ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បុណ្យមាឃ​បូជា​រំលឹក​ដល់​ព្រះ​សម្ពុទ្ធ​ទ្រង់ដាក់​អាយុ​សង្ខារ​ចំពោះ​ពួកមារ​ម្នាល​មារមាន​ចិត្តបាប​ខ្វះ3​ខែទៀត​តថាគតនឹងរំលត់​ខន្ធទៅ​កាន់ព្រះ​និព្វាន​ហើយ

14 ឆ្នាំ មុន

សម្តេច​ព្រះ​ភគវន្ត​អនន្ត​ញ្ញាណ​តាំង​ពី​ទ្រង​់​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ស្រេច​ហើ​យពេល​ណា​ព្រះ​អង្គ​​ត្រេច​​​​ប្រកាស​ព្រះ​ពុទ្ធ​សាសនា​​តាម​ទី​​ប្រជុំ​និគម​ជន​បទ​មិន​ខ្លាច​នឿយ​ព្រះ​កាយ​ ព្រម​ទាំង​ដឹក​នាំ​មនុស្ស​​ជា​ច្រើន​ក្នុង​តំបន់​​​ឱ្យ​មាន​​មុខ​ឆ្ពោះ​កាន់​ព្រះ​ពុទ្ធ​សាសនា​តាម​លំ​អាន ​ហើយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់ប្រព្រឹត្ត​នូវ​ពុទ្ធ​កិច្ច​ទាំង​៥​ប្រការ​អស់​រយៈ​ពេល​៤៥​​វស្សា​ មិន​ឱ្យ​ចន្លោះ​ឡើយ ដើម្បី​ជា​ប្រយោជន៍​ដល់​សព្វ​សត្វ​ទាំង​ពួង​ទាំង​ឡាយ ។

ថ្ងៃ​នេះ​យើង​ទាំង​អស​់​គ្នា​ជា​ពុទ្ធ​មាមកជន​បាន​​មក​ប្រជុំ​គ្នា​រៀប​ចំ​គ្រឿង​សក្ការ​បូ​ជា​ទាំង​ឡាយ​មាន​ទៀន ធូប និង​ផ្កា​ ជា​ដើម​​នៅ​​ថ្ងៃ​បុណ្យ​មាឃ​បូជា​ក្នុង​វត្ត​អារាម​ផ្សេង​ៗ ​ដោយ​មាន​ព្រះ​ពុទ្ធ​រូប​ស្នង​អង្គ​គង់​ចំពោះ​មុខ​ជា​ប្រធាន​ហាក់​ដូច​ជា​ព្រះ​បរម​សាស្តា​អង្គ​នោះ​​ធរមាន​ចំពោះ​មុខ​នៃ​យើង​ទាំង​អស់​គ្នា​ ។ សូម​ថ្វាយ​គ្រឿង​សក្កា​រ​ទាំង​នេះ​ ចំពោះ​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​អង្គ​នោះ​ ព្រម​ទាំង​​ព្រះ​ធម៌​ និង​ព្រះ​អរិ​យ​សង្ឃ ដោយ​សេចក្តី​គោរព ។

ពុទ្ធ​បរិស័ទ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​តែ​ង​តែ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូ​ជា​នៅ​ថ្ងៃ​​ពេ​ញ​បូណ៌​មី​(១៥​កើត)​ខែ​មាឃ​ ដើម្បី​រំ​លឹក​ដល់​ព្រះ​​សម្ពុទ្ធ​​ទ្រង់​ដាក់​អាយុ​សង្ខារ​នៅ​ចំពោះ​មុខ​មារ​ថា ម្នាល​មារ​មាន​ចិត្ត​បាប​​គិត​ពី​ថ្ងៃ​នេះ​ទៅ​នៅ​ខ្វះ​តែ​៣​ខែ​ទៀត​ទេ តថាគត​នឹង​រំ​លត់​ខន្ធ​ចូល​កាន់​ព្រះ​និព្វាន​ហើយ​​ដែល​ពិធី​នេះ​និយម​ហៅ​ថា ថ្ងៃ​បុណ្យ​មាឃ​បូ​ជា ឬ​ថ្ងៃ​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ដាក់​អាយុ​សង្ខារ ។ លុះ​ព្រះ​​​មាន​ព្រះ​ភាគ​ទ្រង់​ដាក់​អាយុ​សង្ខារ​ ដូច្នេះ​ហើយ​ក៏​មាន​ការ​កក្រើក​រំ​ពើក​ញាប់​ញ័រ​ផែន​ដី​គួរ​ឱ្យ​ភ្លូត​ភ្លឺក​ព្រឺ​ព្រួច​ទាំង​មាន​ផ្គរ​លាន់​ឮ​ឡើង​ផ្អើល​​អស់​មនុស្ស​ទេវតា ​។ ពួក​សាវ័ក​ទាំង​ឡាយមាន​ព្រះ​អានន្ទ​ជា​ដើម​ក៏​កើត​ក្តី​សង្វេគ​សោយ​ទុក្ខក្តុកក្តួល​ស្តាយ​ស្រណោះ​គ្រាប់ៗ​អាត្មា​​ ។

