ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំគ្នា​មករក​​សមាគម​​អាដហុក​ឱ្យ​​ជួយស្វែងរក​កូនក្មួយ​ដែលទៅម៉ាឡេស៊ី និង​អាហ្វ្រិក​

14 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​អាណាព្យាបាល​​ជាម្តាយ​​​បង្កើត​​ ម្តាយ​មីង ​និង​បងស្រីចំនួន១០នាក់​កាលពី​ព្រឹក​ថ្ងៃទី៦​​ កុម្ភៈ ​បានធ្វើដំណើរ​​​​មក​កាន់​ការិយាល័យ​សិទ្ធិ​មនុស្ស​​អាដ​ហុក​​​ប្រចាំ​ខេត្តកំពង់​ឆ្នាំង ដើម្បី​​ឱ្យ​ជួយ​ដាក់ពាក្យបណ្តឹង​​ស្វែងរក​​​កូន​ក្មួយ​​ និងបងប្អូនជាពលករ​​ចេញទៅ​បម្រើ​​​ការ​ងារ​​នៅ​ក្រៅ​ប្រទេស​​ដែល​បាត់​ដំណឹង​​ឈឹង​​ខ្លះ​រយៈ​ពេល​​ជាង១ឆ្នាំ​​ និងខ្លះ​ជាង​២ឆ្នាំ​​​ ។

ប្រជាពលរដ្ឋ​ទាំង​នោះមកពី​ភូមិ​ប្រស្និប ​​ឃុំប្រស្និប ​ស្រុករលាប្អៀ ។ ​​បើតាម​ការ​បញ្ជាក់​​ពី​មន្ត្រី​សិទ្ធិ​មនុស្សអាដហុក​​ដែល​ក្រោយការ​សួរ​​បាន​ឱ្យ​ដឹង​ថា ពួក​គាត់ទាំង១០នាក់​នេះ មាន​២​នាក់​​ស្វែងរក​​កូនស្រី​​ចេញ​ទៅ​បម្រើ​ការ​ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​​​​តាមរយៈ​ក្រុមហ៊ុន T&P ​និង​​​​ក្រៅពី​នេះ​ស្វែង​រក​កូនប្រុស​ដែល​​ចេញ​ទៅ​​បម្រើ​ការងារនៅប្រទេស​អាហ្វ្រិក ។

ស្ត្រីឈ្មោះព្រុំ ​​ថេង អាយុ​៥២ឆ្នាំ ​បាន​និយាយ​​ថា ​​កូនស្រីគាត់ឈ្មោះយាន ​គន្ធី ​​អាយុ​​៣២​ឆ្នាំ ​បាន​ឡើង​​យន្ត​ហោះ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​​​​នៅថ្ងៃទី២៦ ​មីនា ឆ្នាំ២០១០ ពេល​ចេញ​​ទៅបាន​កន្លះ​ខែ ធ្លាប់បានទូរស័ព្ទ​​មកផ្ទះម្តង​ដែរ ​តែ​ចាប់ពី​ពេលនោះ​មក គឺ​បាត់ដំណឹង​​ឈឹង​តែ​ម្តង។ ​​​ចំណែក​ស្ត្រី​ឈ្មោះសួន អាង អាយុ​៥០ឆ្នាំ ​​បាន​និយាយថា ​​កូនស្រីឈ្មោះ​មេន ​សៀង​ហេង ​​​អាយុ​២៧ឆ្នាំ ​បាន​​ឡើង​​យន្តហោះ​ចេញ​ទៅ​បម្រើ​ការងា​រនៅប្រទេស​​​ម៉ាឡេស៊ី​​នៅថ្ងៃទី២ ​​កុម្ភៈ ឆ្នាំ២០១០ ​ប៉ុន្តែ​ចាប់តាំងពីពេល​​ចេញ​ទៅ​​​រហូតមកដល់ថ្ងៃនេះ ​​គឺបាត់ដំណឹងឈឹងតែ​ម្តង ។ ពួកគាត់​ទាំងពីរប្រាប់ថា ​កូនគាត់ត្រូវ​បាន​ក្រុម​ហ៊ុន T&P ជាអ្នកជ្រើសរើស​​​យក​ទៅប្រទេស​ម៉ា​ឡេស៊ី​​ ។

ដោយឡែក​​អាណា​ព្យាបាល​​៨​នាក់​ទៀត​សុទ្ធ​តែ​​​អះអាងថា ​កូនប្រុស​គាត់ចេញ​ទៅ​បម្រើការ​ងារ​នៅ​ក្រៅប្រទេស​​​​តាមរយៈ​ក្រុមហ៊ុន​ដាយអិន​អូសិន ​ដែល​កាល​​ជ្រើសរើស​​ប្រាប់ថា ទៅបម្រើ​ការ​ងារ​នៅ​ប្រទេសជប៉ុន​ ប៉ុន្តែ​​​ក្រោយមកពួក​គាត់​​ទទួល​បានដំណឹងថា ​​គឺ​​ទៅធ្វើការនៅ​ប្រទេស​​អាហ្វ្រិក​​​ខាងត្បូង ​​ជា​អ្នកនេសាទ​​សមុទ្រ។

