ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​​​វរសេនីយ៍ទោ​ជួន ណារិន្ទ​​ ថ្លែង​ថា​ ក្រុម​​ចោរ​ប្លន់​​​​​​ដែល​​ធ្វើ​​​សកម្មភាព​​ភាគ​​ច្រើនចេញ​ពីពន្ធ​នា​គារ​​​ និង​​​សិស្ស និស្សិត​​​​ប្រើប្រាស់​គ្រឿង​​​ញៀន

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ ​​ក្នុងសន្និសីទ​សារព័ត៌​មាន​​​​​​មួយកាលពី​​​ព្រឹក​ថ្ងៃទី​៦ កុម្ភៈ ​បង្ហាញ​​​មុខ​ក្រុម​​ជន​សង្ស័យ​ប្លន់​​ប្រដាប់​អាវុធ​ លោក​​វរ​សេ​នីយ៍​​ទោ​ជួន ណារិន្ទ ប្រធាន​​​ការិយាល័យ​​​​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​​​កម្រិតធ្ងន់​​រាជធានីភ្នំពេញ ថ្លែង​​​​ថា ក្រុម​​​ចោរ​ប្លន់​​​ប្រដាប់​អាវុធ​​​​​កាចសាហាវ​​​ឃោរឃៅបាញ់​សម្លាប់​​ជន​រងគ្រោះ​​​កន្លងមក​ ​គឺ​សមាស​ភាព​​​ភាគ​ច្រើន​​ជាទណ្ឌិត​ចេញពី​​​ពន្ធ​នាគារ​​និង​​​សិស្ស​​​​ និស្សិត​អត់​ការងារធ្វើ​​​ហើយ​សេព​​​​គ្រឿងញៀន​​​ ។  ចំណែក​ការបង្ក្រាប​​ចោរ​​​ប្លន់​​ប្រដាប់​អាវុធ​​១ក្រុម​នេះ​ គឺ​​មាន​ការ​ដឹកនាំ​​​​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​​ត្រី​​ទូច ណារ៉ុថ ​ស្នង​ការ​​​​​​ និង​លោកឧត្តម​​សេនីយ៍​ត្រី​ប៉ុល ភិធេយ្យ ​ស្នង​ការរង​​​ដែល​ជា​ប្រធាន​​​ការិយាល័យ​​កណ្តាល​​​​​នគរ​បាល​​យុត្តិធម៌​​នៃ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​​រាជ​ធានីភ្នំពេញ ​និង​មាន​ការ​សម្របសម្រួល​​ពី​លោក​​សុខ រឿន ព្រះរាជអាជ្ញា​​រងអម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ។

លោក​ជួន ណារិន្ទ បន្តថា  ដោយ​មាន​គណៈ​​​ស្នង​ការ​​ដឹកនាំ​​ និង​បានការ​ឯកភាព​ពីគណៈ​​បញ្ជាការ​​ឯកភាព​រាជធានីភ្នំពេញ​​នេះហើយ ​​ទើប​​សមត្ថកិច្ច​​​ការិយាល័យ​​​ជំនាញ​របស់​លោក​​​ស្រាវ​ជ្រាវ​​​ក្តាប់​​​មុខ​សញ្ញា​​​ និង​​​តាម​ប្រមាញ់​ចាប់​ខ្លួន​ក្រុមជន​​​សង្ស័យ​ប្លន់​​ប្រដាប់​​អាវុធ ១ក្រុម​នេះ បាន​៣​នាក់ និងដក​​ហូត​អាវុធ​​បាន​៣​ដើម​ផង​ ។  ​ជនទាំង​៣នាក់​នេះ​មាន​​​​១-​ឈ្មោះ​​គង់ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​​​​២៨ឆ្នាំ ​​​​ស្នាក់​នៅ​​​ផ្ទះ​លេខ​៥០ មហា​វិថីព្រះនរោត្តម​​​ សង្កាត់​​ទន្លេ​បាសាក់​ ខណ្ឌចំការ​មន ​២-​ឈ្មោះ​ពុំុ រ៉ៃយ៉ា  ភេទ​ប្រុស​អាយុ​​​២៤ឆ្នាំ ស្នាក់​នៅ​​​ផ្ទះ​​​គ្មាន​លេខ ផ្លូវលេខ​២៧១ សង្កាត់​​​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ៣-​ឈ្មោះ​ផាន់ សេរីវុធ ​ភេទ​ប្រុស អាយុ​​​​២៩ឆ្នាំ ​ស្នាក់​នៅ​​ផ្ទះ​លេខ​៩៤ ​ផ្លូវ​​​​​លេខ​៦៣ សង្កាត់​​បឹងរាំង ខណ្ឌដូនពេញ ​។ ក្នុង​​ចំណោម​​បក្ស​ពួក​​​ទាំង៣​​នាក់​នេះ ​ឈ្មោះ​​គង់ សុវណ្ណារ៉ា ទើប​​​ចេញ​ពី​​ពន្ធ​នាការ​​​​ត្រពាំង​ផ្លុង​ ​ជាប់​ចោទ​​ពី​​បទ​ប្លន់​ប្រដាប់​អាវុធ ឈ្មោះ​​ផាន់ សេរីវុធ  ទើប​ចេញ​ពីពន្ធ​នាគារ​​​​ព្រៃស ជាប់​ចោទ​ពី​បទ​ប្លន់​ប្រដាប់​អាវុធ​ និង​ល្បី​ល្បាញ​ជាង​គេ​ គឺប្លន់​បាញ់​សម្លាប់​​ជន​រង​គ្រោះ​ផង​នៅ​ខណ្ឌ​ដូន​ពេញ ចំណែក​ឈ្មោះ​ពុំ រ៉ៃយ៉ា ក៏​ជា​មុខ​សញ្ញា​ចាស់​ ហើយជា​សិស្ស​ធ្លាប់​​បោះ​បង់​សាលា និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ។

