រាជធានីភ្នំពេញ ៖ យុវជន៣នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាបោះពួយយ៉ាងលឿនដល់ផ្លូវកោងជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ រួចបន្តទៅបុកគល់ក្ងោក បណ្ដាលឱ្យដួលរងរបួស ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ កុម្ភៈ នៅមុខផ្ទះលេខ៥ ផ្លូវលេខ២៧១ កែងផ្លូវទេពផន ក្រុមទី៣៨ ភូមិ១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ជនរងគ្រោះទាំង៤នាក់មាន ១-ឈ្មោះកក្កដា ជាម្ចាស់ម៉ូតូ អង្គុយក្រោយគេរងរបួសស្រាល, ២-ឈ្មោះឆក ជាអ្នកបើកម៉ូតូរងរបួសក្បាលមួយដុំ, ៣-ឈ្មោះស៊ីណាន និង៤-ឈ្មោះណាក់ របួសរយះមុខបែកក្បាល ។ ជនរងគ្រោះរបួសធ្ងន់ទាំង៣នាក់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅសម្ភពចំរើន ។
ប្រភពពីជនរងគ្រោះបានបង្ហើបប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគេជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ជិះគ្នា៤នាក់ ត្រឡប់មកពីកម្សាន្ដនៅក្លឹបដឺម៉ូននៅសង្កាត់ស្ទឹងមានជ័យ ក្នុងបំណងទៅដើរលេងបន្ដទៀត ។ ខណៈបើកតាមផ្លូវលេខ២៧១កែងផ្លូវទេពផន ជាផ្លូវកោង ហើយម៉ូតូបើកលឿនមិនដឹងផ្លូវកោងក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវរួចបន្តទៅបុកគល់ក្ងោកនៅមុខផ្ទះលេខ៥ ផ្លូវលេខ២៧១ បណ្តាលឱ្យយុវជនទាំង៤នាក់ខ្ទាតចូលទៅក្នុងផ្ទះលេខ៣ ដែលជាផ្ទះលក់គ្រឿងទេស ចំណែកម៉ូតូជ្រុលទៅហួសដល់ស្ថានីយ៍បូមទឹកសង្កាត់ទឹកល្អក់ទី២ ទើបអស់ល្បឿន ។
គួររំលឹកផងដែរថា សរុបមកដល់ត្រឹមម៉ូតូបុកគល់ក្ងោកនេះគឺមានគ្រោះថ្នាក់ចរាចរណ៍ជិះបុកគល់ក្ងោកនេះចំនួន៦លើក ក្នុងនោះរថយន្ដ៥លើក និងម៉ូតូមួយលើកនេះ ។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក ៕


ចែករំលែកព័តមាននេះ