភេទ​យីឌុបដឹកអេតចាយដែល​​ចត​ស្ងៀម​ជា​ហេតុ បណ្តាលឲ្យមនុស្សចំនួន​៥នាក់បាន​ស្លាប់​បាត់បង់អាយុជីវិតភ្លាមៗកៀប​ជាប់​ក្នុង​រថយន្ត ក្នុងនោះមាន​ជន​ជាតិ​កូរ៉េ៣នាក់ និងរបួសជា​ទម្ងន់​ម្នាក់​ត្រូវបានគេ​បញ្ជូនទៅសង្គ្រោះនៅ​ប្រទេស​វៀតណាម និង​ស្លាប់​ពេល​ព្យា​បាល។

តាមការឱ្យដឹងពីលោកអនុសេនីយ៍ឯក សូ សារ៉ាត អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួល​ផែនសណ្តាប់ធ្នាប់បានប្រាប់កោះសន្តិភាពឲ្យដឹង​ថា អ្នកដែលស្លាប់នៅក្នុងហេតុការណ៏នេះមាន ១-ឈ្មោះ​កាង ឆុងហ៊ុន ភេទប្រុស អាយុ​៣៣ឆ្នាំ ជាជនជាតិកូរ៉េ ធ្វើការនៅក្រុមហ៊ុន CNKU ដែល​មានទីតាំងនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ២-ឈ្មោះ​ជ័រ ស៊ីយ៉ុន ភេទប្រុស​ អាយុ ៤៥​ឆ្នាំ ជនជាតិកូរ៉េ ៣-ឈ្មោះ​គីម ជុងហ៊ូ ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជនជាតិកូរ៉េ ៤-ឈ្មោះ​វ៉ា ចំរើន ភេទប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ រស់​នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ៥-ឈ្មោះញេះ ចន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់​នៅភូមិអង្កែវ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និង​អ្នករ​បួសជាទម្ងន់មិនសង្ឃឹមថា រស់ឈ្មោះ​វិន កុង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិវៀតណាម ។

លោកអនុសេនីយ៍ឯក សូ សារ៉ាត អធិ​ការ​រង​នគរបាលស្រុកត្បូងឃ្មុំ បានបន្តថា នៅពេល​មុន​កើតហេតុរថយន្តហ៊ីយ៉ានដាយបានដឹកអេតចាយ​ចេញពី​កន្លែងស្តុកទិញអេតចាយលេខ «៧៧» ដែល​មានទីតាំងនៅមុខហាងសម្រស់ម្អមស្រែ ក្នុងភូមិជើង​ខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ដោយ​បើកចេញមកឈប់នៅ​អែប​នឹង​ចញ្ចើម​ថ្នល់ជាតិបានតែបន្តិច ដើម្បីចេញ​ដំណើរ​ទៅ​កាន់​គោលដៅនៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ។ មិនទាន់នឹងបានទៅផង ត្រូវ​បាន​រថយន្ត​កាមរី១គ្រឿង ដែលបើកបរ​ដោយ​ជន​ជាតិកូរ៉េ​បើក​ចេញមកទិសខាងកើតឆ្ពោះមក​​លិចបាន​មក​បុករថយន្តអេតចាយពីខាងក្រោយ​ដែល​ចត​ស្ងៀម​យ៉ាងពេញទំហឹងលាន់ដូចរន្ទះ ជា​ហេតុ​បណ្តាល​ឲ្យរថយន្តរងការខូច​ខាត​យ៉ាង​ដំណំ​ស្លាប់​មនុស្សចំនួន​៥​នាក់ភ្លាមៗ និងរងរបួស​ជា​​ទម្ងន់ម្នាក់​ត្រូវបានបញ្ជូនៅ​សង្គ្រោះ​នៅ​ប្រទេស​​វៀតណាម តែដោយស្ថានភាពរបួស​មាន​​លក្ខណៈ​​ធ្ងន់ធ្ងរពេកក៏បាន​ទទួល​មរណ​ភាព​ដែរ។

តាមព្រូរថយន្តដឹកអេតចាយ​ឈ្មោះ​ថុន រ៉ា ភេទប្រុស អាយុ​២០​ឆ្នាំ រស់នៅភូមិស្លា ឃុំស្រស់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា រថយន្តរបស់គេបានដឹកដែកអេតចាយចេញ ពីក្រុមហ៊ុន «៧៧» នៅយប់ថ្ងៃទី៦ កុម្ភៈ ដោយ​បើកចេញមកឈប់នៅអែបនឹងចញ្ចើមថ្នល់​ក្បាលរថយន្តបែរទៅទិសខាងលិច ។ គ្រាន់តែ​ឈប់​បានបន្តិចប៉ុណ្ណោះ ក៏ស្រាប់តែមាន​រថយន្ត​កាមរី​១គ្រឿង បើកមកដល់បុកពីខាងក្រោយ​យ៉ាងពេញទំហឹងលាន់ដូចរន្ទះ ជាហេតុបណ្តាល​ឲ្យស្លាប់មនុស្សចំនួន៥នាក់ភ្លាមៗ​កៀប​ជាប់​នៅ​ក្នុងរថយន្ត និងនៅដង្ហើមតិចៗម្នាក់ ។ មួយ​សន្ទុះ​ធំក្រោយមកត្រូវបានកំលាំងសម្ថកិច្ចនគរបាល​ចរាចរស្រុកបានមកដល់បញ្ជូនអ្នករងគ្រោះទៅ​សង្គ្រោះនៅមន្ទីរពេទ្យ ។

លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំ​ទទួលផែនសណ្តាប់ធ្នាប់​បានបញ្ជាក់ថា ចំពោះ​វត្ថុ​តាងរថយន្តទាំង​២គ្រឿងត្រូវ​បាននាំមក​រក្សា​ទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បី​ដោះស្រាយតាមច្បាប់​ ។ ចំណែក​សពជនជាតិ​កូរ៉េ​ទាំង​​៣នាក់ ត្រូវបានតម្កល់ទុក​នៅមន្ទីរពេទ្យ​រស្ស៊ី រាជ​ធានីភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារ​មក​ទទួល​យក ៕