ជន​សង្ស័យ​ទាំង៣​នាក់​ បាន​សារ​ភាព​ថា ពួក​គេ​ធ្លាប់​​ធ្វើ​សកម្ម​ភាព​ចំនួន​៦​លើក​គឺលើកទី​១​-ប្លន់​នៅ​ខាង​ក្រោយ​វិទ្យា​ល័យ​ផ្សារ​ដើម​ថ្កូវ​​មិន​ចាំថ្ងៃ​ក្នុងខែ​ឧសភា ២០១១ វេលា​ម៉ោង​២​រសៀលប្លន់នារី​២​នាក់កំពុង​ដើរ​ដោះ​យក​ខ្សែ​ដៃ​ ខ្សែ​.កទាំង​អស់ ។ លើក​ទី​២-មិន​ចាំ​ថ្ងៃ​ក្នុង​ខែ​សីហា ឆ្នាំ​២០១១ វេលា​ម៉ោង​ប្រហែល​៣​រសៀល ប្លន់​នារី​ម្នាក់​កំពុង​អង្គុយ​មុខ​ផ្ទ​ះ​លក់​តុ ទូ ដោះ​​យក​គ្រឿង​អង្ការនៅ​ក្នុង​ខណ្ឌចំ​ការ​​មន រាជធានី​ភ្នំពេញ  ។ លើក​ទី​៣-មិន​ចាំថ្ងៃ​​​ក្នុងខែ​កញ្ញា ឆ្នាំ​២០១១ ​វេលា​ម៉ោង​៤​រសៀល​ប្លន់​ បុរស​ម្នាក់​អង្គុយ​មុខ​ផុ្ទះ​យក​ខ្សែ​ដៃ​១​ខ្សែ ។ លើក​ទី៤ ​​វេលា​ម៉ោង​២រសៀល​​ក្នុង ខែ​តុលា​ ឆ្នាំ​២០១១ ប្លន់នារី​ម្នាក់​ដោះ​យក​ខ្សែ​.ក​នៅ​ម្តុំ​ផ្សារ​បឹង​កេង​កង​ ខណ្ឌ​ចំការ​មន ។ លើក​ទី​៥-​មិន​ចាំ​​ថ្ងៃ​ក្នុងខែ​តុលា​ ឆ្នាំ​២០១១ វេលា​ម៉ោង​១​រសៀល​ ប្លន់​នៅ​ជិត​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​សង្កាត់​​ចតុមុខ ខណ្ឌ​ដូន​ពេញ ។ លើក​ទី​៦-ខែ​វិច្ឆិកា​ ឆ្នាំ​២០១១ វេលា​ម៉ោង​៦​ល្ងាច​ ប្លន់​នារី​ម្នាក់​កំពុង​ដើរ​ដោះ​យក​ខ្សែ​ដៃ​ និង​ចិញ្ចៀននៅ​ជាប់​របង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ខណ្ឌ​ដូន​ពេញ​ ។ 