បើ​តាម​ការ​អះអាង​របស់ស្ត្រី​​ឈ្មោះជួប ចាន់ ​​អាយុ​​​៤៣​ឆ្នាំ ​ដែលដឹកនាំ​ប្រជាពលរដ្ឋ​​ទាំង​នោះ​​មកឱ្យ​សិទ្ធិ​មនុស្ស​​​​ជួយស្វែងរក​​កូនចៅ​​បាន​និយាយ​ថា កូនប្រុសគាត់​​ពីរ​នាក់​ម្នាក់ឈ្មោះគីម វ៉ាន់ អាយុ​២៤​ឆ្នាំ ​និងម្នាក់​ទៀត​ឈ្មោះ​គីម វី ​អាយុ​​១៩​ឆ្នាំ ​​ក៏ធ្លាប់ទៅធ្វើការ​នៅប្រទេស​អាហ្វ្រិក​​​​ដែរ ​​គឺទៅជាមួយ​កូនៗ​បងប្អូន​ដែលគាត់​នាំមក​នេះ ។ ប៉ុ​ន្តែ​ដោយ​សារ​កូនប្រុស​​​គាត់តវ៉ា​​ និងប្តឹង​ដល់ស្ថានទូត ទើប​​ពេលនេះ​កូនៗ​​​​​ទាំងពីរ​នាក់​​របស់គាត់​បានត្រឡប់​​មកវិញ​អស់ហើយ ​​​​។ ​​ស្ត្រី​រូបនោះ​បានស្រង់សម្តី​​​​​​កូនប្រុស​ទាំង​​ពីរ​​របស់​គាត់​ដែលទើបបានត្រឡប់មក​វិញ​និយាយ​ថា ​​​មុន​ដំបូង​​​ស្មានថា ​ទៅធ្វើការ​នៅ​​ប្រទេសជប៉ុន​​ដូច​កាល​រើសមែន ​ប៉ុន្តែ​ពេល​​​​ទៅ​ដល់​ទើប​បាន​ដឹង​ថា ​គឺជា​ប្រទេសអាហ្វ្រិក​ខាង​ត្បូង ។​​ ពួកគេ​ត្រូវ​បានឱ្យ​ទៅបម្រើ​ការ​ងារ​លើ​កប៉ាល់​​​នេសាទ ​លើដែនសមុទ្រ​​អាត្លង់ទិក​​​​ដោយ​នេសាទត្រី​ឆ្លាម​យកព្រុយ​​ និងនេសាទត្រី​តាប៉ូ ​ដែលត្រីនីមួយៗ​​មានទម្ងន់៤​​​ ទៅ៥​​គីឡូក្រាម។​ នៅ​លើ​​កប៉ាល់​​១ថ្ងៃបាន​ដេកតែ​៣ ​ឬ៤​ម៉ោង​​ប៉ុណ្ណោះ​ ក្រៅពី​នេះធ្វើការ​រហូត​​ ហើយ៣ ទៅ​​​៤​​ខែ ទើប​កប៉ាល់​បានចូល​គោក​ម្តង ។​ ដោយ​សារ​លំបាកវេទនា​ពេក ពួកគេក៏​បានលួចទូរស័ព្ទ​​មកផ្ទះ​​ ដើម្បី​​​ឱ្យ​ម្តាយ​ជួយ​​​រក​​ការ​​អន្តរាគមន៍​នាំពួកគេ​ត្រឡប់​​មក​វិញ ។

ស្ត្រីឈ្មោះ​ជួប​ ពៅ អាយុ​៤០ឆ្នាំ​​​ បាន​និយាយ​​​​ថា ​កូនប្រុស​គាត់​ឈ្មោះ​ភន ​ស៊ីណា ​អាយុ​២១ឆ្នាំ បានឡើង​​យន្តហោះ​ចេញទៅ​​​​​ធ្វើ​ការ​នៅប្រទេស​​​អាហ្វ្រិក​កាលពីថ្ងៃទី៣០ ​​ឧសភា ​​ឆ្នាំ២០១១​ គឺទៅ​​ជាមួយកូនៗ​​ស្ត្រីឈ្មោះជួប ​ចាន់ ដែរ ​ប៉ុន្តែ​ដោយ​ឮថា ​​​ពេលនេះ​កំពុង​​ជួបការ​លំបាក គឺ​ធ្វើ​​ការ​លើ​កប៉ាល់នេសាទនោះ​ទើប​ពួក​គាត់​បានពឹង​​ស្ត្រី​ឈ្មោះជួប ចាន់ ឱ្យ​​ជូនមក​​ការិ​យាល័យ​សិទ្ធិមនុស្ស​​ឱ្យជួយ​​​​ ព្រោះ​​គាត់ធ្លាប់​​ជួយ​កូនគាត់បានវិលត្រឡប់​​មកវិញ​។

លោកសំ ចាន់គា ប្រធាន​​​​​​ការិយាល័យ​សិទ្ធិ​មនុស្ស​​​​អាដហុក​ប្រចាំខេត្ត​​កំពង់ឆ្នាំង បាន​​មាន​ប្រសាសន៍​ថា ​ក្រោយពី​យើងទទួល​ពាក្យ​បណ្តឹង​​​របស់ពួកគាត់​​ហើយ ខាង​លោក​នឹងបន្ត​​កសាង​​​សំណុំ​រឿង​យោង​​តាម​ពាក្យបណ្តឹង​ទាំងនោះទៅ​ក្រសួង​​មហា​ផ្ទៃ​​ និងនាយកដ្ឋាន​ប្រឆាំង​ការជួញ​ដូរ​​​​​​មនុស្ស ​ហើយ​គេ​នឹង​សហការជាមួយក្រសួង​​ការងារធ្វើ​ការ​ស្វែងរក​​ពលករ​ទាំងនោះ​​ជាពុំខាន ប៉ុន្តែ​​​មិន​ដឹង​ថា តើពួកគាត់គ្រាន់តែ​ស្វែងរក​ឱ្យ​ឃើញ​​​ និងបាន​ដំណឹង​ ឬក៏ត្រូវ​តែយកពលករ​ទាំង​នោះ​មកវិញ ឬ​យ៉ាងណា​ ៕