ក្នុង​ថ្ងៃ​នេះ​ដែរ​ក៏​ពុទ្ធ​បរិស័ទ​រំ​លឹក​នឹក​ដល់​កាល​​​ដែល​ព្រះ​អង្គ​ទ្រង់​ធ្វើ​ចតុរង្គ​សន្និ​បាត ដែល​​មាន​ភិក្ខុ​សង្ឃ​ចំនួន​១.២៥០​អង្គ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត​ខីណា​ស្រព​មក​ប្រេជុំ​គ្នា​ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​ឯវត្ត​វេឡុវ័ន​ ដែល​ការ​មក​ប្របជុំ​របស់​ព្រះ​អរហន្ត​ទាំង​អម្បាល​នោះ​អត់​បាន​កំណត់​ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់​តែ​មក​ប្រជុំ​គ្នា​ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​ឯង​ៗ​ ។ ការ​ប្រជុំ​បែបនេះ​ក្នុង​ពុទ្ធ​សម័យ​មាន​តែ​ម្តង​គត់​ដែល​ហៅ​ថា ចតុរង្គ​សន្និ​បាត​គឺ​ការ​ប្រជុំ​ប្រកប​ដោយ​អង្គ​បួន ហើយ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ឱវាទ​បាតិ​​មោក្ខ​ក្នុង​ទី​ប្រជុំ​នៃ​ភិក្ខុ​សង្ឃ​នោះ ។ ​ពួក​ពុទ្ធ​​មាមកជន​គ្រប់​ប្រទេស​កាល​រៀង​មក​បាន​កំណត់​យក​ថ្ងៃ​ពេញ​បូណ៌​មី​ខែ​មាឃ​រាល់​ឆ្នាំ​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ប្រារព្ធ​ពិធីនេះ ។

ហេតុ​​ដូ​ច្នេះ​ហើយ​បាន​​ជា​ពិធី​នេះ​ជា​ទី​និយម​​រាប់​អាន​របស់​អ្នក​ប្រាជ្ញា​ថាជា​មហា​មង្គល​អស្ចារ្យ​ និង​ជា​មហា​សិរី​សួស្តី​ដ៏​ប្រសើរ​ក្រៃ​លែង​កាលបើ​ដល់​ថ្ងៃ​ពេញ​បូណ៌​មី​ខែមាឃ​ដែល​ជា​ថ្ងៃ​ប្រកប​ដោយ​អភិល​ក្ខិតកាល ​សប្បុរស​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ក៏​មក​ប្រជុំ​គ្នា​ចាត់​ចែង​គ្រឿ​ង​សក្ការ​ៈដ៏​ផ្ចិត​ផ្ចង់​មាន​ទៀន​ ធូប កម្រង​ផ្កាជា​ដើម​យក​ទៅ​បូជា​ចំពោះ​ព្រះ​ពុទ្ធ​រូបក្នុង​​អារាម​ផ្សេងៗ​ ព្រម​ទាំង​បូ​ជា​ចំពោះ​​ព្រះ​ធម៌​ និង​ព្រះ​អរហន្ត​ទាំង​ឡាយ​ដែល​បរិនិព្វាន​ទៅ​ជា​យូរ​អង្វែង​ហើយ​ ។ ក្នុង​ថ្ងៃ​នោះ​ពុទ្ធ​បរិស័ទ​បាន​ប្រជុំ​គ្នា​ស្តាប់​​ព្រះ​សទ្ធម្ម​ទេសនា​ និង​បាន​ស្តាប់​ព្រះ​សង្ឃ​សូត្រ​ស្វាធ្យាយរៀប​រាប់​អំពី​គុណ​របស់​ព្រះ​ពុទ្ធ​ជា​អនេក​សម្រាប់​មនុស្ស​ទូ​ទៅ​ ។ ព្រោះ​ហេតុ​នោះ​ទើប​ពិធី​នេះ​ជាប់​ជា​បវេណី​ត​មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ៕