ក្រៅ​ពី​នេះ ​នៅ​មាន​ករណី​ប្លន់​ម៉ូតូ​ហុង​ដា​ស្គូពី​ ពណ៌​ខ្មៅ​លាយ​លឿង​ខ្ចី​១​គ្រេឿង​ នៅ​ជាប់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្នុងខណ្ឌ​ដូនពេញ ហើយ​បន្ទាប់​មក​ទៀត​ក៏​មាន​ករណី​លួច​គាស់​ផ្ទះ​ប្រដាប់​ដោយ​អាវុធ​១​ករណី​ដែរ កាលពី​យប់​ថ្ងៃ​ទី​៤ មករា ឆ្នាំ​២០១២ នៅ​ផ្ទះ​លេខ​១៩​ ផ្លូវ​លេខ​៤២៦ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​ចំការ​មន យក​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន​ ។ លោក​ជួន ណារិន្ទ បន្ត​ថា ក្រៅ​ពី​ករណី​ប្លន់​ និង​លួច​ប្រដាប់​ដោយ​អាវុធ ក្រុម​នេះ​នៅ​មាន​បាញ់​សម្លាប់​មនុស្ស​កាល​ពី​ថ្ងៃទី​៨ មករា ឆ្នាំ​២០១២ វេលា​ម៉ោង​១០​ និង​១០​នាទី​យប់​នៅ​​មុខ​ខ្លោង​ទ្វារ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ ​វិថី​សុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មនផង​ដែរ ។  ​នេះ​គ្រាន់​តែ​ជា​ចម្លើយ​​តាមការ​​ឱ្យ​ដឹង​របស់​ជន​សង្ស័យ​​​ប៉ុណ្ណោះ​​ តែ​ពួកគេ​នៅ​មាន​​ការលាក់​​លៀម​​ច្រើន​​ជាងនេះ​ទៀត ។

ជាចុង​ក្រោយ​​​ ​លោក​​ជួន ណារិន្ទ​ ​​បានអំពាវ​នាវ​ដល់​​ជន​​រងគ្រោះ​​​ ឬប្រជា​ពលរដ្ឋ​ដែលទទួល​​រងនូវ​អំពើ​លួច​ដោយ​​ហិង្សា ប្លន់​ប្រដាប់​អាវុធ​ ឬករណី​​ឃាតកម្មណាមួយ​​ដែល​សមត្ថកិច្ច​​មិន​​​ទទួល​បាន​​​ព័ត៌​មាន​ភ្លាមៗ សូម​​ឆាប់​ទូរស័ព្ទ​​​រាយ​ការណ៍​​មក​សមត្ថកិច្ច​ តាម​​រយៈ​​លេខ​ ០១២ ៩៩៩ ៩៩៩ និង​ ០១៧ ៩៧១ ៦៦៦  ​​ដើម្បី​ផ្តល់​​ព័ត៌​មាន​​ដល់​​កម្លាំង​ជំនាញ​ចុះទៅ​​អន្តរាគមន៍​​ជា​បន្ទាន់ ។  ជាមួយនេះ ​​​ក៏សំណូមពរ​​​​ឱ្យឆាប់​​ជួយ​រាយការណ៍​​​​មុខសញ្ញា​​ ឬ​​​​សមាសភាព​​ណាមិន​​ល្អ​​ងាយ​ស្រួល​​សមត្ថកិច្ច​​​ចាត់​ការ​​បន្ទាន់ ​ក្នុង​នោះ​​សមត្ថ​កិច្ច​​ក៏​នឹង​រក្សាការ​សម្ងាត់​ជូន​ដល់​​អ្នក​រាយការណ៍​​មិនឱ្យ​​គ្រោះ​ថ្នាក់​​ដោយ​​ប្រការ​ណា​មួយ​ឡើយ ។ 

ក្រោយ​​ពី​ធ្វើ​​​សន្និសីទ​​​សារព័ត៌មាន​​ជន​សង្ស័យ​​ទាំង៣នាក់រួមនឹង​​​អាវុធ​ខ្លី​៣ដើម ​ត្រូវ​បាន​​​កសាង​​សំណុំ​រឿង​​​បញ្ជូន​ទៅ​កាន់​​សាលា​​ដំបូង​​​រាជធានីភ្នំពេញ ដើម្បី​​ចាត់​ការ​​​តាម​​នីតិវិធី ៕